ការធ្វើកសិកម្ម បងប្អូនខ្លះប្រហែលជាធ្លាប់ជួបបញ្ហា ដាក់ជីអស់ច្រើន ថែទាំដិតដល់ ប៉ុន្តែដំណាំនៅតែលឿង ក្រិន និងមិនសូវផ្តល់ផល។ យោងតាមការសិក្សាបច្ចេកទេសរបស់ Seed-IQ អាថ៌កំបាំងធំបំផុតមួយគឺស្ថិតនៅលើ «កម្រិត pH ដី»។
អ្នកជំនាញកសិកម្មចាត់ទុកកម្រិត pH ដីជា «មេបញ្ជាការដី» ព្រោះវាជាអ្នកគ្រប់គ្រង និងកំណត់ថាតើឫសដំណាំអាចបឺតស្រូបយកជីជាតិបានឬមិនបាន គ្រប់គ្រងសកម្មភាពរបស់មេរោគល្អៗ និងការលូតលាស់ទាំងមូលរបស់ដំណាំ។

១. តើអ្វីជាកម្រិត pH ដី?
កម្រិត pH ដី គឺជាខ្នាតរង្វាស់កម្រិតជាតិជូរ (អាស៊ីត) ឬ បាស/អាល់កាឡាំង របស់ដី ដែលមានចន្លោះពីលេខ ០ ដល់ ១៤៖
- pH តិចជាង ៧ (< ៧)៖ គឺជា ដីជូរ ឬដីអាស៊ីត។
- pH ស្មើនឹង ៧ (= ៧)៖ គឺជា ដីកណ្តាល (ណឺត)។
- pH ធំជាង ៧ (> ៧)៖ គឺជាដីបាស (អាល់កាឡាំង)។
កម្រិត pH ដ៏ល្អបំផុតសម្រាប់ដំណាំភាគច្រើន គឺស្ថិតនៅក្នុងចន្លោះ ៥,៥ ដល់ ៧.៥ (ជូរតិចៗទៅកណ្តាល) ព្រោះវាជាវគ្គដែលជីជាតិក្នុងដីរលាយបានល្អបំផុតឱ្យឫសបឺតស្រូប។
២. ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៅពេល pH ដីមិនមានតុល្យភាព
នៅពេលដីជូរពេក ឬបាសខ្ពស់ពេក វានឹងបង្កើតជារបាំងធ្វើឱ្យរុក្ខជាតិមិនអាចស៊ីអាហារបាន បើទោះបីជាបងប្អូនបាចជីគីមីចូលទៅច្រើនយ៉ាងណាក៏ដោយ។
ដីជូរខ្លាំង pH ទាបជាង ៥,៥
- អត់ជាតិផូស្វ័រ៖ ជាតិផូស្វ័រ (P) កាល់ស្យូម (Ca) និងម៉ាញេស្យូម (Mg) វានឹងកកស្ទះ រលាយមិនចេញ ធ្វើឱ្យឫសដំណាំបឺតស្រូបមិនបាន។
- ពុលលោហៈ៖ សារធាតុពុលដូចជា អាលុយមីញ៉ូមនិងម៉ង់ហ្គាណែសនឹងរលាយចេញមកច្រើន ធ្វើឱ្យពុលឫសដំណាំ។
- ឫសក្រិន និងលឿងស្លឹក៖ ឫសដំណាំត្រូវបានរឹតត្បិតមិនឱ្យដុះវែង ធ្វើឱ្យដំណាំក្រិន និងស្លឹកឡើងលឿង។ បាក់តេរីចាប់ជាតិអាសូតក៏លែងធ្វើការ។
ដីបាសខ្លាំង pH ខ្ពស់ជាង ៧,៥
- ខ្វះមីក្រូសារធាតុ៖ ធ្វើឱ្យដំណាំខ្វះជាតិដែកនាំឱ្យកើតជំងឺស្លឹកឡើងលឿង។ ជាតិស័ង្កសី ស្ពាន់ និងម៉ង់ហ្គាណែស ក៏ខ្សត់ខ្សោយ រលាយមិនចេញដែរ។
- ទិន្នផលធ្លាក់ចុះ៖ កាត់បន្ថយភាពរស់រវើករបស់ដំណាំ និងធ្វើឱ្យទិន្នផលធ្លាក់ចុះយ៉ាងគំហុក។
៣. ទំនាក់ទំនងរវាង pH ដី និងការស្រូបយកជីជាតិ (NPK)
កម្រិត pH ខុសគ្នា ធ្វើឱ្យជីជាតិរលាយខុសគ្នា៖
- អាសូត៖ រលាយ និងរុក្ខជាតិអាចស្រូបយកបានល្អបំផុតនៅ pH ៦ ដល់ ៧,៥។
- ផូស្វ័រ៖ រិក្ខជាតិងាយស្រូបយកបំផុតនៅ pH ៦ ដល់ ៧ (បើជូរពេក ឬបាសពេក វានឹងជាប់គាំងភ្លាម)។
