ការចិញ្ចឹមត្រីអណ្ដែងគឺជាវិធីសាស្ត្រមួយដ៏ពេញនិយមនាពេលបច្ចុប្បន្ន ព្រោះវាចំណាយដើមទុនតិច ងាយស្រួលគ្រប់គ្រង មិនរើសទីតាំង និងប្រើប្រាស់ផ្ទៃដីតូចក៏អាចធ្វើបានដែរ។ខាងក្រោមនេះជាបច្ចេកទេស និងជំហានសំខាន់ៗក្នុងការចិញ្ចឹមឱ្យទទួលបានផល។

១. ការរៀបចំអាងតង់
ទំហំអាង៖ ទំហំដែលងាយស្រួលថែទាំ និងគ្រប់គ្រងគឺ ២ ម៉ែត្រ x ៤ ម៉ែត្រ ឬ ៣ ម៉ែត្រ x ៤ ម៉ែត្រ ដោយមានជម្រៅប្រហែល ០,៨ ម៉ែត្រ ទៅ ១ ម៉ែត្រ។
គ្រោងឆ្អឹង៖ អាចធ្វើពីឈើ ដែក ឬទុយោជ័រ PVC ដើម្បីទ្រតង់ជ័រឱ្យរឹងមាំ។ បាតអាងគួររៀបចំឱ្យមានជម្រាលបន្តិចទៅរកវ៉ាល់បង្ហូរទឹក ដើម្បីងាយស្រួលប្តូរទឹក និងសម្អាត។
ការសម្អាតតង់ថ្មី៖ មុនដាក់ត្រីចិញ្ចឹម ត្រូវលាងសម្អាតតង់ជ័រឱ្យអស់ក្លិនជ័រជាមុនសិន។ វិធីល្អគួរយកដើមចេកកាត់កង់ៗមកដំឱ្យទន់ រួចត្រាំចោលជាមួយទឹកក្នុងតង់រយៈពេល ៥ទៅ៧ថ្ងៃ បន្ទាប់មកលាងសម្អាតចេញឱ្យស្អាត។
២. ការរៀបចំទឹក
ប្រភពទឹក៖ អាចប្រើប្រាស់ទឹកអណ្តូង ឬទឹកស្ទឹង/បឹងបួរបាន។ ប្រសិនបើប្រើប្រាស់ទឹកម៉ាស៊ីន (ទឹកគីមី) ត្រូវបង្ហូរដាក់ទុកក្នុងអាងរក្សាទុកចោល ២ ទៅ ៣ ថ្ងៃ ដើម្បីឱ្យអស់ជាតិក្លរជាមុនសិន។
+ កម្ពស់ទឹក៖
– សម្រាប់កូនត្រីតូចៗ៖ ដាក់ទឹកកម្ពស់ប្រហែល ៣០ ទៅ ៤០ សង់ទីម៉ែត្រ។
– សម្រាប់ត្រីធំ៖ បង្កើនកម្ពស់ទឹកដល់៥០ ទៅ៦០សង់ទីម៉ែត្រ។
៣. ការជ្រើសរើស និងការលែងកូនត្រី
ជ្រើសរើសពូជ៖ គួរជ្រើសរើសកូនត្រីណាដែលមានទំហំប៉ុនៗគ្នា ស្បែករលោង គ្មានរបួស និងហែលទឹកមានរហ័សរហួន។
ចំនួនដង់ស៊ីតេ (ចំនួនលែង)៖ សម្រាប់អាងតង់ អាចលែងកូនត្រីបានចន្លោះពី១០០ក្បាល ឬ១គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ (អាស្រ័យលើបច្ចេកទេសប្តូរទឹក និងប្រព័ន្ធអុកស៊ីសែន)។
របៀបលែងកូនត្រី៖ ពេលយកកូនត្រីមកដល់ មិនត្រូវចាក់ចូលអាងភ្លាមៗទេ។ ត្រូវយកថង់កូនត្រីទៅបណ្តែតក្នុងអាងចិញ្ចឹមប្រហែល ១៥ ទៅ ២០ នាទី ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់ និងក្នុងអាងស្មើគ្នា ការពារត្រីកុំឱ្យមានបញ្ហាសម្របខ្លួនមិនទាន់ជាមួយទឹកថ្មី។ គួរលែងត្រីនៅពេលព្រឹកត្រជាក់ ឬពេលល្ងាចមេឃត្រជាក់។
៤. ការផ្តល់ចំណី
ប្រភេទចំណី៖ ប្រើប្រាស់ចំណីគ្រាប់ដែលមានជាតិប្រូតេអ៊ីនខ្ពស់ (ចាប់ពី ៣០% ឡើងទៅសម្រាប់កូនត្រីតូច)។ យើងក៏អាចលាយបន្ថែមនូវចំណីធម្មជាតិដូចជា កូនកង្កែប កូនខ្ចៅ ឬកាកសំណល់ផ្ទះបាយដែលចម្អិនឆ្អិន។
របៀបផ្តល់៖ ការផ្តល់ចំណីក្នុងមួយថ្ងៃអាចពី ២-៣ ដង (ព្រឹក និងល្ងាច)។ ត្រូវឱ្យចំណីក្នុងបរិមាណល្មមដែលត្រីស៊ីអស់ក្នុងរយៈពេល ១៥ ទៅ ២០ នាទី ចៀសវាងការសល់ចំណីដែលធ្វើឱ្យទឹកឆាប់ស្អុយ។

៥. ការថែទាំ និងការប្តូរទឹក
ដោយសារត្រីអណ្ដែងស៊ីច្រើន និងបន្ទោបង់ច្រើន ទឹកក្នុងតង់នឹងងាយល្អក់ និងធុំក្លិន។
យើងត្រូវប្តូរទឹកពី៣ទៅ៥ថ្ងៃ ថ្ងៃម្តង (អាស្រ័យលើភាពល្អក់នៃទឹក) ដោយបូមទឹកចាស់ចេញប្រហែល ៣០% ទៅ ៥០% រួចបំពេញទឹកថ្មីចូលវិញ។ គួរមានសំណាញ់បាំងពីលើអាងដើម្បីការពារសត្វល្អិត សត្វស្លាប ឬពស់មកស៊ីកូនត្រី និងការពារត្រីកុំឱ្យលោតចេញពេលមេឃភ្លៀង។
៦. ការប្រមូលផល
ត្រីអណ្ដែងប្រើរយៈពេលចិញ្ចឹមខ្លី ត្រឹមតែ២ទៅ ៣ខែប៉ុណ្ណោះ គឺអាចប្រមូលផលលក់លើទីផ្សារបានហើយ។ ដើម្បីឱ្យត្រីមានសុខភាពល្អ និងធន់នឹងជំងឺ អាចលាយវីតាមីន C ជាមួយចំណីឱ្យវាស៊ី ២ ដងក្នុងមួយសប្តាហ៍ និងឧស្សាហ៍សង្កេតមើលការហែលទឹករបស់ត្រី។ បើសិនជាត្រីហែលទឹកលែងសូវស្វាហាប់ដូចសព្វដង បានន័យថាត្រីអាចមានជំងឺ ឬសុខភាពចុះខ្សោយ។ សូមស្វែងរកជំនួយពីមន្ត្រីកសិកម្មឃុំ ឬអ្នកជំនាញក្នុងមូលដ្ឋាន៕
សម្រាប់បងប្អូនត្រូវការកូនត្រីពូជអាចទាក់ទងកសិដ្ឋានផលិតកូនត្រីពូជតាមលេខ: 088 550 0010 / 096 810 0010 (តេឡេក្រាម)
ដោយ៖ ចាន់ តារា
ប្រភព៖ កសិដ្ឋានផលិតកូនត្រីពូជ
