ជីសរីរាង្គ​និង​​ជី​គីមី​៖ មួយណាជាជម្រើស​​កសាង​អនាគត​កសិកម្ម​រឹង​មាំ​?

ដីដែលមានសុខភាពល្អ គឺជាគ្រឹះស្ថានដ៏រឹងមាំនៃកសិកម្មទទួលបានជោគជ័យ។ ក្នុងការដាំដុះ ការសម្រេចចិត្តជ្រើសរើសរវាង ជីសរីរាង្គ និង ជីគីមី មិនត្រឹមតែជះឥទ្ធិពលផ្ទាល់ទៅលើការលូតលាស់របស់ដំណាំក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាកំណត់លើកម្រិតជីជាតិដី គុណភាពទឹក និងនិរន្តរភាពនៃចម្ការរបស់បងប្អូនទៅថ្ងៃអនាគតផងដែរ។

ដើម្បីជួយឱ្យបងប្អូនយល់ដឹងកាន់តែច្បាស់ និងអាចជ្រើសរើសប្រើប្រាស់បានត្រឹម​ត្រូវតាម​បច្ចេកទេស ពួកយើងមកពិនិត្យមើលការប្រៀបធៀបស៊ីជម្រៅរវាងជីទាំងពីរប្រភេទនេះ។

១. ជីសរីរាង្គការវិនិយោគដើម្បីអនាគតដី

ជីសរីរាង្គ គឺជាជីដែលផលិតឡើងពីប្រភពធម្មជាតិពិតៗ ដូចជា ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកាកសំណល់រុក្ខជាតិផ្សេងៗ។

  • កែលម្អរចនាសម្ព័ន្ធដី៖ ជួយធ្វើឱ្យដីធូរ មានរន្ធខ្យល់ និងបង្កើនសកម្មភាពរបស់មីក្រូសារពាង្គកាយល្អៗ (បាត់តេរីល្អៗ) នៅក្នុងដី។
  • បញ្ចេញសារធាតុចិញ្ចឹមយឺតៗ៖ វាបញ្ចេញជីវជាតិបន្តិចម្តងៗ ធ្វើឱ្យដំណាំទទួលបានការបំប៉នប្រកបដោយតុល្យភាព និងមិនងាយខូចឫស។
  • ជំរុញ​ប្រព័ន្ធឫស៖ ជួយឱ្យឫសដំណាំដុះលូតលាស់បានវែង និងជ្រៅ ធ្វើឱ្យដើមឈើមានសុខភាពល្អ។
  • សុវត្ថិភាពខ្ពស់៖ មិនប៉ះពាល់ដល់បរិស្ថាន ជួយរក្សាប្រភពទឹកក្រោមដី និងរក្សាសំណើមដីបានល្អ​។
  • និរន្តរភាព៖ ជួយកសាងដីឱ្យមាន​មានជីជាតិពិតប្រាកដសម្រាប់កូនចៅជំនាន់ក្រោយ។

២. ជីគីមី​អាហារបំប៉នលឿនទាន់ចិត្ត

ជីគីមី គឺជាជីដែលផលិតឡើងតាមរយៈដំណើរការឧស្សាហកម្ម ដែលមានកំហាប់សារធាតុចិញ្ចឹមខ្ពស់ និងជាក់លាក់ (ដូចជា ជី NPK)។

  • ជំរុញ​ការលូតលាស់រហ័ស៖ វាផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឱ្យរុក្ខជាតិភ្លាមៗ ធ្វើឱ្យដំណាំប្រែពណ៌ជាខៀវខ្ចី និងលូតលាស់លឿនទាន់ចិត្ត។
  • ងាយស្រួលប្រើប្រាស់៖ ងាយបាច ងាយរលាយ និងមានកំហាប់ជីជាតិខ្ពស់ក្នុងបរិមាណតិចតួច​។
  • ផលប៉ះពាល់នៃការប្រើប្រាស់ហួសកម្រិត៖ ប្រសិនបើប្រើប្រាស់ច្រើនពេក វានឹងកាត់បន្ថយជីវិតមីក្រូសារពាង្គកាយល្អៗក្នុងដី។
  • ធ្វើឱ្យដីខូចគុណភាព៖ ងាយបង្កឱ្យដីប្រែជាជូរខ្លាំង (ដីអាស៊ីត) និងបណ្តាលឱ្យមានអតុល្យភាព​សារធាតុចិញ្ចឹមនៅក្នុងដី។
  • បំពុលប្រភពទឹក៖ មានហានិភ័យខ្ពស់ក្នុងការហូរច្រោះទៅបំពុលប្រភពទឹកធម្មជាតិ តាមរយៈទឹកភ្លៀង ឬការស្រោចស្រព។
  • បង្កើតភាពញៀនញ៉ាម៖ ធ្វើឱ្យដីកាន់តែខ្សោះជីវជាតិ និងពឹងផ្អែកលើជីគីមីកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យដំណាំបាត់បង់ភាពធន់។

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)​បានសង្កត់ធ្ងន់ថា​ការប្រើប្រាស់តែជីគីមីមួយមុខដោយបោះបង់ចោលជីសរីរាង្គ គឺជាការបំផ្លាញជីវសាស្ត្ររបស់ដី។ យុទ្ធសាស្ត្រដ៏ល្អបំផុតសម្រាប់កសិកម្មប្រកបដោយនិរន្តរភាព គឺការគ្រប់គ្រងជីវជាតិដីបែបចម្រុះ ដោយយកជីសរីរាង្គធ្វើជាគ្រឹះ ដើម្បីរក្សារចនាសម្ព័ន្ធដី និងប្រើប្រាស់ជីគីមីក្នុងកម្រិតត្រឹមត្រូវមួយដើម្បីបំពេញបន្ថែមនៅវគ្គដែលដំណាំត្រូវការខ្លាំង។

ចំណែក​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានបង្ហាញលទ្ធផលស្រាវជ្រាវលើដីកសិកម្មក្នុងស្រុកថា​ដីដែលបានបន្ថែមជីសរីរាង្គ ដូចជា ជីកំប៉ុស្ត ឬជីលាមកសត្វផ្អាប់ ជាប្រចាំ អាចជួយបង្កើនប្រសិទ្ធភាពរបស់ជីគីមីបានទ្វេដង។ មានន័យថា សារធាតុសរីរាង្គជួយទប់ជើងជីគីមីមិនឱ្យហួត ឬហូរចោល បណ្តាលឱ្យកសិករអាចកាត់បន្ថយការប្រើប្រាស់ជីគីមីអស់រហូតដល់ទៅ ៣០% ប៉ុន្តែទទួលបានទិន្នផលខ្ពស់ជាងមុន និងរក្សាដីមិនឱ្យខូច​។

ការជ្រើសរើសប្រើប្រាស់ជីសរីរាង្គ គឺដូចជាការសន្សំប្រាក់ក្នុងធនាគារសម្រាប់អនាគត ឯការប្រើប្រាស់ជីគីមីគឺដូចជាការខ្ចីប្រាក់មកប្រើប្រាស់ភ្លាមៗ។ កសិករឆ្លាតវៃគួរប្រើ​ជីសរីរាង្គ និង​ជីមី​ដោយផ្សំផ្គុំគ្នាឱ្យត្រូវតាមបច្ចេកទេស ដើម្បីដំឡើងទិន្នផលនៅថ្ងៃនេះ និងរក្សាដីធូរមានជាតិសម្រាប់ថ្ងៃស្អែក៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo /Fabian Farm Seed