ការចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​តង់​កៅ​​ស៊ូ​ប្រើ​ពេល​ខ្លី​ឆាប់បាន​ប្រមូលផល​

ការចិញ្ចឹមត្រីអណ្ដែងគឺជាវិធីសាស្ត្រមួយដ៏ពេញនិយមនាពេលបច្ចុប្បន្ន ព្រោះវាចំណាយដើមទុនតិច ងាយស្រួលគ្រប់គ្រង មិនរើសទីតាំង និងប្រើប្រាស់ផ្ទៃដីតូចក៏អាចធ្វើបានដែរ។ខាងក្រោមនេះជាបច្ចេកទេស និងជំហានសំខាន់ៗក្នុងការចិញ្ចឹមឱ្យទទួលបានផល​។

១. ការរៀបចំអាងតង់

ទំហំអាង៖ ទំហំដែលងាយស្រួលថែទាំ និងគ្រប់គ្រងគឺ ២ ម៉ែត្រ x ៤ ម៉ែត្រ ឬ ៣ ម៉ែត្រ x ៤ ម៉ែត្រ ដោយមានជម្រៅប្រហែល ០,៨ ម៉ែត្រ ទៅ ១ ម៉ែត្រ។

គ្រោងឆ្អឹង៖ អាចធ្វើពីឈើ ដែក ឬទុយោជ័រ PVC ដើម្បីទ្រតង់ជ័រឱ្យរឹងមាំ។ បាតអាងគួររៀបចំឱ្យមានជម្រាលបន្តិចទៅរកវ៉ាល់បង្ហូរទឹក ដើម្បីងាយស្រួលប្តូរទឹក និងសម្អាត។

ការសម្អាតតង់ថ្មី៖ មុនដាក់ត្រីចិញ្ចឹម ត្រូវលាងសម្អាតតង់ជ័រឱ្យអស់ក្លិនជ័រជាមុន​សិន​។ វិធីល្អគួរយកដើមចេកកាត់កង់ៗមកដំឱ្យទន់ រួចត្រាំចោលជាមួយទឹកក្នុងតង់រយៈពេល ៥ទៅ៧ថ្ងៃ បន្ទាប់មកលាងសម្អាតចេញឱ្យស្អាត។

២. ការរៀបចំទឹក

ប្រភពទឹក៖ អាចប្រើប្រាស់ទឹកអណ្តូង ឬទឹកស្ទឹង/បឹងបួរបាន។ ប្រសិនបើប្រើប្រាស់ទឹកម៉ាស៊ីន (ទឹកគីមី) ត្រូវបង្ហូរដាក់ទុកក្នុងអាងរក្សាទុកចោល ២ ទៅ ៣ ថ្ងៃ ដើម្បីឱ្យអស់ជាតិក្លរជាមុនសិន។

+ កម្ពស់ទឹក៖

– សម្រាប់កូនត្រីតូចៗ៖ ដាក់ទឹកកម្ពស់ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ។

– សម្រាប់ត្រីធំ៖ បង្កើនកម្ពស់ទឹកដល់៥០ ទៅ៦០សង់ទីម៉ែត្រ។

៣. ការជ្រើសរើស និងការលែងកូនត្រី

ជ្រើសរើសពូជ៖ គួរជ្រើសរើសកូនត្រីណាដែលមានទំហំប៉ុនៗគ្នា ស្បែករលោង គ្មានរបួស និងហែលទឹកមានរហ័សរហួន។

ចំនួនដង់ស៊ីតេ (ចំនួនលែង)៖ សម្រាប់អាងតង់ អាចលែងកូនត្រីបានចន្លោះពី១០០ក្បាល ឬ១គីឡូក្រាម​ក្នុងមួយម៉ែត្រការ៉េ (អាស្រ័យលើបច្ចេកទេសប្តូរទឹក និងប្រព័ន្ធអុកស៊ីសែន)។

របៀបលែងកូនត្រី៖ ពេលយកកូនត្រីមកដល់ មិនត្រូវចាក់ចូលអាងភ្លាមៗទេ។ ត្រូវយកថង់កូនត្រីទៅបណ្តែតក្នុងអាងចិញ្ចឹមប្រហែល ១៥ ទៅ ២០ នាទី ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់ និងក្នុងអាងស្មើគ្នា ការពារត្រីកុំឱ្យមាន​បញ្ហា​សម្របខ្លួន​មិន​ទាន់​ជាមួយ​ទឹកថ្មី​។ គួរលែងត្រីនៅពេលព្រឹកត្រជាក់ ឬពេលល្ងាចមេឃត្រជាក់។

៤. ការផ្តល់ចំណី

ប្រភេទចំណី៖ ប្រើប្រាស់ចំណីគ្រាប់ដែលមានជាតិប្រូតេអ៊ីនខ្ពស់ (ចាប់ពី ៣០% ឡើងទៅសម្រាប់កូនត្រីតូច)។ យើង​ក៏អាចលាយបន្ថែមនូវចំណីធម្មជាតិដូចជា កូនកង្កែប កូនខ្ចៅ ឬកាកសំណល់ផ្ទះបាយដែលចម្អិនឆ្អិន។

របៀបផ្តល់៖ ការផ្តល់ចំណីក្នុង​មួយ​ថ្ងៃអាច​ពី​ ២-៣ ដង (ព្រឹក និងល្ងាច)។ ត្រូវឱ្យចំណីក្នុងបរិមាណល្មមដែលត្រីស៊ីអស់ក្នុងរយៈពេល ១៥ ទៅ ២០ នាទី ចៀសវាងការសល់ចំណីដែលធ្វើឱ្យទឹកឆាប់ស្អុយ។

៥. ការថែទាំ និងការប្តូរទឹក

ដោយសារត្រីអណ្ដែងស៊ីច្រើន និងបន្ទោបង់ច្រើន ទឹកក្នុងតង់នឹងងាយល្អក់ និងធុំក្លិន។

យើង​ត្រូវ​ប្តូរទឹក​ពី​៣ទៅ​៥​ថ្ងៃ ថ្ងៃម្តង (អាស្រ័យលើភាពល្អក់នៃទឹក) ដោយបូមទឹកចាស់ចេញប្រហែល ៣០% ទៅ ៥០% រួចបំពេញទឹកថ្មីចូលវិញ។ គួរមានសំណាញ់បាំងពីលើអាងដើម្បីការពារសត្វល្អិត សត្វស្លាប ឬពស់មកស៊ីកូន​ត្រី និងការពារត្រីកុំឱ្យលោតចេញពេលមេឃភ្លៀង។

៦. ការប្រមូលផល

ត្រីអណ្ដែងប្រើរយៈពេលចិញ្ចឹមខ្លី ត្រឹមតែ២ទៅ ៣ខែប៉ុណ្ណោះ គឺអាចប្រមូលផលលក់លើទីផ្សារបានហើយ។ ដើម្បីឱ្យត្រីមានសុខភាពល្អ និងធន់នឹងជំងឺ អាចលាយវីតាមីន C ជាមួយចំណីឱ្យវាស៊ី ២ ដងក្នុងមួយសប្តាហ៍ និងឧស្សាហ៍សង្កេតមើលការហែលទឹករបស់ត្រី។ បើ​សិន​ជា​ត្រី​ហែល​ទឹក​លែង​សូវ​ស្វាហាប់​ដូច​សព្វ​ដង បាន​ន័យ​ថា​ត្រី​អាច​មាន​ជំងឺ ឬសុខភាព​ចុះ​ខ្សោយ​។ សូម​ស្វែង​រក​ជំនួយពី​មន្ត្រី​កសិកម្ម​ឃុំ ឬ​អ្នក​ជំនាញ​ក្នុង​មូល​ដ្ឋាន​៕

សម្រាប់បងប្អូនត្រូវការកូនត្រីពូជអាចទាក់ទងកសិដ្ឋានផលិត​កូនត្រីពូជ​តាម​លេខ: 088 550 0010 / 096 810 0010 (តេឡេក្រាម)

ដោយ៖ ចាន់ តារា
ប្រភព៖ កសិដ្ឋានផលិតកូនត្រីពូជ