ផ្លែឈើដែលមានសុខភាពល្អ និងមានគុណភាព គឺសុទ្ធតែចាប់ផ្តើមចេញពីដំណើរការនៃការបង្កាត់លម្អងដោយជោគជ័យ។ សត្វឃ្មុំ និងភ្នាក់ងារបង្កាត់លម្អងផ្សេងៗទៀត ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរលម្អងពីផ្កាឈ្មោលទៅកាន់ផ្កាញី ដើម្បីធានាឱ្យមានការបង្កកំណើត និងការលូតលាស់ផ្លែផ្កាបានត្រឹមត្រូវ។ បើគ្មានការបង្កាត់លម្អងទេ ទោះបីជាផ្ការីកស្អាតយ៉ាងណាក៏ដោយ ក៏មិនអាចបង្កើតជាផ្លែឈើដែលមានគុណភាពបានដែរ។

ដំណើរការនៃការបង្កាត់លម្អងជាជំហានៗ
១. ផ្កាឈ្មោលផលិតលម្អង៖ ផ្កាឈ្មោលមានកញ្ចុំលម្អង (anthers) ដែលផលិតគ្រាប់លម្អងរាប់លាន ដែលផ្ទុកហ្សែនឈ្មោលចាំបាច់សម្រាប់ការបង្កកំណើត។
២. ឃ្មុំប្រមូល និងផ្ទេរលម្អង៖ នៅពេលដែលឃ្មុំទៅទុំលើផ្កាដើម្បីប្រមូលទឹកដម គ្រាប់លម្អងនឹងជាប់នឹងដងខ្លួនរបស់វា ហើយពេលវាហើរទៅទុំលើផ្កាញី លម្អងនោះនឹងត្រូវដាក់ជាប់លើស្ទីកមាឬមាត់កេសរញី (stigma) តាមបែបធម្មជាតិ។
៣. ការចាប់ផ្តើមបង្កាត់លម្អង៖ នៅពេលដែលលម្អងធ្លាក់លើស្ទីកមា វាដុះពន្លក និងបង្កើតជាបំពង់លម្អង ដែលលូតលាស់ចុះក្រោមឆ្ពោះទៅរកអូវែ។
៤. ការបង្កកំណើត៖ កោសិកាឈ្មោលធ្វើដំណើរតាមបំពង់លម្អងដើម្បីបង្កកំណើតជាមួយអូវែនៅខាងក្នុង ដែលជាជំហានសំខាន់បំផុតក្នុងការជំរុញឱ្យមានការបង្កើតផ្លែ។
៥. ការលូតលាស់ផ្លែ៖ ក្រោយពេលបង្កកំណើតជោគជ័យ អូវែចាប់ផ្តើមរីកធំឡើង ឯផ្កាបន្តប្រែជារូបរាងជាផ្លែឈើដែលមានសុខភាពល្អ ចំណែកឯអូវែដែលបានបង្កកំណើតប្រែជាគ្រាប់។

ហេតុអ្វីបានជាការបង្កាត់លម្អងមានសារៈសំខាន់?
- ជួយបង្កើនអត្រាកំណើតផ្លែ និងទិន្នផលសរុប។
- ផលិតបានផ្លែឈើធំៗ និងមានរូបរាងស្អាតល្អ។
- ធ្វើឱ្យការបង្កើតគ្រាប់ និងគុណភាពផ្លែឈើកាន់តែប្រសើរឡើង។
- គាំទ្រដល់ការផលិតដំណាំប្រកបដោយសុខភាពល្អ។
- បង្កើនផលិតភាពទូទាំងចម្ការទាំងមូល។
គន្លឹះដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការបង្កាត់លម្អង
- លើកទឹកចិត្តដល់ការអភិរក្សភ្នាក់ងារបង្កាត់លម្អងធម្មជាតិ ដូចជាសត្វឃ្មុំ មេអំបៅ។
- ចៀសវាងការបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងអំឡុងពេលដែលដំណាំកំពុងចេញផ្កា។
- ដាំផ្កាដែលទាក់ទាញសត្វល្អិតបង្កាត់លម្អងជុំវិញចម្ការ។
- ធានាការផ្តល់ទឹកដល់ដំណាំឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលចេញផ្កា។
- រក្សាតុល្យភាពសារធាតុចិញ្ចឹមក្នុងដី ជាពិសេសជាតិបូរ៉ុន និងមីក្រូសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។
ការបង្កាត់លម្អងដែលមានសុខភាពល្អ គឺជាគ្រឹះនៃរាល់ការប្រមូលផលដ៏ជោគជ័យ។ សូមការពារសត្វល្អិតបង្កាត់លម្អង ថែទាំដំណាំចេញផ្កាឱ្យបានល្អ ដើម្បីទទួលបានផ្លែឈើដែលមានគុណភាពខ្ពស់ពីធម្មជាតិ៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ Pollinator.org
