នៅក្នុងការដាំដុះ គ្មានអ្វីសំខាន់ជាងការយល់ដឹងពីដីនោះឡើយ។ ហេតុអ្វីបានជាសារធាតុសរីរាង្គមានសារៈសំខាន់ចំពោះសុខភាពដី? សារធាតុសរីរាង្គ (Organic Matter) គឺជាជីវិត និងជាមូលដ្ឋានគ្រះនៃដីដែលមានសុខភាពល្អ។ វាជួយកែលម្អរចនាសម្ព័ន្ធដី ផ្ដល់ចំណីដល់សត្វល្អិតល្អៗ និងធានាបាននូវនិរន្តរភាពនៃទិន្នផលដំណាំរបស់បងប្អូនទៅថ្ងៃអនាគត។

ហេតុអ្វីសារធាតុសរីរាង្គជារឿងចាំបាច់?
- កែលម្អរចនាសម្ព័ន្ធដី៖ វាជួយចងភ្ជាប់ភាគល្អិតៗនៃដីឱ្យទៅជាដុំដីដែលមានលក្ខណៈធូរ មានរន្ធខ្យល់ស្រឡះ និងជួយឱ្យឫសដំណាំអាចចាក់ចុះទៅជ្រៅបានយ៉ាងងាយស្រួល។
- ពង្រឹងសមត្ថភាពរក្សាទឹក៖ ដីដែលមានសារធាតុសរីរាង្គខ្ពស់ ដើរតួដូចជាអេប៉ុងជួយបឺតនិងរក្សាទឹកក្នុងដី ដែលអាចជួយកាត់បន្ថយហានិភ័យនៃភាពរាំងស្ងួតលើដំណាំ។ ដីប្រភេទនេះអាចរក្សាទឹកបានច្រើនជាងមុនរហូតដល់ ២០% ធៀបនឹងដីធម្មតា។
- ផ្គត់ផ្គង់សារធាតុចិញ្ចឹមចាំបាច់៖ នៅពេលសារធាតុសរីរាង្គពុកផុយ វានឹងបញ្ចេញសារធាតុចិញ្ចឹមយឺតៗ និងស្មើភាពល្អដល់រុក្ខជាតិ។ ដីដែលមានសារធាតុសរីរាង្គខ្ពស់ មានជាតិអាសូត ច្រើនជាងមុនរហូតដល់ ៥ដង។
- ផ្ដល់ចំណីដល់ជីវិតក្នុងដី៖ វាជាប្រភពថាមពលសម្រាប់មីក្រូសារពាង្គកាយល្អៗ ជន្លេន និងសត្វល្អិតក្នុងដី។ ក្នុងដីដែលមានសុខភាពល្អត្រឹមតែមួយស្លាបព្រាកាហ្វេ អាចមានផ្ទុកនូវមេរោគល្អៗរាប់លានក្បាល។
- ជំរុញការលូតលាស់របស់ដំណាំ៖ កាលណាដីមានរចនាសម្ព័ន្ធល្អ មានសំណើម និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយឱ្យឫសដំណាំរឹងមាំ រុក្ខជាតិមានសុខភាពល្អ និងផ្តល់ទិន្នផលខ្ពស់។
- បង្កើនភាពធន់របស់ដី៖ ជួយឱ្យដីធន់នឹងការហូរច្រោះ (សំណឹកដី) ការហាប់ណែន និងការប្រែប្រួលអាកាសធាតុខ្លាំង។ ការកើនឡើងសារធាតុសរីរាង្គក្នុងដីត្រឹមតែ ១% អាចកាត់បន្ថយការហូរច្រោះដីបានរហូតដល់ ២៥%។
- រក្សាទុកសារធាតុកាបូន និងជួយដល់អាកាសធាតុ៖ វាជួយចងភ្ជាប់ជាតិកាបូនទុកនៅក្នុងដី ដែលជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិកនៅក្នុងបរិយាកាស និងជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

របៀបបង្កើត និងបង្កើនសារធាតុសរីរាង្គនៅក្នុងដី
ដើម្បីធ្វើឱ្យដីរបស់បងប្អូនមានសុខភាពល្អឡើងវិញ បងប្អូនអាចអនុវត្តតាមវិធីសាស្ត្រងាយៗដូចខាងក្រោម៖
- បន្ថែមជីកំប៉ុស្ត និងជីលាមកសត្វដែលរលួយល្អ៖ ត្រូវងាកមកប្រើប្រាស់ជីសរីរាង្គ ឬជីបៃតងឱ្យបានច្រើននិងទៀងទាត់។
- ដាំដំណាំគ្របដី និងដាំដុះឆ្លាស់វេន៖ ការដាំសណ្តែកដី សណ្តែកបាយ ឆ្លាស់គ្នា ជួយកុំឱ្យដីទំនេរ និងជួយបង្កើតជាតិអាសូតធម្មជាតិ។
- គ្របដីដោយកាកសំណល់កសិកម្ម៖ ប្រើប្រាស់ចំបើង ស្លឹកឈើក្រៀម ឬកាកសំណល់ដំណាំដែលសល់មកគ្របដណ្ដប់លើផ្ទៃដីចម្ការ។
- កាត់បន្ថយការភ្ជួររាស់៖ ការភ្ជួររាស់ដីញឹកញាប់ពេក ធ្វើឱ្យខូចរចនាសម្ព័ន្ធដី និងសម្លាប់មេរោគល្អៗក្នុងដី។
- រក្សាឱ្យមានឫសរុក្ខជាតិរស់នៅក្នុងដី៖ ព្យាយាមដាំដំណាំឱ្យមានឫសនៅក្នុងដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាដីឱ្យមានជីវិត។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានសង្កត់ធ្ងន់ថាសារធាតុសរីរាង្គគឺជាសូចនាករដ៏សំខាន់បំផុតនៃសុខភាពដី។ ការបង្កើនសារធាតុសរីរាង្គនៅក្នុងដី មិនត្រឹមតែជួយដល់ការលូតលាស់របស់ដំណាំប៉ុណ្ណោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រដ៏ចម្បងក្នុងការជួយឱ្យកសិករមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរក្សាសំណើមក្នុងដីបានយូរអង្វែង។
ចំណែកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានបង្ហាញតាមរយៈការស្រាវជ្រាវក្នុងស្រុកថាដីកសិកម្មនៅក្នុងប្រទេសកម្ពុជាភាគច្រើន ជាដីខ្សាច់ និងដីខ្សោះជីវជាតិដោយសារការដាំដុះឯកវប្បកម្ម (ដាំដំណាំតែមួយមុខដដែលៗ)។ ការបំប៉នដីដោយប្រើប្រាស់ជីកំប៉ុស្ត ឬជីសរីរាង្គកែច្នៃ អាចជួយស្តាររចនាសម្ព័ន្ធដីឡើងវិញយ៉ាងលឿន និងជួយកាត់បន្ថយការចំណាយលើការទិញជីគីមីបានចន្លោះពី ២០% ទៅ ៣០%។
ចូរចងចាំថាដីមានសុខភាពល្អ ធ្វើឲ្យដំណាំមានសុខភាពល្អ។ សារធាតុសរីរាង្គគឺជាគន្លឹះតែមួយគត់ដែលជួយសុខភាពដីបានយូរអង្វែង។ ចាប់ផ្តើមចិញ្ចឹមដីរបស់បងប្អូនដោយសារធាតុសរីរាង្គនៅថ្ងៃនេះ ដើម្បីទទួលបានដីដាំដុះដែលមានជីជាតិ ផលិតភាពខ្ពស់ និងនិរន្តរភាពនៅថ្ងៃស្អែក៕
