ហេតុអ្វីកសិករ​គួរត្រៀម​ខ្លួន​​ចំពោះ​​បាតុភូត​អ៊ែលនីញ៉ូ​?

អ៊ែលនីញ៉ូ (El Niño) គឺជាបាតុភូតអាកាសធាតុដែលកើតឡើងនៅពេលសីតុណ្ហភាពផ្ទៃទឹកសមុទ្រក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតឡើងកម្តៅខ្ពស់ជាងធម្មតា។ ទោះបីជាវាចាប់ផ្តើមនៅឆ្ងាយពីយើងក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាអាចបង្កជាការប្រែប្រួលអាកាសធាតុទូទាំងពិភពលោក រួមទាំងតំបន់របស់យើងផងដែរ។

ហេតុអ្វីបានជាកសិករត្រូវយកចិត្ត​ទុក​ដាក់​?

ជាទូទៅ បាតុភូតអ៊ែលនីញ៉ូ តែងតែនាំមកនូវការធ្លាក់ភ្លៀងតិចជាងកម្រិតធម្មតា រយៈពេលក្តៅខ្លាំងយូរអង្វែង និងការកើនឡើងហានិភ័យនៃគ្រោះរាំងស្ងួត ឬ​អាច​បង្កជាគ្រោះទឹក​ជំនន់​ធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ធម្មតា​នៅ​តាម​តំបន់​។ លទ្ធផលដែលបងប្អូនកសិករអាចជួបប្រទះរួមមាន៖

  • ទិន្នផលដំណាំធ្លាក់ចុះ៖ ការធ្លាក់ភ្លៀងយឺតយ៉ាវ និងដំណាំជួបភាពតានតឹងដោយសារកង្វះសំណើម។
  • បញ្ហាកង្វះទឹក៖ ស្ទឹង អាងស្តុកទឹក និងប្រភពទឹកធម្មជាតិរីងស្ងួត។
  • ផលប៉ះពាល់ដល់សត្វចិញ្ចឹម៖ បាត់បង់វាលស្មៅសម្រាប់សត្វ និងសត្វជួបភាពតានតឹងដោយសារកម្តៅខ្លាំង។
  • ហានិភ័យនៃអគ្គីភ័យ៖ កើនឡើងហានិភ័យនៃការឆេះព្រៃ ឬវាលស្មៅ។

វិធីសាស្រ្តត្រៀមខ្លួនសម្រាប់កសិករ

ទោះបីជាយើងមិនអាចបញ្ឈប់បាតុភូតអ៊ែលនីញ៉ូបានក៏ដោយ ប៉ុន្តែការត្រៀមខ្លួនជាមុនគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយការខាតបង់​ដែល​បង្ក​ដោយ​ភាព​រាំងស្ងួត​យូរ​អង្វែង​។

១. ការសន្សំសំចៃទឹក៖ ជួសជុលអាងស្តុកទឹក ប្រមូលទឹកភ្លៀង និងធ្វើឱ្យប្រព័ន្ធស្រោចស្រពមានប្រសិទ្ធភាពមុនពេលរដូវប្រាំងចូលមកដល់។

២. ដាំដុះឱ្យបានឆាប់៖ ប្រសិនបើមានភ្លៀងធ្លាក់ សូមចាប់ផ្តើមដាំដុះឱ្យបានលឿន ដើម្បីឱ្យដំណាំស្រូបយកសំណើមបានគ្រប់គ្រាន់។

៣. ជ្រើសរើសដំណាំធន់នឹងគ្រោះរាំងស្ងួត៖ ពិចារណាដាំដំណាំដូចជា សណ្តែកដី ដំឡូងជ្វា ឬពូជពោតដែលធន់នឹងអាកាសធាតុក្តៅ។

៤. រក្សាសំណើមដី៖ ប្រើការគ្របគល់ដំណាំ (Mulching) កាត់បន្ថយការភ្ជួររាស់ និងប្រើជីសរីរាង្គ ដើម្បីរក្សាសំណើមក្នុងដី។

៥. ភាពចម្រុះនៃមុខរបរ៖ កុំពឹងផ្អែកលើដំណាំតែមួយមុខ។ សូមរួមបញ្ចូលការចិញ្ចឹមសត្វ និងការដាំដំណាំផ្សេងៗទៀត ដើម្បីកាត់​បន្ថយ​ហានិភ័យ។

៦. ស្តុកចំណីសត្វ៖ រៀបចំស្មៅស្ងួត ឬចំណីសម្រាប់សត្វទុកជាមុន សម្រាប់គ្រាដែលខ្វះខាតវាលស្មៅ។

៧. តាមដានការព្យាករណ៍អាកាសធាតុ៖ តាមដានព័ត៌មានពីអាជ្ញាធរជំនាញឱ្យបានជាប់លាប់។

៨. បង្ការអគ្គីភ័យ៖ បង្កើតរបាំងការពារភ្លើងនៅជុំវិញកសិដ្ឋាន ដើម្បីកាត់បន្ថយការបាត់បង់ដោយសារភ្លើងឆេះ។

ការព្យាករណ៍អាកាសធាតុមិនអាចមានភាពត្រឹមត្រូវ ១០០% នោះទេ ប៉ុន្តែវាជាការណែនាំដ៏ល្អសម្រាប់កសិករក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារកសិកម្មឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែង។ ការត្រៀមខ្លួនទុកជាមុន គឺជាខែលការពារដ៏ល្អបំផុតសម្រាប់ជីវភាពរបស់បងប្អូន៕

ដោយ៖ ចាន់ តារា
ប្រភព៖ Dre Ck / FAO