អ្នកជំនាញព្រមានពីហានីភ័យក្នុងការប្រើប្រាស់ស៊ីមកាតដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងណែនាំប្រជាពលរដ្ឋកុំឲ្យលក់ស៊ីមកាត ឬគណនីធនាគាររបស់ខ្លួនទៅឲ្យអ្នកដទៃ។ ការលក់គណនីធនាគារទៅឲ្យអ្នកដទៃ គឺអាចឲ្យគេយកគណនីរបស់ម្ចាស់ដើមទៅប្រព្រឹត្តអំពើឆបោក និងទទួលប្រាក់ពីអំពើឆបោក។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។

ក្នុងយុគសម័យដែលសេវាធនាគារឌីជីថលកំពុងរីកចម្រើន ការប្រើប្រាស់ស៊ីមកាតដែលមិនមានការចុះបញ្ជីអត្តសញ្ញាណច្បាស់លាស់ គឺជាចន្លោះប្រហោងដ៏ធំដែលក្រុមទុច្ចរិតតែងតែឆ្លៀតឱកាសយកទៅប្រើប្រាស់។
ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបង្ហាញក្នុងកម្មវិធីនេះថា ហានិភ័យនៃការប្រើប្រាស់ស៊ីមកាតគ្មានអត្តសញ្ញាណ និងមានការមិនផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ បង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដូចជា៖

- ការលួចចូលគណនី៖ ក្រុមបោកប្រាស់អាចចូលទៅកាន់លេខទូរសព្ទដែលភ្ជាប់នឹងធនាគារ ដើម្បីលួចយកកូដផ្ទៀងផ្ទាត់ (OTP) ដែលនាំឱ្យបាត់បង់ប្រាក់ក្នុងគណនី។
- បទល្មើសឆបោកតាមបច្ចេកវិទ្យា៖ ស៊ីមកាតដែលគ្មានអត្តសញ្ញាណ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមខិលខូចក្នុងការបង្កើតគណនីក្លែងក្លាយ ដើម្បីអនុវត្តសកម្មភាពឆបោកក្នុងសង្គម។
- ហានីភ័យសុវត្ថិភាពសាធារណៈ ៖ ក្រុមជនល្មើសអាចយកស៊ីមកាតគ្មានអត្តសញ្ញាណទៅធ្វើសកម្មភាមឆបោកតាមអនឡាញ ប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីប្រព្រឹត្តបទល្មើសនានាជាដើម។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាត គឺមានសារៈសំខាន់បំផុតក្នុងការការពារទិន្នន័យផ្ទាល់ខ្លួន និងការទប់ស្កាត់បទល្មើសឆបោក។ យុទ្ធនាការនេះមានគោលបំណងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ចេញពីប្រព័ន្ធធនាគារ។
លោកជំទាវ ជា សិរី ក៏រំឭកប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងមិនត្រូវយកអត្តសញ្ញាណរបស់ខ្លួនបើកធនាគារ និងលក់ទៅឲ្យអ្នកដទៃឡើយ។ ការធ្វើដូចនេះ អាចឲ្យជនល្មើសប្រើប្រាស់គណនីម្ចាស់ដើមដើម្បីទទួលប្រាក់ពីអំពើឆបោកណាមួយតាមប្រព័ន្ធនាគារបាន។
លោកជំទាវលើកករណីជាក់ស្ដែងថា៖ «មានអ្នកប្ដឹងមកថាបាញ់លុយតាម QR កូដទិញអីវ៉ាន់ ហើយអីវ៉ាន់នៅជាទំនិញក្លែងក្លាយ ហេតុអ្វីម្ចាស់ QR កូដលក់អីវ៉ាក់ក្លែងក្លាយ ពេលយើង[មន្ត្រី]ស្វែងរកទៅ ម្ចាស់គណនី[ធនាគារ]ជាកសិករនៅតំបន់ដាច់ស្រយាលម្នាក់ សួរថាគាត់ដឹងទេថាមានគេយក QR កូដគាត់ទៅឆបោកគេ គាត់ថាអត់ដឹងទេ គេមកលួងគាត់ឲ្យបើកគណនីហើយគេជាអ្នកគ្រប់គ្រងព័ត៌មានគណនីនោះដោយប្រើអត្តសញ្ញាណបណ្ណគាត់ និងបានឲ្យគាត់៥០ដុល្លារ ហើយគេយកលេខគណនីទៅបោកប្រាស់គេ»។
ប្រជាពលរដ្ឋទាំងអស់អាចចូលរួមផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតរបស់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈ កម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp។ ដូចគ្នាដែរ ក្រសួងនឹងរៀបចំក្រុមការងារចុះផ្ទាល់ទៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ រោងចក្រ និងទីប្រជុំជន ដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណូមពរឱ្យអ្នកប្រើប្រាស់ទាំងអស់ចូលរួមអនុវត្តយន្តការនេះឱ្យបានទូលំទូលាយ ដោយចងចាំថា «ការផ្ទៀងផ្ទាត់លេខទូរសព្ទអ្នក គឺបញ្ជាក់សុវត្ថិភាពផ្ទាល់ខ្លួន»។

យុទ្ធនាការនេះគឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕
