ជីកសិកម្មជា​អាវុធមុខ​ពីរ​ប្រើ​ត្រូវចំណេញ​ប្រើខុសខាតនិងខូចដី

បងប្អូនកសិករជាច្រើនតែងយល់ថា ឱ្យតែដាក់ជីកាន់តែច្រើន ដីកាន់តែមានជីជាតិ។ ប៉ុន្តែការពិតមិនមែនដូច្នោះទាំងស្រុងឡើយ។ ជីកសិកម្មអាចជាឱសថ​ជួយដីឱ្យផ្ដល់ផលច្រើន ប៉ុន្តែក៏អាចជាថ្នាំពុលបំផ្លាញដីវិញដែរ ប្រសិនបើប្រើខុសបច្ចេកទេស។

១. តើអ្វីទៅជាជីជាតិដី?

ជីជាតិដីគឺជាសមត្ថភាពរបស់ដីក្នុងការផ្ដល់នូវអាហារ (សារធាតុចិញ្ចឹម) ទឹក និងខ្យល់ គ្រប់គ្រាន់ដល់ដំណាំ។ ដីដែលមានជីជាតិល្អ នឹងជួយឱ្យ៖

  • ឫសដំណាំ​ដុះបានរឹងមាំ និងជ្រៅ។
  • ទិន្នផលដំណាំកើនឡើងខ្ពស់។
  • ដីមានសកម្មភាពមីក្រូសារពាង្គកាយ (មេរោគល្អៗ) ច្រើន។
  • រចនាសម្ព័ន្ធដីធូរ មិនហាប់ណែន។

២. តួនាទីមាសរបស់ N-P-K ចំពោះដំណាំ

ក្នុងបាវជីនីមួយៗ តែងមានធាតុចម្បងបីដែលបងប្អូនត្រូវស្គាល់មុខងារវាឱ្យច្បាស់៖

  • N (អាសូត)៖ ជំនួយស្លឹក និងការលូតលាស់ផ្នែកបៃតង។ បើចង់ឱ្យស្លឹកធំ ដើមលូតលាស់លឿន គឺត្រូវការអាសូត។
  • P (ផូស្វ័រ)៖ ពង្រឹងឫស ជួយដល់ការលូតលាស់ដំបូង និងជំរុញ​ការចេញផ្កា។
  • K (ប៉ូតាស្យូម)៖ បង្កើនភាពរឹងមាំនៃដើម ការពារជំងឺ និងជួយឱ្យផ្លែមានគុណភាពល្អ (ផ្អែម និងធំ)។

៣. ជីគីមី និង ជីសរីរាង្គ៖ តើមួយណាប្រសើរជាង?

លក្ខណៈខុសគ្នានៃជីទាំងពីរប្រភេទ៖

  • ជីគីមី៖ ផ្ដល់អាហារដល់ដំណាំបានលឿន និងមានកំហាប់ខ្ពស់ (ដូចអាហាររហ័ស) ប៉ុន្តែបើប្រើលើសកម្រិត វានឹងធ្វើឱ្យដីឆាប់ខូចគុណភាព។
  • ជីសរីរាង្គ៖ ដូចជាជីកំប៉ុស្ត ឬជីលាមកសត្វ។ វាបញ្ចេញជីជាតិយឺតជាង ប៉ុន្តែវាជួយកែលម្អរចនាសម្ព័ន្ធដី រក្សាសំណើម និងបង្កើនមមោកក្នុងដី ដែលធ្វើឱ្យដីមានជីជាតិយូរអង្វែង។

៤. គ្រោះថ្នាក់នៃការប្រើប្រាស់ជីលើសកម្រិត

ការបាចជីច្រើនហួសហេតុ មិនត្រឹមតែខាតបង់ថវិកាទេ ប៉ុន្តែវានឹងបង្កបញ្ហាធ្ងន់ធ្ងរដល់ដីដូចជា៖

  • ធ្វើឱ្យដីជូរ៖ ដំណាំពិបាកលូតលាស់។
  • ដីឡើងប្រៃ៖ សម្លាប់ឫសដំណាំ។
  • កាត់បន្ថយមេរោគល្អៗក្នុងដី៖ ធ្វើឱ្យដីក្លាយជាដីងាប់។
  • ការបាត់បង់សារធាតុសរីរាង្គ៖ ដីកាន់តែរឹង និងហាប់។

៥. គោលការណ៍​៤​យ៉ាងដើម្បីជោគជ័យ

ដើម្បីឱ្យការប្រើប្រាស់ជីទទួលបានផលចំណេញខ្ពស់បំផុត អ្នកជំនាញកសិកម្ម និងស្ថាប័ន FAO ណែនាំឱ្យអនុវត្តតាមគោលការណ៍ ៤៖

  • ត្រូវប្រភព៖ ជ្រើសរើសប្រភេទជីឱ្យត្រូវនឹងតម្រូវការដី និងដំណាំ។
  • ត្រូវកម្រិត៖ ប្រើក្នុងបរិមាណសមស្រប (មិនតិចពេក មិនច្រើនពេក)។
  • ត្រូវពេលវេលា៖ ដាក់ជីនៅពេលដែលដំណាំត្រូវការបំផុត។
  • ត្រូវកន្លែង៖ ដាក់ឱ្យចំគោលដៅ (ក្បែរឫស) ដើម្បីកុំឱ្យហួត ឬហូរច្រោះបាត់បង់។

ការគ្រប់គ្រងសារធាតុចិញ្ចឹមចម្រុះ​ដោយការរួមបញ្ចូលគ្នារវាង ជីគីមី និង ជីសរីរាង្គ គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុត ដើម្បីធានាបាននូវទិន្នផលខ្ពស់ផង និងរក្សាសុខភាពដីឱ្យបានរាប់រយឆ្នាំតទៅមុខទៀតផង។ ជីគឺជាជំនួយការដ៏ល្អ ប៉ុន្តែសុខភាពដីគឺជាម្ចាស់ផ្ទះ។ ចូរចងចាំថា ដីមានសុខភាពល្អ​ធ្វើ​ឲ្យ​ដំណាំរឹងមាំ​ទទួល​បាម​ទិន្នផលខ្ពស់ និងមាន​និរន្តរភាព៕

ដោយ៖ ចាន់ តារា
ប្រភព៖ Seed IQ /Fertilizer.org