ការដាំដុះដំណាំ ត្រូវការចាំបាច់បំផុតនោះគឺជី។ ដើម្បីអាចដាំដុះដំណាំបានគេត្រូវការជីដើម្បីផ្ដល់សារធាតុចិញ្ចឹមដើម្បីលូតលាស់បានល្អ។
ជីមានពីរប្រភេទគឺជីសរីរាង្គ ដែលបានមកពីកាកសំណល់ផ្ទះបាយ លាមកសត្វ ឬកាកសំណល់ស្លឹកឈើ ជាដើម និង ជីមួយប្រភេទទៀតគឺជីគីមី។ ការប្រើប្រាស់ជីលើសទៅលើដំណាំបណ្ដាលអោយដំណាំទទួលរងនូវបញ្ហាជាច្រើនដូចជាធ្វើឲ្យដំណាំពុល ឬងាប់ក្រោយដាក់ជីបាន១ទៅ២ថ្ងៃ។ បើសិនជាយើងដាក់លើសពីតម្រូវការដែលរុក្ខជាតិត្រូវការ
ធ្វើឲ្យរុក្ខជាតិលូតលាស់ខុសប្រក្រតីធំមិនស្មើគ្នា ឬអាចបណ្ដាលអោយរុក្ខជាតិធ្លោសដែលពិបាកក្នុងការទ្រទំងន់ ដើមរបស់វាអាចបណ្ដាលអោយរុក្ខជាតិបាក់ដើម បាក់មែកដែលប៉ះពាល់ដល់ទិន្នផល។
នៅពេលដែលរុក្ខជាតិស្រូបជីមិនបានអស់ សារធាតុដែលនៅសល់ក្នុងដីនឹងប្រែទៅជាសារធាតុប្រៃឬហៅថាដីឡើងអំបិលដែលវាធ្វើឲ្យរុក្ខជាតិពុល។
សារធាតុរ៉ែជាច្រើនមុខដែលនៅក្នុងជីត្រូវបានហូរចូលទៅក្នុងបឹង ទន្លេ ឬប្រភពទឹកដែលយើងប្រើប្រាស់។ ក្រៅពីនេះក៏ ធ្វើឲ្យយើងខាតបង់ថវិកាដោយសារការចំណាយខុសគោលដៅ វាមិនត្រឹមតែបាត់បង់នូវទិន្នផលនោះទេ ថែមទាំងចំណាយថវិកាច្រើនទៀតផង ដោយសារជីគឺមានតម្លៃថ្លៃ។
បន្ថែមពីនេះ ក៏ធ្វើអោយបាត់បង់ពពួកមីក្រូសរីរាង្គកាយក្នុងដីដែលល្អដល់ដំណាំ ប្រសិនបើយើងប្រើជីច្រើនជ្រុល។
ការប្រើប្រាស់ត្រូវស្គាល់ច្បាស់ពីតម្រូវការនីមួយៗរបស់ដំណាំ មិនមែនដាក់ជីច្រើនសុទ្ធតែល្អនោះទេ។ ឧទាហណ៍ ជីខ្លះប្រើតែលើដំណាំយកផ្លែ និងផ្កាប៉ុណ្ណោះ។ គួរប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំ ដើម្បីដឹងពីការប្រើប្រាស់ជីត្រឹមត្រូវលើប្រភេទដំណាំរបស់យើង។
អត្ថបទដោយ៖ Kakse/កសិ
