ហេតុ​ផល​បែប​វិទ្យាសាស្រ្តទាំង​៥​​នៅពីក្រោយការដាំ​ដំណាំគម្របដី

បងប្អូនកសិករជាច្រើនប្រហែលជាធ្លាប់ឮពី​ដំណាំគម្របដី​ប៉ុន្តែជួនកាលយើងអាចនឹងគិតថាវាជារឿងនាំឱ្យខាតកម្លាំង ឬដាំចោលឥតប្រយោជន៍។ តាមពិតទៅ នៅក្នុងវិទ្យាសាស្ត្រកសិកម្មទំនើប ដំណាំគម្របដីគឺជាភ្នាក់​ងារ​ថែទាំដី​ដែលធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីកែលម្អគុណភាពដីរបស់បងប្អូន។

យោងតាមទិន្នន័យបច្ចេកទេស និងគោលការណ៍កសិកម្មអភិរក្ស នេះគឺជាអត្ថប្រយោជន៍វិទ្យាសាស្ត្រទាំង ៥ យ៉ាងនៃដំណាំគម្របដី។

១. ការចាប់យកអាសូតពីបរិយាកាស

នេះគឺជាចំណុចពិសេសបំផុតនៃពពួកដំណាំអំបូរ​សណ្ដែក។

  • យន្តការវិទ្យាសាស្ត្រ៖ ឫសនៃដំណាំទាំងនេះមានទំនាក់ទំនងជាមួយបាក់តេរីម្យ៉ាងឈ្មោះ Rhizobia។ ពួកវាធ្វើការរួមគ្នាដើម្បីបំប្លែងឧស្ម័នអាសូតពីក្នុងបរិយាកាស ឱ្យទៅជាទម្រង់អាម៉ូញាក់ដែលរុក្ខជាតិអាចបឺតស្រូបយកបាន។
  • ផលប្រយោជន៍៖ វាជួយបង្កើនជាតិអាសូតក្នុងដីដោយធម្មជាតិ កាត់បន្ថយការចំណាយលើជីអ៊ុយរ៉េ ឬជីគីមីផ្សេងៗបានយ៉ាងច្រើន។

២. ការកែលម្អរចនាសម្ព័ន្ធដី

ដំណាំគម្របដីដែលមានឫសចាក់ចូលជ្រៅ និងឫសរោមច្រើន ដើរតួដូចជាឧបករណ៍ភ្ជួររាស់ដោយធម្មជាតិ។

  • យន្តការវិទ្យាសាស្ត្រ៖ ឫសជួយបំបែកស្រទាប់ដីដែលហាប់ខ្លាំង ធ្វើឱ្យដីមានរន្ធខ្យល់ចេញចូលបានល្អ និងជួយឱ្យទឹកជ្រាបចូលបានជ្រៅ។ នៅពេលដំណាំទាំងនេះងាប់ទៅ ពួកវានឹងរលួយក្លាយជា មមោក (Humus) ដែលជាអាហារដ៏មានតម្លៃសម្រាប់ដី។
  • ផលប្រយោជន៍៖ ដីរបស់បងប្អូននឹងមានជីជាតិឡើងវិញ មិនងាយហាប់រឹង និងអាចរក្សាសំណើម​បានយូរ។

៣. ការការពារការហូរច្រោះដីឬសំណឹក​ដី​

ដីដែលនៅទំនេរហាលថ្ងៃ ហាលភ្លៀង ងាយនឹងបាត់បង់ស្រទាប់ដីលើដែលមានជីជាតិបំផុត។

  • យន្តការវិទ្យាសាស្ត្រ៖ ស្លឹក និងដើមនៃដំណាំគម្របដី ដើរតួជាខែលការពារសម្ពាធទឹកភ្លៀងមិនឱ្យប៉ះដីដោយផ្ទាល់។ ចំណែកឯឫសវិញ ធ្វើការដូចជាខ្សែចងរក្សាគ្រាប់ដីឱ្យនៅជាប់គ្នា។
  • ផលប្រយោជន៍៖ ការពារការបាត់បង់ដីមានជាតិ និងរក្សាស្ថិរភាពដីក្នុងរយៈពេលវែង ទោះ​បីជា​មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

៤. ការពារស្មៅចង្រៃ

នេះគឺជាបច្ចេកទេសយកឈ្នះដោយការប្រកួតប្រជែង​លើ​ស្មៅ​ចង្រៃ​។

  • យន្តការវិទ្យាសាស្ត្រ៖ ដំណាំគម្របដីដែលលូតលាស់លឿន នឹងដណ្ដើមយកពន្លឺថ្ងៃ ទឹក និងអាហារពីស្មៅចង្រៃ។ លើសពីនេះ ដំណាំខ្លះ​បញ្ចេញសារធាតុគីមីម្យ៉ាង​ឈ្មោះ​ថា​Allelopathy ដែលរារាំងការដុះពន្លករបស់គ្រាប់ពូជស្មៅ។
  • ផលប្រយោជន៍៖ កាត់បន្ថយការប្រើប្រាស់ថ្នាំបាញ់ស្មៅ និងចំណាយលើកម្លាំងពលកម្មដកស្មៅ​។

៥. ការគ្រប់គ្រងសមាសភាគចង្រៃ និងជំងឺ

យន្តការវិទ្យាសាស្ត្រ៖ ការដាំដំណាំគម្របដីជួយកាត់ផ្ដាច់វដ្តជីវិតរបស់សត្វល្អិត និងមេរោគចង្រៃ​។ ដំណាំខ្លះ​អាច​បញ្ចេញសារធាតុគីមី​​ដែលដើរតួជាថ្នាំសម្លាប់មេរោគក្នុងដីដោយធម្មជាតិ​។

  • ផលប្រយោជន៍៖ បង្កើនចំនួនសត្វល្អិតមានប្រយោជន៍ក្នុងដី និងកាត់បន្ថយជំងឺដែលឆ្លងតាមដី។

យោងតាម អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និង វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) បានបញ្ជាក់ថា​ការប្រើប្រាស់ដំណាំគម្របដី គឺជាសសរស្តម្ភមួយនៃ​កសិកម្មអភិរក្ស (Conservation Agriculture)។ វាមិនត្រឹមតែជួយបង្កើនទិន្នផលនៅរដូវកាលបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយសារវាជួយរក្សាសំណើមក្នុងដី និងបង្កើនភាពធន់របស់ដីទៅនឹងគ្រោះរាំងស្ងួត។

កុំទុកឱ្យដីនៅទំនេរក្រោយពេលប្រមូលផល! ការជ្រើសរើសដាំពពួកសណ្ដែក ចង្រ្កង់ស្វា ឬដំណាំគម្របដីផ្សេងៗ គឺជាការសន្សំជីជាតិ​ទុកសម្រាប់រដូវកាលក្រោយយ៉ាងមានប្រសិទ្ធភាពបំផុត៕

ដោយ៖ ចាន់ តារា
ប្រភព៖ Seed IQ/ USDA