ស្លឹកដំណាំប្រៀបដូចជាផ្ទៃមុខរបស់មនុស្សយើងអញ្ចឹងដែរ នៅពេលដំណាំខ្វះជីវជាតិ ឬមានបញ្ហាសុខភាព វានឹងបង្ហាញសញ្ញាព្រមានមកលើស្លឹកភ្លាមៗ។ ដើម្បីកុំឱ្យខាតបង់ថវិកាដាក់ជីខុសគោលដៅ បងប្អូនកសិករអាចចំណាំសញ្ញាសំខាន់ៗទាំង ៦ នេះ ដើម្បីដឹងថាដំណាំកំពុង ត្រូវការសារធាតុចិញ្ចឹមអ្វីឱ្យប្រាកដ។

១. កង្វះអាសូត
- សញ្ញាសម្គាល់៖ ស្លឹកចាស់ៗដែលនៅផ្នែកខាងក្រោមបង្អស់ នឹងប្រែជាពណ៌បៃតងស្លេក រួចឡើងលឿងមុនគេ ព្រោះជាតិអាសូតអាចចល័តពីស្លឹកចាស់ទៅចិញ្ចឹមស្លឹកខ្ចីបាន។ ដើមដងលូតលាស់យឺត និងទន់ខ្សោយ។
- មូលហេតុ៖ ដីខ្សត់សារធាតុសរីរាង្គ ឬដីខ្សាច់ ដែលងាយហូរច្រោះជាតិជីនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
- វិធីកែខៃ៖ បន្ថែមជីអាសូត ដូចជាជីអ៊ុយរ៉េ (Urea) ជីអាម៉ូញ៉ូមស៊ុលហ្វាត ឬបាចជីកំប៉ុស្តបន្ថែម និងគ្រប់គ្រងការស្រោចស្រពទឹកឱ្យមានតុល្យភាព។
២. កង្វះផូស្វ័រ
- សញ្ញាសម្គាល់៖ ស្លឹកដំណាំចាប់ផ្ដើមឡើងពណ៌ស្វាយ ពណ៌ក្រហមព្រាលៗ ឬពណ៌សំរិទ្ធ។ ដំណាំក្រិន រឹង និងប្រព័ន្ធឫសដុះខ្សោយខ្លាំង។ សញ្ញានេះងាយកើតលើកូនដំណាំតូចៗ។
- មូលហេតុ៖ ជាតិផូស្វ័រក្នុងដីទាប អាកាសធាតុ ឬដីត្រជាក់ពេក និងដីមានកម្រិត pH ទាប (ដីជូរខ្លាំង)។
- វិធីកែខៃ៖ ដាក់ជីដែលមានផូស្វ័រខ្ពស់ ដូចជាជីដេអាពេ (DAP) ត្រូវកែច្នៃរក្សាកម្រិត pH ដីឱ្យនៅចន្លោះ ៦ ដល់ ៧។
៣. កង្វះប៉ូតាស្យូម
- សញ្ញាសម្គាល់៖ គែមស្លឹកចាប់ផ្ដើមឡើងក្រៀម ខ្លោច ឬឡើងពណ៌ត្នោត ដូចត្រូវភ្លើងឆេះ ចំណែកឯកណ្ដាលស្លឹកនៅបៃតង។ ដើមដំណាំទន់ខ្សោយ ហើយផ្លែមិនសូវមានគុណភាព។ សញ្ញានេះច្រើនកើតលើស្លឹកចាស់មុនគេ។
- មូលហេតុ៖ ដីខ្សាច់ ឬដីដែលឆ្លងកាត់ការដាំដុះប្រមូលផលច្រើនដងពេក ដោយមិនបានបំពេញជាតិជីឡើងវិញ។
- វិធីកែខៃ៖ ប្រើប្រាស់ជីប៉ូតាស្យូម បន្ថែមតាមកម្រិតចាំបាច់។
៤. កង្វះជាតិដែក
