កសិកម្ម​​ឆ្លាត​វៃ​៖ វិធី​​ងាយៗ​​៣​យ៉ាង​​ក្នុង​​ការ​​រក្សា​​សំណើម​​ដី​

បងប្អូន​កសិករ​ ដី​ដែល​មាន​​សំណើម​ គឺ​ជា​បេះដូង​នៃ​កសិកម្ម​ជោគជ័យ។ នៅ​ពេល​ដី​មាន​ទឹក​គ្រប់គ្រាន់ វា​ជួយ​ឱ្យ​​ឫសដំណាំ​​ដុះ​លូតលាស់​រឹងមាំ រុក្ខជាតិ​មាន​សុខភាព​ល្អ និង​បង្កើន​ទិន្នផល ឱ្យ​កាន់​តែ​ខ្ពស់។ អត្ថបទនេះ​នឹង​បង្ហាញ​ពី​វិធី​សាមញ្ញៗ​ តែ​មាន​ប្រសិទ្ធភាព​​ចំនួន​បី​ដើម្បី​ជួយ​ដី​របស់​បងប្អូន​ឱ្យ​រក្សា​ជាតិ​ទឹក​បាន​យូរ។​

១. ការ​ប្រើ​ចំបើង ឬ​ស្លឹក​ឈើ​ស្ងួត​គ្រប​ដី

នេះ​ជា​វិធីសាស្ត្រ​គ្រប​ដី​ដោយ​ប្រើ​កាកសំណល់​សរីរាង្គ។ ការ​គ្រប​ដី​ដើរ​តួ​ដូច​ជា​ខែល​ការពារដ៏​រឹងមាំដែល​ជួយ៖

  • កាត់​បន្ថយ​ការ​ហួត​៖ វា​បិទ​ជិត​សំណើម​មិន​ឱ្យ​ហួត​ទៅ​លើ។
  • រក្សា​សីតុណ្ហភាព​ដី៖ វា​ជួយ​ឱ្យ​ដី​ត្រជាក់​ មិន​ឱ្យ​កម្ដៅ​ថ្ងៃ​ខ្លាំង​បុក​មក​លើ​ដី​ដោយ​ផ្ទាល់​។ វិធីនេះ​អាច​កាត់​បន្ថយ​ការ​បាត់បង់​ទឹក​ពី​ដី​បាន​រហូត​ដល់​ ៧០%។

២. ការ​ដាក់​ជីកំប៉ុស្ត​ជា​ប្រចាំ

ជីកំប៉ុស្ត​មិន​ត្រឹម​តែ​ជា​ជីជាតិ​សម្រាប់​ដំណាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​អ្នក​កែប្រែ​សាច់​ដី​ដ៏​ពូកែ​ផង​ដែរ។ ការ​ដាក់​ជីកំប៉ុស្ត​ជួយ៖

  • កែលម្អ​រចនាសម្ព័ន្ធ​ដី៖ ធ្វើ​ឱ្យ​ដី​ធូរ និង​មាន​រន្ធ​ខ្យល់។
  • បង្កើន​សមត្ថភាព​ទប់​ទឹក៖ វា​ជួយ​ឱ្យ​ដី​បឺត​ជាតិ​ទឹក​បាន​កាន់​តែ​ច្រើន។ វិធីនេះ​ជួយ​ឱ្យ​ដី​រក្សា​ជាតិ​ទឹក​បាន​ច្រើន​ជាង​មុន​ ៤ ទៅ ៥ ដង។

៣. បច្ចេកទេស​ស្រោចស្រព​ឆ្លាតវៃ

ការ​ស្រោចស្រព​ដោយ​ប្រើ​កម្លាំង​បាយ​មិន​មែន​ជា​វិធីសាស្ត្រ​ល្អ​ឡើយ។ បងប្អូន​គួរ​ងាក​មក​ប្រើ​វិធីសាស្ត្រ​ឆ្លាតវៃ​ដូចជា៖

  • ការ​ស្រោចស្រពដោយ​ប្រព័ន្ធ​ដំណក់​ទឹក៖ វា​ជួយ​ឱ្យ​ទឹក​ធ្លាក់​ចំ​ឫស​ដំណាំ​ដោយ​ផ្ទាល់។
  • ពេលវេលា​ស្រោច​ស្រព៖ គួរ​ស្រោច​នៅ​ព្រលឹម​ស្រាងៗ ឬ​នៅ​ពេល​ល្ងាច ដើម្បី​កាត់​បន្ថយ​ការ​ហួត​បាត់​ក្នុង​អំឡុង​ពេល​ថ្ងៃ​ក្តៅ។ វិធីនេះ​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ទឹក​បាន​ ៣០-៥០% ឬ​ច្រើន​ជាង​នេះ។

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ប្រើប្រាស់​ចំបើង​គ្រប​ដី (Mulching) និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ស្រោចស្រព​ដំណក់​ទឹក (Drip Irrigation) គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើថ្លៃ​​ទឹក និង​ថាមពល ព្រម​ទាំង​ជួយ​ឱ្យ​ដំណាំ​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង។

ចំណែក​ក្រ​សួង​កសិកម្ម​​តែងតែ​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ​ប្រើប្រាស់​ជីជាតិ​សរីរាង្គ (កំប៉ុស្ត) ដើម្បី​ស្តារ​ជីជាតិ​ដី​ឡើង​វិញ និង​ជួយ​ឱ្យ​ដី​រក្សា​សំណើម​បាន​យូរអង្វែង ដែល​វា​ជា​ការ​វិនិយោគ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ទិន្នផល​កសិកម្ម។

វិធីសាស្ត្រ​ទាំង ៣ នេះ​មើល​ទៅ​គ្រាន់​​ជា​ជំហាន​តូចតាច ប៉ុន្តែ​វាអាច​ធ្វើ​ឲ្យ​ដំណាំ​បង​ប្អូន​​មាន​ពណ៌​បៃតង​ស្រស់បំព្រង។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត បងប្អូន​គួរ​រួមបញ្ចូល​វិធីសាស្ត្រ​ទាំង ៣ នេះ​ចូល​គ្នា​ដើម្បី​ឱ្យ​ដី​របស់​បងប្អូន​មាន​សំណើម​ជា​អចិន្ត្រៃយ៍៕

ដោយ៖ ចាន់ តារា
ប្រភព៖ FAO /ឯកសារក្រសួងកសិកម្ម / Seed IQ