ដំណាំ​បង​ប្អូន​​៖ ដៃគូ​ដាំ​ដុះ​រួម​គ្នា​ដ៏​អស្ចារ្យ​តាម​បែប​ធម្មជាតិ​

នៅក្នុងពិភពធម្មជាតិ រុក្ខជាតិក៏មានបងប្អូន​ចេះជួយគ្នាទៅវិញទៅមកដូចមនុស្សយើងដែរ។ ជាច្រើនសតវត្សមកហើយ វិធីសាស្ត្រដាំដំណាំរួមគ្នាពីរឬ​បីមុខដូច​ជា ពោត សណ្តែក និងល្ពៅ ត្រូវបានគេទទួលស្គាល់ថាជាដៃគូដាំដុះដ៏ល្អឥតខ្ចោះ។ ដំណាំទាំងបីប្រភេទនេះនៅពេលដាំដុះក្នុងចម្ការជាមួយគ្នា ពួកវានឹងជួយគ្នាទៅវិញទៅមកក្នុងការរស់រាន បង្កើតប្រព័ន្ធអេកូឡូស៊ីដីដ៏មានសុខភាពល្អ និងជំរុញ​ទិន្នផលឱ្យកើនឡើងទ្វេដងដោយមិនបាច់ចំណាយលុយទិញជីគីមីច្រើនឡើយ។

១. តួនាទីដំណាំទាំងបី​នៅលើដី

  • បងធំ – ពោត៖ អ្នកបង្កើនទីជម្រក និងជាបង្គោលរស់​របស់​ដំណាំ​ពីរ​ផ្សេង​ទៀត​។ ដើមពោតដុះត្រង់ទៅលើខ្ពស់ ដើរតួជាបង្គោលធម្មជាតិសម្រាប់ឱ្យសណ្តែកវារតោងឡើង ដោយមិនបាច់ឱ្យកសិករចំណាយពេលធ្វើទ្រើងឡើយ។ ចំណែក​ឫសពោតចាក់ចុះជ្រៅជួយកែលម្អរចនាសម្ព័ន្ធដី ឯស្លឹកពោតផ្តល់ម្លប់កាត់បន្ថយកម្តៅថ្ងៃ។
  • បងកណ្តាល – សណ្តែក៖ រោងចក្រផលិតជីធម្មជាតិ។ សណ្តែកវារតោងឡើងតាមដើមពោត ជួយចងភ្ជាប់ដើមពោតឱ្យកាន់តែមានលំនឹងមាំទាំមិនងាយដួលដោយសារខ្យល់។ ចំណុចពិសេសបំផុតគឺ ឫសសណ្តែកមានផ្ទុកបាក់តេរីល្អៗដែលអាច ទាញយកជាតិអាសូត​ពីខ្យល់មកបំប្លែង​ជាជីជាតិក្នុងដី ដើម្បីចិញ្ចឹមដើមពោត និងដើមល្ពៅ។
  • ប្អូនពៅ – ល្ពៅ៖ ភួយគ្របដណ្តប់ផ្ទៃ​ដី។ ស្លឹកល្ពៅមានទំហំធំៗដុះលាតសន្ធឹងពាសពេញដី ដើរតួដូចជា​គម្រប​ដី។ វាជួយរក្សាសំណើមក្នុងដី ទប់ស្កាត់មិនឱ្យស្មៅចង្រៃដុះលូតលាស់ និងការពារស្រទាប់ដីលើមិនឱ្យហូរច្រោះ ឬរងកម្តៅថ្ងៃខ្លាំងពេក។

២. កិច្ចសហការ និងសាមគ្គីភាពនៅក្រោមផ្ទៃដី

ភាពជោគជ័យពិតប្រាកដនៃវិធីសាស្ត្រនេះ គឺការសហការគ្នាយ៉ាងស្ងៀមស្ងាត់នៅក្រោមដី៖

  • ឫសចម្រុះស្រទាប់៖ ប្រព័ន្ធឫសនៃដំណាំទាំងបីរុករកជម្រៅដីខុសៗគ្នា (ពោតចាក់ជ្រៅ សណ្តែកកណ្តាល ល្ពៅរាក់) ធ្វើឱ្យពួកវាមិនដណ្តើមចំណីគ្នាឡើយ។
  • ការផ្លាស់ប្តូរសារធាតុចិញ្ចឹម៖ ឫសសណ្តែកផ្តល់ជាតិអាសូត ឯឫសរុក្ខជាតិដទៃបញ្ចេញជាតិស្ករចិញ្ចឹមដី បង្កើតបានជាវដ្តបំប៉នដីដ៏ល្អឥតខ្ចោះ រក្សាទឹកបានយូរ និងកាត់បន្ថយសម្ពាធពីសត្វល្អិតចង្រៃ។

៣. ផលប្រយោជន៍ចំពោះកសិកម្មប្រកបដោយនិរន្តរភាព

  • បង្កើនជីវចម្រុះក្នុងចម្ការ៖ កាត់បន្ថយហានិភ័យនៃការខូចខាតដំណាំទាំងស្រុង​បើខូចពោត នៅសល់សណ្តែក និងល្ពៅ។
  • កាត់បន្ថយការប្រើប្រាស់ជីគីមី៖ ដីមានជាតិអាសូតធម្មជាតិពីឫសសណ្តែកស្រាប់។
  • គ្រប់គ្រងស្មៅ និងសត្វល្អិតតាមបែបធម្មជាតិ៖ ស្លឹកល្ពៅចិញ្ចឹមដី បិទផ្លូវមិនឱ្យស្មៅដុះ។
  • បង្កើនប្រាក់ចំណូលរយៈពេលវែង៖ ប្រមូលផលបាន ៣ មុខក្នុងពេលតែមួយ និងលើផ្ទៃដីដដែល​។

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)​បានលើកសរសើរវិធីសាស្ត្រដាំដុះចម្រុះនេះ ជាគំរូដ៏ឆ្នើមនៃ កសិកម្មអេកូឡូស៊ី (Agroecology)។ វាបង្ហាញថាការយល់ដឹងពីធម្មជាតិ និងការដាំដំណាំពឹងពាក់គ្នា អាចជួយឱ្យកសិករខ្នាតតូចធានាបាននូវសន្តិសុខស្បៀង ជួយការពារជីវចម្រុះក្នុងដី និងកាត់បន្ថយការចំណាយលើធាតុចូលគីមីបានយ៉ាងច្រើនសន្ធឹកសន្ធាប់»។

ចំណែគ​មជ្ឈមណ្ឌលកសិកម្មពិភពលោក (CGIAR) តាមរយៈការស្រាវជ្រាវលើប្រព័ន្ធដាំដុះចម្រុះបានបង្ហាញថា​ការដាំដុះពោតលាយឡំជាមួយដំណាំអម្បូរសណ្តែក អាចបង្កើនបរិមាណជាតិអាសូតនៅក្នុងដីបានចន្លោះពី ២0 ទៅ ៤០ គីឡូក្រាមក្នុងមួយហិកតា ដោយមិនបាច់ដាក់ជីគីមីបន្ថែម។ លើសពីនេះ វត្តមានរបស់ដំណាំគ្របដីដូចជាល្ពៅ អាចរក្សាសីតុណ្ហភាពដីឱ្យទាបជាងដីវាលរហូតដល់ ៣ ទៅ ៥ អង្សាសេ ដែលជួយការពារមីក្រូសារពាង្គកាយល្អៗក្នុងដីមិនឱ្យងាប់នៅរដូវប្រាំង។

ការធ្វើកសិកម្មដោយវៃឆ្លាត គឺមិនមែនធ្វើការប្រឆាំងនឹងធម្មជាតិឡើយ ប៉ុន្តែគឺការរៀនសូត្រពីធម្មជាតិ។ វិធីសាស្ត្រ​ដំណាំ​បងប្អូន​គឺជាភស្តុតាងស្រាប់។ ចូរចាប់ផ្តើមរៀបចំផែនការដាំដុះចម្រុះនៅក្នុងចម្ការរបស់បងប្អូនដើម្បីទទួលបានផលចំណេញច្រើនមុខ និងរក្សាសុខភាពដីឱ្យបានគង់វង្ស

ដោយ៖ ចាន់ តារា
ប្រភព៖ FAO /Gulab orchard shilaroo