ការប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនអាស្រ័យតែទៅលើប្រភេទជី ឬបរិមាណជីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើ «ស្ថានភាពអាកាសធាតុ» ផងដែរ។ តាមរយៈការស្រាវជ្រាវពី International Plant Nutrition Institute (IPNI) ដែលបានចុះផ្សាយក្នុងបណ្ណាល័យធនធានរបស់ Crop Nutrition បានបង្ហាញថា អាកាសធាតុដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថាតើដំណាំអាចស្រូបយកជីបានកម្រិតណា ហើយជីដែលយើងដាក់នោះនឹងបាត់បង់ទៅតាមបរិស្ថានកម្រិតណា។

អាកាសធាតុប៉ះពាល់ដល់ប្រសិទ្ធភាពជីយ៉ាងដូចម្តេច?
- កម្រិតសំណើម និងទឹកភ្លៀង៖ នៅពេលមានភ្លៀងធ្លាក់ខ្លាំង សារធាតុចិញ្ចឹមមួយចំនួន ជាពិសេសគឺអាសូតអាចនឹងហូរច្រោះចេញពីដីធ្វើឱ្យដំណាំមិនអាចស្រូបយកបាន។ ផ្ទុយទៅវិញ ក្នុងស្ថានភាពរាំងស្ងួត ដីស្ងួតពេកធ្វើឱ្យឫសដំណាំមិនអាចកម្រើក ឬស្រូបយកជីដែលនៅក្នុងដីបានឡើយ ដែលបណ្តាលឱ្យជីនោះនៅគរទុកក្នុងដីដោយឥតប្រយោជន៍។
- សីតុណ្ហភាព៖ សីតុណ្ហភាពក្នុងដីប៉ះពាល់ដោយផ្ទាល់ទៅលើសកម្មភាពរបស់អតិសុខុមប្រាណ ដែលមានតួនាទីកែច្នៃជីសរីរាង្គ ឬជីគីមីឱ្យក្លាយជាទម្រង់ដែលដំណាំអាចស្រូបយកបាន។ កំដៅខ្លាំងពេក ឬត្រជាក់ពេក នឹងពន្យឺតដំណើរការមេតាបូលីសរបស់ដំណាំ ដែលកាត់បន្ថយសមត្ថភាពក្នុងការប្រើប្រាស់សារធាតុចិញ្ចឹមដែលយើងបានផ្តល់ឱ្យ។
- ខ្យល់ និងការបាត់បង់ជី៖ ល្បឿនខ្យល់ និងសីតុណ្ហភាពខ្ពស់ អាចបង្កើនអត្រានៃការហួតទឹក និងការបាត់បង់អាសូតទៅក្នុងបរិយាកាស ប្រសិនបើការដាក់ជីមិនបានអនុវត្តត្រឹមត្រូវតាមបច្ចេកទេស។
យោងតាមឯកសាររបស់ Crop Nutrition ការគ្រប់គ្រងសារធាតុចិញ្ចឹមឱ្យមានប្រសិទ្ធភាព តម្រូវឱ្យមានការគិតគូរពីកត្តាអាកាសធាតុជាចម្បង។ ស្ថាប័ននេះបានបញ្ជាក់ថា ការដាក់ជីត្រូវធ្វើឡើងក្នុងពេលវេលាត្រឹមត្រូវដោយពិនិត្យមើលការព្យាករណ៍អាកាសធាតុ ដើម្បីជៀសវាងការដាក់ជីនៅមុនពេលមានភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឱ្យបាត់បង់ជីដោយសារការហូរច្រោះ។
អ្នកជំនាញបានសង្កត់ធ្ងន់ថា ការយល់ដឹងពីរបៀបដែលទឹកភ្លៀង និងកំដៅប៉ះពាល់ដល់ចលនាជីក្នុងដី គឺជាយុទ្ធសាស្ត្រមួយដែលជួយកសិករកាត់បន្ថយការចំណាយលើជី និងការពារបរិស្ថានបានយ៉ាងមានប្រសិទ្ធភាព។

ដើម្បីឱ្យការប្រើប្រាស់ជីទទួលបានលទ្ធផលល្អបំផុតក្នុងបរិបទអាកាសធាតុប្រែប្រួល
- តាមដានការព្យាករណ៍អាកាសធាតុ៖ មុននឹងសម្រេចចិត្តដាក់ជី ត្រូវប្រាកដថាគ្មានការព្យាករណ៍អំពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ។
- គ្រប់គ្រងសំណើមដី៖ ក្នុងតំបន់ដែលមានប្រព័ន្ធស្រោចស្រព សូមព្យាយាមរក្សាសំណើមដីឱ្យបានសមស្រប ដើម្បីឱ្យជីមានលទ្ធភាពជ្រាបចូលទៅដល់តំបន់ឫសដំណាំ។
- បែងចែកការដាក់ជី៖ ការបែងចែកការដាក់ជីជាច្រើនដង ជាជាងដាក់តែម្តងច្រើនៗ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ជីនៅពេលអាកាសធាតុមានការប្រែប្រួល។
ការយល់ដឹងពីធម្មជាតិ និងអាកាសធាតុ នឹងជួយឱ្យបងប្អូនប្រើប្រាស់ជីបានចំគោលដៅ ជួយដំណាំឱ្យលូតលាស់ល្អ និងបង្កើនប្រាក់ចំណេញបានកាន់តែច្រើន។
ដោយ៖ ចាន់ តារា
ប្រភព៖ Crop Nut / Alk Fertilizer
