ដីប្រៃ​និង​រោគ​សញ្ញា​៖ ស្គាល់​សញ្ញា​អាសន្ន​មុន​ពេល​បាត់​បង់​ទិន្នផល​

ជាតិប្រៃនៅក្នុងដី (Soil Salinity) គឺជាបញ្ហាប្រឈមដ៏ធំមួយដែលកាត់បន្ថយការលូតលាស់របស់ដំណាំ រារាំងការស្រូបយកសារធាតុចិញ្ចឹម និងទប់ស្កាត់ការបឺតស្រូបយកទឹករបស់ប្រព័ន្ធឫស។ កាលណាជាតិអំបិល ឬជាតិប្រៃកកកុញច្រើននៅក្នុងតំបន់ឫស វានឹងធ្វើឱ្យរុក្ខជាតិពិបាកបឺតស្រូបយកទឹកណាស់ បើទោះបីជាដីនោះមានសំណើមគ្រប់គ្រាន់ក៏ដោយ។ ការសម្គាល់ឃើញរោគសញ្ញានៃដីប្រៃបានលឿន និងការគ្រប់គ្រងដីបានត្រឹមត្រូវ អាចជួយកាត់បន្ថយការខូចខាតទិន្នផលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

ដើម្បីជួយឱ្យបងប្អូនកសិករងាយស្រួលសង្កេត និងទប់ស្កាត់បានទាន់ពេលវេលា យើងមកស្វែងយល់ពីសញ្ញាសម្គាល់ មូលហេតុ និងវិធីសាស្ត្រដោះស្រាយមួយ​ចំនួន​។​

១. សញ្ញាសម្គាល់ដែលមើលឃើញផ្ទាល់ភ្នែកនៅលើដី

  • មានស្រទាប់អំបិលពណ៌ស លេចចេញនូវកំណក ឬស្រទាប់កកកុញអំបិលពណ៌សនៅលើផ្ទៃដីខាង​លើ។
  • មានកំណកអំបិលជុំវិញឫស៖ ឃើញមានកំណកជាតិប្រៃទុំជុំវិញប្រព័ន្ធឫសដំណាំ។
  • ដីរឹង និងប្រេះ៖ ដីប្រែជាហាប់ណែន រឹង និងប្រេះស្រកាខ្លាំងនៅពេលស្ងួត។
  • អត្រាដុះគ្រាប់ពូជទាប៖ អត្រាដំណុះ​នៃ​គ្រាប់ពូជមានការធ្លាក់ចុះ ឬដុះមិនស្មើគ្នា។
  • ដំណាំលូតលាស់មិនស្មើគ្នា៖ ដំណាំនៅក្នុងចម្ការដុះលូតលាស់មិនស្មើគ្នា​ដោយ​យើង​អាច​មើល​ឃើញ​យ៉ាងច្បាស់ មាន​កន្លែងខ្ពស់ កន្លែងទាប។

២. រោគសញ្ញាដែលបង្ហាញនៅលើដើមដំណាំ

  • ចុងស្លឹកខ្លោច ឬស្ងួត៖ ចុងស្លឹកដំណាំឡើងខ្លោច ឬស្ងួតដូចត្រូវកម្តៅថ្ងៃខ្លាំង​។
  • ស្លឹកឡើងលឿងតាមរឹម៖ មានសញ្ញាលឿងតាមគែម ឬរឹមនៃស្លឹកដំណាំ។
  • ស្លឹករួញ៖ ស្លឹកដំណាំមានលក្ខណៈរួញ ឬក្រញ៉ង់។
  • ស្រពោនទោះមានទឹកស្រោចស្រព៖ ដើមដំណាំស្រពោន ទោះបីជាបងប្អូនស្រោចទឹកគ្រប់គ្រាន់យ៉ាងណាក៏ដោយ។
  • ដើមក្រិន និងអន់ថយ៖ ដំណាំអន់ថយការលូតលាស់ ដើមក្រិនមិនព្រមធំ។
  • ប្រព័ន្ធឫសតូច និងមិនសូវបែកខ្នែង៖ ឫសដំណាំដុះបានតិចតួច តូចៗ និងគ្មានខ្នែងឫសច្រើនឡើយ។

៣. តើជាតិប្រៃនៅក្នុងដីកើតឡើងយ៉ាងដូចម្តេច?

