អ្នក​ជំនាញ​ព្រមាន​​ពី​ហានីភ័យ​​នៃ​ការ​​ប្រើប្រាស់​ស៊ីមកាត​​គ្មាន​​អត្តសញ្ញាណ​​

អ្នក​ជំនាញព្រមាន​ពី​ហានីភ័យ​ក្នុងការ​ប្រើប្រាស់​ស៊ីមកាត​ដែល​គ្មាន​អត្តសញ្ញាណ​ច្បាស់​លាស់​​ និង​ណែនាំ​ប្រជា​ពល​រដ្ឋ​កុំ​ឲ្យ​លក់​ស៊ីមកាត ឬ​គណនីធនាគារ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ​។ ការ​លក់​គណនី​ធនាគារ​ទៅ​ឲ្យ​អ្នក​ដទៃ គឺ​អាច​ឲ្យ​គេ​យក​គណនី​របស់​ម្ចាស់​​​ដើម​ទៅ​ប្រព្រឹត្ត​អំពើ​ឆបោក និង​ទទួល​ប្រាក់​ពី​​អំពើ​ឆបោក​។​

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។

ក្នុងយុគសម័យដែលសេវាធនាគារឌីជីថលកំពុងរីកចម្រើន ការប្រើប្រាស់ស៊ីមកាតដែលមិនមានការចុះបញ្ជីអត្តសញ្ញាណច្បាស់លាស់ គឺជាចន្លោះប្រហោងដ៏ធំដែលក្រុមទុច្ចរិតតែងតែឆ្លៀតឱកាសយកទៅប្រើប្រាស់។

ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល​ បាន​បង្ហាញ​ក្នុង​កម្មវិធី​នេះ​ថា​ ហានិភ័យនៃការប្រើប្រាស់ស៊ីមកាតគ្មានអត្តសញ្ញាណ និង​មាន​ការមិនផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ បង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដូចជា៖

  • ការលួចចូលគណនី៖ ក្រុមបោកប្រាស់អាចចូលទៅកាន់លេខទូរសព្ទដែលភ្ជាប់នឹងធនាគារ ដើម្បីលួចយកកូដផ្ទៀងផ្ទាត់ (OTP) ដែលនាំឱ្យបាត់បង់ប្រាក់ក្នុងគណនី។
  • បទល្មើសឆបោកតាមបច្ចេកវិទ្យា៖ ស៊ីមកាតដែលគ្មានអត្តសញ្ញាណ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមខិលខូចក្នុងការបង្កើតគណនីក្លែងក្លាយ ដើម្បីអនុវត្តសកម្មភាពឆបោកក្នុងសង្គម​។
  • ហានីភ័យសុវត្ថិភាព​សាធារណៈ ៖ ក្រុម​ជន​ល្មើស​អាច​យក​ស៊ីមកាត​គ្មាន​អត្តសញ្ញាណ​ទៅ​ធ្វើ​សកម្មភាម​ឆបោកតាម​អនឡាញ ប្រើ​ប្រាស់អត្តសញ្ញាណ​​ក្លែង​ក្លាយ ដើម្បី​ប្រព្រឹត្ត​បទល្មើស​នានា​ជា​ដើ​ម​។

លោកជំទាវ ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាត គឺមានសារៈសំខាន់បំផុតក្នុងការការពារទិន្នន័យផ្ទាល់ខ្លួន និងការទប់ស្កាត់បទល្មើសឆបោក។ យុទ្ធនាការនេះមានគោលបំណងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ចេញពីប្រព័ន្ធធនាគារ។

លោក​ជំទាវ ជា​​ សិរី ក៏​រំឭក​ប្រជា​ពល​រដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​មិន​ត្រូវ​យក​អត្តសញ្ញាណ​របស់​ខ្លួន​បើក​ធនាគារ​ និង​លក់​ទៅ​ឲ្យ​អ្នក​ដទៃឡើយ។ ការ​ធ្វើ​ដូច​នេះ អាច​ឲ្យ​ជន​ល្មើស​ប្រើ​ប្រាស់​គណនី​ម្ចាស់​ដើម​ដើម្បី​ទទួល​ប្រាក់​ពី​អំពើ​ឆបោក​ណា​មួយ​តាម​ប្រព័ន្ធនាគារ​បាន​។

លោក​ជំទាវលើក​ករណី​ជាក់ស្ដែង​ថា៖ «មាន​អ្នក​ប្ដឹង​មក​ថា​បាញ់​លុយ​តាម​ QR កូដទិញ​អីវ៉ាន់ ហើយ​អីវ៉ាន់នៅជា​ទំនិញ​ក្លែង​ក្លាយ​ ហេតុអ្វី​ម្ចាស់​ QR កូដ​លក់អីវ៉ាក់​ក្លែង​ក្លាយ​ ពេលយើង[មន្ត្រី]​ស្វែង​រក​ទៅ ម្ចាស់​គណនី​[ធនាគារ]ជា​កសិករ​នៅ​តំបន់​ដាច់​ស្រយាល​ម្នាក់​ សួរថា​គាត់ដឹងទេថា​មានគេ​យក QR កូដ​គាត់ទៅ​ឆបោក​គេ គាត់ថា​អត់ដឹងទេ​ គេមក​លួង​គាត់​ឲ្យ​បើក​គណនីហើយគេ​ជាអ្នក​គ្រប់គ្រង​ព័ត៌មាន​គណនីនោះ​ដោយ​ប្រើ​អត្តសញ្ញាណ​បណ្ណ​គាត់ និង​បាន​ឲ្យ​គាត់​៥០​ដុល្លារ​ ហើយ​គេ​យក​លេខ​គណនីទៅ​បោក​ប្រាស់គេ»។

ប្រជាពលរដ្ឋទាំងអស់អាចចូលរួមផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតរបស់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈ កម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp។ ដូច​គ្នា​ដែរ ក្រសួងនឹងរៀបចំក្រុមការងារចុះផ្ទាល់ទៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ រោងចក្រ និងទីប្រជុំជន ដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណូមពរឱ្យអ្នកប្រើប្រាស់ទាំងអស់ចូលរួមអនុវត្តយន្តការនេះឱ្យបានទូលំទូលាយ ដោយចងចាំថា «ការផ្ទៀងផ្ទាត់លេខទូរសព្ទអ្នក គឺបញ្ជាក់សុវត្ថិភាពផ្ទាល់ខ្លួន»។

យុទ្ធនាការនេះគឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕​