ការបង្កាត់លម្អង ដំណើរការដ៏មានសារៈសំខាន់សម្រាប់ដំណាំ

ផ្លែឈើដែលមានសុខភាពល្អ និងមានគុណភាព ​គឺសុទ្ធតែចាប់ផ្តើមចេញពីដំណើរការនៃការបង្កាត់លម្អងដោយជោគជ័យ។ សត្វឃ្មុំ និងភ្នាក់ងារបង្កាត់លម្អងផ្សេងៗទៀត ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរលម្អងពីផ្កាឈ្មោលទៅកាន់ផ្កាញី ដើម្បីធានាឱ្យមានការបង្កកំណើត និងការលូតលាស់ផ្លែផ្កាបានត្រឹមត្រូវ។ បើគ្មានការបង្កាត់លម្អងទេ ទោះបីជាផ្ការីកស្អាតយ៉ាងណាក៏ដោយ ក៏មិនអាចបង្កើតជាផ្លែឈើដែលមានគុណភាពបានដែរ។

ដំណើរការនៃការបង្កាត់លម្អងជាជំហានៗ

១. ផ្កាឈ្មោលផលិតលម្អង៖ ផ្កាឈ្មោលមានកញ្ចុំ​លម្អង​ (anthers) ដែលផលិតគ្រាប់លម្អងរាប់លាន ដែលផ្ទុកហ្សែនឈ្មោលចាំបាច់សម្រាប់ការបង្កកំណើត។

២. ឃ្មុំប្រមូល និងផ្ទេរលម្អង៖ នៅពេលដែលឃ្មុំទៅទុំលើផ្កាដើម្បីប្រមូលទឹកដម គ្រាប់លម្អងនឹងជាប់នឹងដងខ្លួនរបស់វា ហើយពេលវាហើរទៅទុំលើផ្កាញី លម្អងនោះនឹងត្រូវដាក់ជាប់លើស្ទីកមា​ឬមាត់​កេសរញី (stigma) តាមបែបធម្មជាតិ។

៣. ការចាប់ផ្តើមបង្កាត់លម្អង៖ នៅពេលដែលលម្អងធ្លាក់លើស្ទីកមា វាដុះពន្លក និងបង្កើតជា​បំពង់លម្អង ដែលលូតលាស់ចុះក្រោមឆ្ពោះទៅរកអូវែ។

៤. ការបង្កកំណើត៖ កោសិកាឈ្មោលធ្វើដំណើរតាមបំពង់លម្អងដើម្បីបង្កកំណើតជាមួយអូវែនៅខាងក្នុង ដែលជាជំហានសំខាន់បំផុតក្នុងការជំរុញឱ្យមានការបង្កើតផ្លែ។

៥. ការលូតលាស់ផ្លែ៖ ក្រោយពេលបង្កកំណើតជោគជ័យ អូវែចាប់ផ្តើមរីកធំឡើង ឯផ្កាបន្តប្រែជារូបរាងជាផ្លែឈើដែលមានសុខភាពល្អ ចំណែកឯអូវែដែលបានបង្កកំណើតប្រែជាគ្រាប់។

ហេតុអ្វីបានជាការបង្កាត់លម្អងមានសារៈសំខាន់?

  • ជួយបង្កើនអត្រាកំណើតផ្លែ និងទិន្នផលសរុប។
  • ផលិតបានផ្លែឈើធំៗ និងមាន​រូបរាងស្អាតល្អ។
  • ធ្វើឱ្យការបង្កើតគ្រាប់ និងគុណភាពផ្លែឈើកាន់តែប្រសើរឡើង។
  • គាំទ្រដល់ការផលិតដំណាំប្រកបដោយសុខភាពល្អ។
  • បង្កើនផលិតភាពទូទាំងចម្ការទាំងមូល។

គន្លឹះដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការបង្កាត់លម្អង

  • លើកទឹកចិត្តដល់ការអភិរក្សភ្នាក់ងារបង្កាត់លម្អងធម្មជាតិ ដូចជាសត្វឃ្មុំ មេអំបៅ​។
  • ចៀសវាងការបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងអំឡុងពេលដែលដំណាំកំពុងចេញផ្កា។
  • ដាំផ្កាដែលទាក់ទាញសត្វល្អិតបង្កាត់លម្អងជុំវិញចម្ការ។
  • ធានាការផ្តល់ទឹកដល់​ដំណាំឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលចេញផ្កា។
  • រក្សាតុល្យភាពសារធាតុចិញ្ចឹមក្នុងដី ជាពិសេសជាតិបូរ៉ុន និងមីក្រូសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។

ការបង្កាត់លម្អងដែលមានសុខភាពល្អ គឺជាគ្រឹះនៃរាល់ការប្រមូលផលដ៏ជោគជ័យ។ សូមការពារសត្វល្អិតបង្កាត់លម្អង ថែទាំដំណាំចេញផ្កាឱ្យបានល្អ ដើម្បីទទួលបានផ្លែឈើដែលមានគុណភាពខ្ពស់ពីធម្មជាតិ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ Pollinator.org