ជាតិអំបិល ឬជាតិប្រៃដែលស្ថិតនៅក្នុងដី ឬនៅក្នុងទឹកស្រោចស្រព នឹងធ្វើដំណើររំកិលឡើងលើតាមរយៈសកម្មភាពបឺតស្រូបរបស់ដី។ នៅពេលដែលទឹកភាយរំហួតចេញពីផ្ទៃដី ជាតិអំបិលទាំងនោះមិនបានភាយទៅតាមទឹកទេ គឺវានឹងបន្សល់ទុកនៅលើផ្ទៃដី និង​បន្ត​កកកុញនៅក្នុងតំបន់ឫសបន្តិចម្តងៗ។ យូរៗទៅ កត្តានេះនឹងធ្វើឱ្យកម្រិតប្រៃនៅក្នុងដីកើនឡើងខ្ពស់ បង្កផលប៉ះពាល់ដល់ការលូតលាស់ និងផលិតភាពរបស់ដំណាំ។

៤. ផលប៉ះពាល់នៃការប្រែប្រួលដីប្រៃលើដំណាំ

  • កាត់បន្ថយសមត្ថភាពបឺតស្រូបទឹករបស់ឫសដំណាំ
  • បង្កឱ្យមានអតុល្យភាព និងការខ្វះខាតសារធាតុចិញ្ចឹមនៅក្នុងរុក្ខជាតិ
  • ធ្វើឱ្យការអភិវឌ្ឍ និងការលូតលាស់របស់ឫសយឺតយ៉ាវ
  • ធ្វើឱ្យការចេញផ្កា និងការកកើតផ្លែផ្កាមិនបានល្អ
  • ធ្វើឱ្យទិន្នផលធ្លាក់ចុះ និងកាត់បន្ថយគុណភាពកសិផល

វិធីសាស្ត្រល្អៗក្នុងការគ្រប់គ្រង និងកែប្រែដីប្រៃ

ដើម្បីស្តារ និងការពារដីចម្ការរបស់បងប្អូនពីបញ្ហាដីប្រៃ អ្នកជំនាញណែនាំឱ្យអនុវត្តដូចខាងក្រោម៖

  1. ធ្វើតេស្តពិនិត្យដី និងទឹក៖ ត្រូវធ្វើតេស្តពិនិត្យដី និងទឹកស្រោចស្រពឱ្យបានទៀងទាត់ ដើម្បីដឹងពីកម្រិតជាតិប្រៃ។
  2. រៀបចំប្រព័ន្ធរំដោះទឹក៖ ធានាឱ្យមានប្រព័ន្ធចង្អូររំដោះទឹកល្អ ដើម្បីការពារការកកស្ទះ និងកកកុញជាតិអំបិល។
  3. ប្រើប្រាស់ទឹកស្រោចស្រពមានគុណភាព៖ ព្យាយាមប្រើប្រាស់ប្រភពទឹកស្រោចស្រពដែលគ្មានជាតិប្រៃ ឬមានគុណភាពល្អតាមដែលអាចធ្វើទៅបាន។
  4. លាងជម្រះជាតិប្រៃ៖ អនុវត្តការស្រោចស្រពលាងជម្រះជាតិអំបិលដែលលើសឱ្យជ្រាបចុះទៅស្រទាប់ក្រោមផុតពីតំបន់ឫសដំណាំ។
  5. បន្ថែមសារធាតុសរីរាង្គ៖ បង្កើនការប្រើប្រាស់ជីកំប៉ុស្ត ឬជីលាមកសត្វផ្អាប់រលួយល្អឱ្យបានច្រើន ដើម្បីកែលម្អរចនាសម្ព័ន្ធដី។
  6. ជ្រើសរើសពូជដំណាំធន់នឹងជាតិប្រៃ៖ ដាំដុះប្រភេទដំណាំ ឬពូជដំណាំណាដែលមានសមត្ថភាពធន់នឹងជាតិប្រៃនៅតំបន់ដែលរងផលប៉ះពាល់។
  7. ជៀសវាងការស្រោចទឹក និងបាចជីហួសកម្រិត៖ កាត់បន្ថយការស្រោចទឹកជន់លិចខ្លាំងពេក និងជៀសវាងការបាចជីគីមីច្រើនហួសប្រមាណ។

ដីដែលមានសុខភាពល្អ គឺជាគ្រឹះនៃកសិដ្ឋានដែលមានផលិតភាពខ្ពស់។ ការដឹង និងស្គាល់រោគសញ្ញានៃដីប្រៃបានលឿន ព្រមទាំងការអនុវត្តបច្ចេកទេសគ្រប់គ្រងដីបានត្រឹមត្រូវ នឹងជួយ​ឱ្យបងប្អូនអាចស្តារសុខភាពដីឡើងវិញ ជំរុញ​ការលូតលាស់របស់ឫស និងទទួលបានទិន្នផលដំណាំអតិបរមាក្នុងចម្ការរបស់បងប្អូន៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo / NIH