ហេតុអ្វី​បាន​ជា​ផ្លែ​ឈើ​ប្រេះ​? មូលហេតុ​និង​ដំណោះស្រាយ​​កសិករ​​គួរ​ដឹង

បងប្អូនកសិករធ្លាប់ជួបបញ្ហាផ្លែឈើប្រេះស្បែកមុនពេលប្រមូលផលដែរឬទេ? បញ្ហានេះមិនត្រឹមតែធ្វើឱ្យផ្លែឈើបាត់បង់គុណភាព និងសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកសិករខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរផងដែរ។

មូលហេតុ​សំខាន់ៗ​

  • ការស្រូបទឹកភ្លាមៗ៖ ការស្រោចទឹកច្រើនពេក ឬភ្លៀងធ្លាក់ខ្លាំងភ្លាមៗ បន្ទាប់ពីរ​រាំង​ស្ងួតយូរ​ ធ្វើឱ្យផ្លែឈើស្តុកទឹកលឿនពេក បង្កើតសម្ពាធពីខាងក្នុងរហូតដល់ប្រេះ។
  • ការប្រែប្រួលសីតុណ្ហភាព៖ ការប្រែប្រួលខ្លាំងរវាងសីតុណ្ហភាពពេលថ្ងៃ និងពេលយប់ធ្វើឱ្យស្បែកផ្លែឈើបាត់បង់ភាពយឺត និងងាយនឹងប្រេះ។
  • ការស្រោចទឹកមិនទៀងទាត់៖ ការផ្លាស់ប្តូរស្ថានភាពពីស្ងួតទៅសើមមិនទៀងទាត់ ធ្វើឱ្យផ្លែឈើលូតលាស់មិនស្មើគ្នា និងបង្កើនហានិភ័យនៃការប្រេះ។
  • កង្វះតុល្យភាពជីជាតិ៖ ការប្រើប្រាស់ជីអាសូតច្រើនពេក ប៉ុន្តែខ្វះជាតិកាល់ស្យូម (Calcium) បូរ៉ុន (Boron) ឬប៉ូតាស្យូម​ នឹងធ្វើឱ្យសម្បកផ្លែឈើមិនរឹងមាំ និងបាត់បង់ភាពយឺត។
  • កម្ដៅថ្ងៃខ្លាំងពេក៖ ការត្រូវកម្ដៅថ្ងៃខ្លាំងពេកធ្វើឱ្យសម្បក​ផ្លែឈើចុះខ្សោយ និងកើនឡើងនូវការបាត់បង់ទឹកតាមរយៈការបញ្ចេញចំហាយ ដែលនាំឱ្យមានស្នាមប្រេះ។
  • លក្ខណៈពូជ៖ ពូជដែលមានសំបកស្តើង ឬមានស្រទាប់ការពារស្តើង ងាយនឹងប្រេះជាងពូជដទៃ។

ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច

ការប្រេះផ្លែឈើអាចបង្កជាការខាតបង់ធ្ងន់ធ្ងរ។ កសិករអាចបាត់បង់ទិន្នផលពី ២០% ទៅ ៤០% នៅក្នុងចម្ការដែលរងផលប៉ះពាល់ខ្លាំង។ ទន្ទឹម​នឹង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​តម្លៃទីផ្សារធ្លាក់ចុះពី ១០% ទៅ ៣០% ដោយសារផ្លែឈើបាត់បង់រូបរាងស្អាត។ លើស​ពី​នេះ​ក៏​អាចមានការខាតបង់ក្រោយប្រមូលផលដែល​អាចកើនឡើងពី ៣០% ទៅ ៥០% ចំពោះផ្លែឈើដែលមានស្នាមប្រេះ។

វិធីសាស្ត្រការពារ

ដើម្បីជៀសផុតពីបញ្ហានេះ កសិករគួរអនុវត្តដូចជា៖

  • ស្រោចស្រពទឹកឱ្យបានទៀងទាត់ និងស្មើៗគ្នា ហើយចៀសវាងការស្រោចទឹកភ្លាមៗក្រោយពេលរាំងស្ងួត។
  • បន្ថែមសារធាតុចិញ្ចឹមដូចជា កាល់ស្យូម និងបូរ៉ុន ដើម្បីជួយឱ្យសម្បក​ផ្លែឈើរឹងមាំ។
  • រក្សាតុល្យភាពជីជាតិ និងកាត់បន្ថយការប្រើជីអាសូតហួសកម្រិត។
  • ប្រើប្រាស់សំណាញ់បាំងកម្ដៅ និងអនុវត្តការតាក់តែង​មែកឱ្យបានទាន់ពេលវេលា ដើម្បីឱ្យមានពន្លឺ និងខ្យល់ចេញចូលល្អ។

ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ ការផ្តល់ជីជាតិឱ្យបានគ្រប់គ្រាន់ និងការថែទាំចម្ការឱ្យបានល្អ គឺជាគន្លឹះសំខាន់ក្នុងការទទួលបានផ្លែឈើដែលមានគុណភាពខ្ពស់ និងទទួលបានប្រាក់ចំណេញកាន់តែច្រើន៕​

ដោយ៖ ចាន់ តារា
ប្រភព៖ Seed IQ / NIH