- ប៉ូតាស្យូម (K)៖ រុក្ខជាតិអាចស្រូបយកបានទូលំទូលាយនៅក្នុងកម្រិត pH ច្រើនប្រភេទ។

៤. តម្រូវការកម្រិត pH ទៅតាមប្រភេទដំណាំនីមួយៗ
ដំណាំនីមួយៗចូលចិត្តកម្រិតpHខុសៗគ្នា៖
- ស្រូវ៖ ចូលចិត្តកម្រិត pH ៥ ដល់ ៦,៥។
- ដំឡូងបារាំង៖ ចូលចិត្តដីរាងជូរចន្លោះ pH ៤,៨ ដល់ ៦,៥
- ពោត៖ ត្រូវការ pH ៥,៨ ដល់ ៧។
- សណ្តែកសៀង៖ ត្រូវការ pH ៦ ដល់ ៧។
- ស្ពៃក្តោប៖ ត្រូវការ pH ៦ ដល់ ៧,៥។
វិធីសាស្ត្រកែប្រែ និងគ្រប់គ្រងកម្រិត pH ដី
- បើដីជូរខ្លាំង (pH ទាប)៖ ត្រូវបាចសារធាតុកំបោរ ដូចជា កំបោរកសិកម្ម ដើម្បីបន្សាបអាស៊ីត។
- បើដីបាសខ្លាំង (pHខ្ពស់)៖ ត្រូវលាយបន្ថែម ម្សៅស្ពាន់ធ័រ ប្រើប្រាស់ជីគីមីបង្កើនអាស៊ីត (ដូចជា អាម៉ូញ៉ូមស៊ុលហ្វាត) ឬបន្ថែម សារធាតុសរីរាង្គ (ជីកំប៉ុស្ត) ឱ្យបានច្រើន។
មុនសម្រេចចិត្តបន្សាមអាស៊ីត ឬបាសនៅលើដីកសិកម្ម បងប្អូនចាំបាច់ត្រូវវាស់កម្រិតpH ដីជាមុន និងប្រឹក្សាជាមួយអ្នកជំនាញកសិកម្មដើម្បីដឹងថាត្រូវបន្សាបអាស៊ីត/បាស បែបណាត្រឹមត្រូវ និងចំគោលដៅ។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានសង្កត់ធ្ងន់ថាការគ្រប់គ្រងកម្រិត pH ដី គឺជាជំហានដំបូងគេបង្អស់ក្នុងការរៀបចំផែនការជីជាតិដី។ ប្រសិនបើកសិកររំលងការពិនិត្យ pH ដី ហើយបន្តបាចជីគីមីចូលទៅ នោះវាជាការខ្ជះខ្ជាយថវិកា និងធាតុចូលកសិកម្មយ៉ាងធ្ងន់ធ្ងរ ព្រោះដីដែលជូរខ្លាំងនឹងធ្វើឱ្យជីគីមីទាំងនោះបាត់បង់ប្រសិទ្ធភាពរហូតដល់ទៅ ៥០%។
ចំណែកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ហៅកាត់ថាកាឌី បានបញ្ជាក់តាមរយៈការចុះពិនិត្យដីចម្ការថាដីកសិកម្មជាច្រើនតំបន់នៅកម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះកម្រិត pH (ដីងាកទៅរកភាពជូរខ្លាំង) ដោយសារការប្រើប្រាស់ជីគីមីអាសូតច្រើនហួសកម្រិត និងខ្វះការគ្រប់គ្រងជាតិកំបោរ។ ការធ្វើតេស្តដីជាប្រចាំ និងការប្រើប្រាស់កំបោរកសិកម្មក្នុងកម្រិតត្រឹមត្រូវ គឺជាវិធីតែមួយគត់ដើម្បីបើកផ្លូវឱ្យឫសដំណាំស្រូបយកជីជាតិឡើងវិញ និងដំឡើងទិន្នផលបានប្រកបដោយនិរន្តរភាព»។
មុននឹងផ្តល់អាហារ (ជី) ដល់ដំណាំ ចូរពិនិត្យមើលpH ដី របស់វាជាមុនសិន។ ការធ្វើតេស្តដីជាប្រចាំដើម្បីដឹងពីកម្រិត pH ច្បាស់លាស់ នឹងជួយបងប្អូនសន្សំសំចៃលុយទិញជី និងធានាបាននូវការប្រមូលផលដ៏លូតលាស់រុងរឿង៕
