បងប្អូនកសិករជាច្រើនតែងតែមានចម្ងល់ថាហេតុអ្វីដាក់ជីច្រើនហើយ តែដំណាំនៅតែមិនសូវលូតលាស់ ឬទទួលបានទិន្នផលតិច?។ ការពិតទៅ បញ្ហាមិនមែនស្ថិតនៅលើគុណភាពជីទេ ប៉ុន្តែវាស្ថិតនៅលើសមត្ថភាពនៃដី និងបរិស្ថាន ដែលមិនអំណោយផលដល់ការស្រូបយកជីវជាតិរបស់ដំណាំ។ ខាងក្រោមនេះគឺជាមូលហេតុចម្បងទាំង ៤ ដែលធ្វើឱ្យដំណាំបងប្អូនមិនអាចស្រូបជីជាតិបានល្អ។

១. កម្រិត pH ដីមិនមានតុល្យភាព
កម្រិត pH ដី ដើរតួដូចជាសោរដែលចាក់សោរ ឬបើកសារធាតុចិញ្ចឹមក្នុងដីរបស់បងប្អូន។
- បញ្ហា៖ ដីដែលជូរខ្លាំង (Acidic) ឬអាល់កាឡាំង/បាសខ្លាំង (Alkaline) នឹងបង្ខាំងជីវជាតិមិនឱ្យរលាយចូលក្នុងទឹក។ ទោះបងប្អូនដាក់ជីប៉ុន្មានក៏ដោយ ក៏ឫសដំណាំមិនអាចយកទៅប្រើបានដែរ។
- ដំណោះស្រាយ៖ ដំណាំភាគច្រើនលូតលាស់បានល្អបំផុតក្នុងកម្រិត pH ចន្លោះពី ៦ទៅ៧។
២. បញ្ហាសំណើមដី
ទឹកគឺជាមធ្យោបាយដឹកជញ្ជូនជីវជាតិពីដីទៅកាន់ឫស ហេតុនេះហើយបានជាសំណើមដីមានសារសំខាន់។
- ដីស្ងួតពេក៖ ឫសមិនអាចស្រូបយកសារធាតុចិញ្ចឹមបានទេ ដំណាំចាប់ផ្ដើមស្រពោន និងឈប់លូតលាស់។
- ដីជាំទឹកពេក៖ ការជាំទឹកធ្វើឱ្យដីខ្វះអុកស៊ីសែន ឫសដំណាំចាប់ផ្ដើមរលួយ និងបាត់បង់សមត្ថភាពស្រូបយកជី។
៣. សីតុណ្ហភាពដី
សកម្មភាពរបស់ឫសគឺពឹងផ្អែកខ្លាំងទៅលើសីតុណ្ហភាព។
- ត្រជាក់ពេក៖ ការលូតលាស់របស់ឫសនឹងយឺតយ៉ាវ។
- ក្ដៅពេក៖ វាបង្កភាពតានតឹងដល់ដំណាំ និងធ្វើឱ្យប្រព័ន្ធឫសខូចខាត។ ការរក្សាសីតុណ្ហភាពដីឱ្យមានតុល្យភាព គឺជួយឱ្យឫសស្រូបជីវជាតិបានយ៉ាងស្ទាត់ជំនាញ។

៤. ដីហាប់រឹង
ដីដែលរឹងខ្លាំង មិនមានចន្លោះទំនេរសម្រាប់ឱ្យឫសដុះលូតលាស់នោះទេ។
- ផលប៉ះពាល់៖ ខ្វះអុកស៊ីហ្សែន ទឹកជ្រាបមិនចូល និងឫសមិនអាចចាក់ចូលជ្រៅបាន។ ដីដែលផុសល្អ ទើបអនុញ្ញាតឱ្យឫសរាលដាលបានធំទូលាយ។
ដើម្បីធានាបាននូវទិន្នផលខ្ពស់ ស្ថាប័នកសិកម្មល្បីៗបានផ្តល់អនុសាសន៍ថា៖
- សាកលវិទ្យាល័យ Cornell (Cornell University)៖ បានសង្កត់ធ្ងន់ថារចនាសម្ព័ន្ធដីគឺជាកត្តាគន្លឹះ។ ដីដែលមានសារធាតុសរីរាង្គខ្ពស់ជួយឱ្យដីមានភាពផុសល្អ ដែលជួយកាត់បន្ថយការហាប់រឹង និងធ្វើឱ្យការចាក់ឫសមានប្រសិទ្ធភាពជាងដីធម្មតាដល់ទៅ ២ ដង។
- អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)៖ បានបញ្ជាក់ក្នុងគោលការណ៍កសិកម្មអភិរក្សថាការគ្រប់គ្រង pH ដីឱ្យបានត្រឹមត្រូវ រួមផ្សំជាមួយនឹងការរក្សាសំណើមដីតាមរយៈការគ្របដី គឺជាវិធីសាស្ត្រកាត់បន្ថយការខាតបង់ជីជាតិដ៏មានប្រសិទ្ធភាពបំផុត ដែលជួយកសិករសន្សំការចំណាយ និងបង្កើនប្រាក់ចំណេញ។
ការធ្វើកសិកម្មមិនមែនត្រឹមតែបាចជីនោះទេ តែវាគឺជាការថែរក្សាសុខភាពដី។
- ត្រូវពិនិត្យកម្រិត pH ដីឱ្យបានទៀងទាត់។
- គ្រប់គ្រងទឹកឱ្យបានសមស្រប (មិនស្ងួតពេក មិនជាំទឹកពេក)។
- បន្ថែមជីកំប៉ុស្ត ឬសារធាតុសរីរាង្គ ដើម្បីឱ្យដីមានភាពរលុងល្អ។
បងប្អូនកសិករដែលយកចិត្តទុកដាក់លើឫសដំណាំនឹងទទួលបានទិន្នផលដែលលើសពីការរំពឹងទុក៕
ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Cornell University / Gulab orchard shilaroo
