ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យសីតុណ្ហភាពផែនដីកើនឡើងខ្ពស់ខ្លាំង ដែលនេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសត្រូវដ៏ធំមួយក្នុងវិស័យកសិកម្មផងដែរ។ របាយការណ៍ថ្មីរបស់អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានព្រមានថា កម្តៅខ្លាំងកំពុងធ្វើឱ្យប្រព័ន្ធកសិកម្មពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

តើកម្តៅខ្លាំងធ្វើឱ្យខូចខាតកសិកម្មយ៉ាងដូចម្តេច?
នៅពេលសីតុណ្ហភាពកើនឡើងលើសពីកម្រិតធម្មតា ជាទូទៅលើសពី ៣០ អង្សាសេ សម្រាប់ដំណាំភាគច្រើន និង ២៥ អង្សាសេ សម្រាប់សត្វចិញ្ចឹម វានឹងបង្កឱ្យមានបញ្ហាដូចជា៖
- ចំពោះដំណាំ៖ រុក្ខជាតិជួបប្រទះការស្ទះត្រង់ការលូតលាស់ (Thermal shock) ដែលបណ្តាលឱ្យផ្កាជ្រុះ (គ្មានលំអង) និងចុះខ្សោយ។
- ចំពោះសត្វចិញ្ចឹម៖ សត្វដូចជាជ្រូក និងមាន់ ដែលមិនអាចបញ្ចេញញើសដើម្បីបន្ថយកម្តៅបាន នឹងងាយប្រឈមនឹងការខូចមុខងារសរីរាង្គ។ វាក៏ធ្វើឱ្យសត្វផឹកទឹកច្រើន ស៊ីចំណីតិច និងថយចុះទិន្នផលទឹកដោះ ឬសាច់។
- កត្តារួមផ្សំ៖ កម្តៅខ្លាំងជារឿយៗនាំឱ្យមានគ្រោះរាំងស្ងួតលឿន (Flash drought) និងបង្កើនហានិភ័យនៃសត្វល្អិតចង្រៃ និងជំងឺរាតត្បាត។
ករណីសិក្សា និងជាមេរៀនពីប្រទេសកៀហ្ស៊ីស៊ីស្ថាន
នៅរដូវផ្ការីកឆ្នាំ ២០២៥ កន្លងទៅ តំបន់ភ្នំ Fergana ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានជួបប្រទះនឹងកម្តៅខ្លាំងរហូតដល់ទៅ ៣០,៨ អង្សាសេ (ដែលខ្ពស់ជាងធម្មតាដល់ទៅ ១០ អង្សាសេ)។ លទ្ធផលគឺ៖
- ដំណាំផ្លែឈើ និងស្រូវសាលីបានជួបនឹងការរកលកម្ដៅភ្លាមៗ (Thermal shock)។
- កម្តៅខ្លាំងបានបង្កឱ្យមានការផ្ទុះឡើងនៃហ្វូងកណ្តូប។
- ការហួតទឹកកាន់តែខ្លាំងធ្វើឱ្យប្រព័ន្ធស្រោចស្រពមិនអាចទប់ទល់បាន ដែលនាំឱ្យទិន្នផលធ្លាក់ចុះដល់ទៅ ២៥%។

វិធីបង្ការ និងសម្របខ្លួនសម្រាប់កសិករ
ដើម្បីកាត់បន្ថយការខាតបង់ កសិករអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
- ជ្រើសរើសពូជដែលធន់៖ ស្វែងរកពូជដំណាំ ឬពូជសត្វដែលមានលក្ខណៈធន់នឹងកម្តៅ និងការប្រែប្រួលអាកាសធាតុ។
- កែលម្អការគ្រប់គ្រងទឹក៖ ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលមានប្រសិទ្ធភាពខ្ពស់ (ដូចជាតំណក់ទឹក) ដើម្បីកាត់បន្ថយការហួត និងរក្សាសំណើមក្នុងដី។
- បង្កើតម្លប់ និងកន្លែងការពារ៖ សម្រាប់សត្វចិញ្ចឹម ត្រូវរៀបចំកន្លែងដែលមានខ្យល់ចេញចូលល្អ ឬប្រក់ដំបូលការពារកម្តៅថ្ងៃ។ ចំពោះដំណាំខ្លះ ការដាំដំណាំនៅក្រោមដំបូលអាចជួយបន្ថយសីតុណ្ហភាពលើផ្ទៃដីបាន។
- តាមដានព័ត៌មានអាកាសធាតុ៖ ត្រូវយកចិត្តទុកដាក់លើសេចក្តីជូនដំណឹងអំពីអាកាសធាតុ ដើម្បីត្រៀមលក្ខណៈមុនពេលរលកកម្តៅមកដល់។
- ការការពារដី៖ ការគ្របគល់ដំណាំ (Mulching) ជួយរក្សាសំណើមដី និងការពារកុំឱ្យដីក្តៅខ្លាំងនៅពេលថ្ងៃ។
កម្តៅខ្លាំងគឺជាបញ្ហាដែលយើងមិនអាចមើលរំលងបាន។ ការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មតាមបែបបច្ចេកទេស និងការត្រៀមខ្លួនទុកជាមុន គឺជាគន្លឹះសំខាន់ដើម្បីការពារជីវភាព និងទិន្នផលរបស់បងប្អូនកសិករយើង។
