បងប្អូនកសិករជាច្រើនតែងយល់ថា ឱ្យតែដាក់ជីកាន់តែច្រើន ដីកាន់តែមានជីជាតិ។ ប៉ុន្តែការពិតមិនមែនដូច្នោះទាំងស្រុងឡើយ។ ជីកសិកម្មអាចជាឱសថជួយដីឱ្យផ្ដល់ផលច្រើន ប៉ុន្តែក៏អាចជាថ្នាំពុលបំផ្លាញដីវិញដែរ ប្រសិនបើប្រើខុសបច្ចេកទេស។

១. តើអ្វីទៅជាជីជាតិដី?
ជីជាតិដីគឺជាសមត្ថភាពរបស់ដីក្នុងការផ្ដល់នូវអាហារ (សារធាតុចិញ្ចឹម) ទឹក និងខ្យល់ គ្រប់គ្រាន់ដល់ដំណាំ។ ដីដែលមានជីជាតិល្អ នឹងជួយឱ្យ៖
- ឫសដំណាំដុះបានរឹងមាំ និងជ្រៅ។
- ទិន្នផលដំណាំកើនឡើងខ្ពស់។
- ដីមានសកម្មភាពមីក្រូសារពាង្គកាយ (មេរោគល្អៗ) ច្រើន។
- រចនាសម្ព័ន្ធដីធូរ មិនហាប់ណែន។
២. តួនាទីមាសរបស់ N-P-K ចំពោះដំណាំ
ក្នុងបាវជីនីមួយៗ តែងមានធាតុចម្បងបីដែលបងប្អូនត្រូវស្គាល់មុខងារវាឱ្យច្បាស់៖
- N (អាសូត)៖ ជំនួយស្លឹក និងការលូតលាស់ផ្នែកបៃតង។ បើចង់ឱ្យស្លឹកធំ ដើមលូតលាស់លឿន គឺត្រូវការអាសូត។
- P (ផូស្វ័រ)៖ ពង្រឹងឫស ជួយដល់ការលូតលាស់ដំបូង និងជំរុញការចេញផ្កា។
- K (ប៉ូតាស្យូម)៖ បង្កើនភាពរឹងមាំនៃដើម ការពារជំងឺ និងជួយឱ្យផ្លែមានគុណភាពល្អ (ផ្អែម និងធំ)។
៣. ជីគីមី និង ជីសរីរាង្គ៖ តើមួយណាប្រសើរជាង?
លក្ខណៈខុសគ្នានៃជីទាំងពីរប្រភេទ៖
- ជីគីមី៖ ផ្ដល់អាហារដល់ដំណាំបានលឿន និងមានកំហាប់ខ្ពស់ (ដូចអាហាររហ័ស) ប៉ុន្តែបើប្រើលើសកម្រិត វានឹងធ្វើឱ្យដីឆាប់ខូចគុណភាព។
- ជីសរីរាង្គ៖ ដូចជាជីកំប៉ុស្ត ឬជីលាមកសត្វ។ វាបញ្ចេញជីជាតិយឺតជាង ប៉ុន្តែវាជួយកែលម្អរចនាសម្ព័ន្ធដី រក្សាសំណើម និងបង្កើនមមោកក្នុងដី ដែលធ្វើឱ្យដីមានជីជាតិយូរអង្វែង។
៤. គ្រោះថ្នាក់នៃការប្រើប្រាស់ជីលើសកម្រិត
ការបាចជីច្រើនហួសហេតុ មិនត្រឹមតែខាតបង់ថវិកាទេ ប៉ុន្តែវានឹងបង្កបញ្ហាធ្ងន់ធ្ងរដល់ដីដូចជា៖
- ធ្វើឱ្យដីជូរ៖ ដំណាំពិបាកលូតលាស់។
- ដីឡើងប្រៃ៖ សម្លាប់ឫសដំណាំ។
- កាត់បន្ថយមេរោគល្អៗក្នុងដី៖ ធ្វើឱ្យដីក្លាយជាដីងាប់។
- ការបាត់បង់សារធាតុសរីរាង្គ៖ ដីកាន់តែរឹង និងហាប់។

៥. គោលការណ៍៤យ៉ាងដើម្បីជោគជ័យ
ដើម្បីឱ្យការប្រើប្រាស់ជីទទួលបានផលចំណេញខ្ពស់បំផុត អ្នកជំនាញកសិកម្ម និងស្ថាប័ន FAO ណែនាំឱ្យអនុវត្តតាមគោលការណ៍ ៤៖
- ត្រូវប្រភព៖ ជ្រើសរើសប្រភេទជីឱ្យត្រូវនឹងតម្រូវការដី និងដំណាំ។
- ត្រូវកម្រិត៖ ប្រើក្នុងបរិមាណសមស្រប (មិនតិចពេក មិនច្រើនពេក)។
- ត្រូវពេលវេលា៖ ដាក់ជីនៅពេលដែលដំណាំត្រូវការបំផុត។
- ត្រូវកន្លែង៖ ដាក់ឱ្យចំគោលដៅ (ក្បែរឫស) ដើម្បីកុំឱ្យហួត ឬហូរច្រោះបាត់បង់។
ការគ្រប់គ្រងសារធាតុចិញ្ចឹមចម្រុះដោយការរួមបញ្ចូលគ្នារវាង ជីគីមី និង ជីសរីរាង្គ គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុត ដើម្បីធានាបាននូវទិន្នផលខ្ពស់ផង និងរក្សាសុខភាពដីឱ្យបានរាប់រយឆ្នាំតទៅមុខទៀតផង។ ជីគឺជាជំនួយការដ៏ល្អ ប៉ុន្តែសុខភាពដីគឺជាម្ចាស់ផ្ទះ។ ចូរចងចាំថា ដីមានសុខភាពល្អធ្វើឲ្យដំណាំរឹងមាំទទួលបាមទិន្នផលខ្ពស់ និងមាននិរន្តរភាព៕
ដោយ៖ ចាន់ តារា
ប្រភព៖ Seed IQ /Fertilizer.org
