បងប្អូនកសិករ ការយល់ដឹង និងស្គាល់ច្បាស់ពីប្រភេទដីនៅក្នុងចម្ការរបស់ខ្លួន គឺជាជំហានដំបូងបង្អស់ និងសំខាន់បំផុត ដើម្បីធ្វើឱ្យដំណាំមានសុខភាពល្អ ឫសដុះមាំ និងទទួលបានទិន្នផលខ្ពស់។ កម្រិតសមាសធាតុផ្សំ ឬលក្ខណៈសាច់ដី (វាយនភាពដី) ជះឥទ្ធិពលដោយផ្ទាល់ទៅលើការហូរជ្រាបនៃទឹក កម្រិតជីជាតិដី រន្ធខ្យល់ និងការលូតលាស់របស់ប្រព័ន្ធឫស។ ការស្គាល់ដីខ្លួនឯងច្បាស់ នឹងជួយឱ្យបងប្អូនធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើការស្រោចស្រព ការបាចជី និងការថែទាំដំណាំ។
ពួកយើងមកស្វែងយល់ពីប្រភេទដីសំខាន់ៗ វិធីសាស្ត្រធ្វើតេស្តដោយខ្លួនឯង និងបច្ចេកទេសគ្រប់គ្រងដីដូចខាងក្រោម។

ប្រភេទដីកសិកម្មសំខាន់ៗទាំង ៣
១. ដីខ្សាច់
- លក្ខណៈពិសេស៖ ជម្រាបទឹកបានលឿនបំផុត និងឆាប់ក្តៅនៅដើមរដូវ។ មានរន្ធខ្យល់ចេញចូលល្អខ្លាំង ប៉ុន្តែសមត្ថភាពរក្សាទឹក ឬសំណើមមានកម្រិតទាប។
- បញ្ហាប្រឈម៖ ជីជាតិ និងសារធាតុចិញ្ចឹមងាយនឹងត្រូវទឹកលាងជម្រះបាត់បង់អស់ ដែលតម្រូវឱ្យបងប្អូនត្រូវដាក់ជីញឹកញាប់។
- វិធីសាស្ត្រគ្រប់គ្រង៖ បន្ថែមជីកំប៉ុស្ត សារធាតុសរីរាង្គ (ជីលាមកសត្វផ្អាប់) និងចំបើងគ្របដី ព្រមទាំងស្រោចទឹកឱ្យបានញឹកញាប់ក្នុងបរិមាណតិចៗ។
២. ដីល្បាប់ ឬដីល្បាយ
- លក្ខណៈពិសេស៖ គឺជាដីដែលមានសមាសធាតុផ្សំពីខ្សាច់ ល្បាប់ និងដីឥដ្ឋក្នុងកម្រិតសមល្មម និងមានតុល្យភាពឥតខ្ចោះ។ ជម្រាបទឹកបានល្អ ថែមទាំងរក្សាសំណើមបានសមស្រប រក្សាសារធាតុចិញ្ចឹម និងជីជាតិបានច្រើន។
- គុណសម្បត្តិ៖ ជួយឱ្យប្រព័ន្ធឫសដំណាំដុះលូតលាស់បានយ៉ាងរឹងមាំ និងសមស្របបំផុតសម្រាប់ការដាំដុះដំណាំហូបផ្លែ បន្លែបង្ការ និងដំណាំចម្ការទូទៅ ដោយមិនបាច់កែច្នៃបន្ថែមច្រើនឡើយ។
៣. ដីឥដ្ឋ
- លក្ខណៈពិសេស៖ មានសមត្ថភាពរក្សាទឹក និងជីជាតិបានយូរអង្វែង ប៉ុន្តែជម្រាបទឹកយឺតខ្លាំង ហើយអាចប្រេះស្រកានៅពេលស្ងួតខ្លាំង។
- បញ្ហាប្រឈម៖ ងាយប្រែជាហាប់ណែន កាត់បន្ថយខ្យល់អុកស៊ីសែនក្នុងដី និងរារាំងការលូតលាស់របស់ឫសដំណាំ។
- វិធីសាស្ត្រគ្រប់គ្រង៖ កែលម្អរចនាសម្ព័ន្ធដីដោយបន្ថែមជីកំប៉ុស្តសរីរាង្គ ជៀសវាងការភ្ជួររាស់ ឬធ្វើការលើដីនៅពេលដីកំពុងសើមខ្លាំង និងរៀបចំប្រព័ន្ធរំដោះទឹកឱ្យបានល្អ។
វិធីសាស្ត្រធ្វើតេស្តស្គាល់ប្រភេទដីដោយខ្លួនឯង
បងប្អូនអាចធ្វើតេស្តដឹងពីប្រភេទដីក្នុងចម្ការបានយ៉ាងងាយស្រួលដោយអនុវត្តតាមជំហានខាងក្រោម៖
- ចាប់យកដីសើមមួយក្តាប់ដៃ។
- បន្ថែមទឹកបន្តិចបន្តួចប្រសិនបើដីស្ងួត។
- ពូត ឬក្តាប់ដីនោះបង្កើតជារាងមូលដូចបាល់
បើដីជ្រុះចេញពីគ្នាដោយងាយ មិនអាចពូតបាន នោះគឺជា ដីខ្សាច់។ បើពូតបានជាបាល់ទន់ៗ រួចមានស្នាមប្រេះបន្តិចបន្តួច នោះគឺជាដីល្បាប់ឬដីល្បាយ។ បើពូតបានជាបាល់រឹង ស្អិត និងអាចលញ់ជារាងមូល ឬខ្សែវែងបាននោះគឺជាដីឥដ្ឋ។

ហេតុអ្វីបានជាការស្គាល់ប្រភេទដីមានសារសំខាន់?
នៅពេលដែលបងប្អូនស្គាល់ប្រភេទដីចម្ការរបស់ខ្លួនឯងច្បាស់ វានឹងផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖
- កំណត់កាលវិភាគនៃការស្រោចស្រពទឹកបានត្រឹមត្រូវ (មិនខ្វះ មិនលើស)
- បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ជីជាតិ និងកាត់បន្ថយការខាតបង់ជី
- ជំរុញឱ្យប្រព័ន្ធឫសដំណាំដុះលូតលាស់វែង និងរឹងមាំ
- បង្កើនទិន្នផល និងផលិតភាពដំណាំឱ្យបានអតិបរមា
- ធ្វើឱ្យដំណាំមានសុខភាពល្អ និងរក្សានិរន្តរភាពដីបានយូរអង្វែង
ដីដែលមានសុខភាពល្អ គឺជាគ្រឹះនៃកសិដ្ឋាន និងចម្ការដែលទទួលបានជោគជ័យ។ ចូរស្វែងយល់ពីប្រភេទដី រៀបចំគ្រប់គ្រងវាដោយវៃឆ្លាត ដើម្បីឱ្យដំណាំរបស់បងប្អូនលូតលាស់ និងផ្តល់ផលបានពេញសក្តានុពល៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo / Soil Association