- សញ្ញាសម្គាល់៖ កើតឡើងលើស្លឹកខ្ចីៗ ដោយស្លឹកឡើងពណ៌លឿងស្លេក ប៉ុន្តែសរសៃស្លឹកនៅតែរក្សាពណ៌បៃតងដដែល។ បើខ្វះខ្លាំង ស្លឹកអាចឡើងពណ៌សស្កុសតែម្ដង។
- មូលហេតុ៖ ដីមានកម្រិត pH ខ្ពស់ពេក (ដីកំបោរ/ដីអាល់កាឡាំង) ឬដីជាំទឹកខ្លាំងខ្វះខ្យល់ចេញចូល។
- វិធីកែខៃ៖ ប្រើប្រាស់ជីបាញ់បំពេញជាតិដែក រួមទាំងកែលម្អប្រព័ន្ធរំដោះទឹកចេញពីចម្ការ។

៥. កង្វះស្ពាន់ធ័រ
- សញ្ញាសម្គាល់៖ ស្លឹកខ្ចីៗនៅផ្នែកខាងលើ ប្រែជាពណ៌លឿងស្លេកទាំងស្លឹកតែម្ដង (ខុសពីខ្វះជាតិដែកត្រង់ថា ខ្វះស្ពាន់ធ័រគឺលឿងទាំងសរសៃស្លឹក)។ ដើមដងមើលទៅស្ដើង រៀវ និងទន់ខ្សោយ។
- មូលហេតុ៖ ដីខ្សត់សារធាតុសរីរាង្គ ដីខ្សាច់ ឬដីដែលដាំដំណាំបន្តបន្ទាប់គ្នាឥតឈប់ឈរ។
- វិធីកែខៃ៖ ដាក់ជីជីអាម៉ូញ៉ូមស៊ុលហ្វាត ឬម្សៅស្ពាន់ធ័រ។
៦. កង្វះកាល់ស្យូម
- សញ្ញាសម្គាល់៖ ស្លឹកខ្ចីៗដុះមកមានសភាពខូចទ្រង់ទ្រាយ ក្រញង់ វៀច ឬរួញចុង។ ជួនកាលមានសញ្ញាខ្លោចចុងស្លឹក ឬកំប៉ូតគូទផ្លែរលួយ (Blossom-end rot) ដូចជាកើតមានលើផ្លែប៉េងប៉ោះ ឬម្ទេសជាដើម។
- មូលហេតុ៖ ការស្រោចទឹកមិនទៀងទាត់ (ដីស្ងួតខ្លាំង រួចសើមខ្លាំង) ដីជូរខ្លាំង ឬចរន្តបឺតស្រូបកាល់ស្យូមរបស់រុក្ខជាតិខ្សោយ។
- វិធីកែខៃ៖ បន្ថែមកំបោរកសិកម្ម ឬកាល់ស្យូមនីត្រាត និងត្រូវរក្សាសំណើមដីឱ្យបានទៀងទាត់ជានិច្ច។
គោលការណ៍ណែនាំល្អៗសម្រាប់សុខភាពដំណាំ
- កុំទាន់សន្និដ្ឋានទាំងស្រុង៖ សញ្ញាលើស្លឹកជួនកាលអាចមានសភាពស្រដៀងគ្នានឹងការបំផ្លាញដោយសត្វល្អិតចង្រៃ ជំងឺផ្សិត ឬសម្ពាធអាកាសធាតុ (ក្ដៅខ្លាំង ឬជាំទឹក)។
- វាស់ដីមុនដាក់ជី៖ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ បងប្អូនគួរវាស់កម្រិត pH ដី និងពិនិត្យសារធាតុចិញ្ចឹមក្នុងដីសិន មុននឹងសម្រេចចិត្តទិញជីមកបាច។ អ្វីដែលសំខាន់កុំទាន់ដាក់ជីឬបាញ់ថ្នាំស្មានៗ គួរប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំ ដើម្បីបានការវាយតម្លៃច្បាស់លាស់។
ដោយ៖ ចាន់ តារា
ប្រភព៖ RHS / Agriculture Institute
