ជាច្រើនជំនាន់មកហើយ ដែលកសិករនៅកម្ពុជាបន្តនិយមចិញ្ចឹមទាពូជស្រុកដោយសារគុណភាពនៃសាច់របស់វាមានខ្លាញ់ទាប ហើយសមស្របសម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ។
ពូជទាស្រុកសមស្របសម្រាប់អ្នកទើបចាប់ផ្ដើមចិញ្ចឹមដោយសារវាអាចធន់នឹងអាកាសធាតុមិនល្អ និងរដូវកាលដែលខ្វះចំណី។ ទាស្រុកប្រសើរណាស់ក្នុងការដើររកចំណីដោយខ្លួនវា។
តែគួរឲ្យសោកស្ដាយដោយសារវាមានជើងខ្លីធ្វើឲ្យដងខ្លួនស្ទើរតែអូសដី ដែលធ្វើឲ្យវាមានការលំបាកក្នុងការដើរឆ្ងាយ។ ជាទូទៅពូជទាស្រុកផលិតស៊ុត ៦០-៨០គ្រាប់ក្នុងមួយឆ្នាំ តែផលិតកម្មស៊ុតអាចកើនឡើងបលកសិករអាចកែលំអការគ្រប់គ្រង និងការផ្ដល់ចំណីចំណី។
១.ទាសំពៅ
ពូជទាសំពៅមានការនិយមចូលចិត្តចិញ្ចឹមនៅជនបទនៃប្រទេសកម្ពុជាដោយសារស៊ុតរបស់វាធំ។ ទាសំពៅមានទំហំខ្លួនមធ្យម និងពូកែដើររកចំណី។ ទាសំពៅត្រូវបានសំគាល់តាមរយៈបង្កង់សរនៅត្រង់ករ និងរោមរបស់វាលឿងភ្លឺ ចំពុះត្នោត និងជើងលឿង។ ពួកវាចាប់ផ្ដើមផលិតស៊ុតនៅអាយុ ៥-៦ខែ។
២.ទាអង្កាម
ទាអង្កាមមានជើងតូច ហើយខ្លី និងករខ្លី មានដងខ្លួនតូច និងមានរោមពណ៌ចាប់ពីលឿងទុំរហូតដល់ពណ៌ត្នោត ដែលមានចំណុចខ្មៅតូចៗ។ ពូជនេះមានលក្ខណៈសម្បត្តិសមស្របសម្រាប់ផលិតកម្មខ្នាតតូចដោយសារវាធន់នឹងភាពរាំងស្ងួតនឹងជំងឺ រួមបញ្ចូលទាំងពពួកប៉ារាស៊ីត។ ក្រៅពីនេះពួកវាប៉ិនដើររកចំណីដូចជារុក្ខជាតិទឹក ដែលមានបរិមាណទឹកខ្ពស់។ ពួកវាអាចស៊ីចំណីដូចជាចកបាយទាស្មើនឹងទម្ងន់ខ្លួន។
៣.ទាកាប៉ា
ទាកាប៉ាខុសគ្នាទាំងស្រុងពីពូជទាក្នុងស្រុកដទៃទៀត ដោយសារវាអាចភ្ញាស់ស៊ុតរបស់វា មានទំហំខ្លួនធំ មានរោមពណ៌ខ្មៅ តែក៏មានពណ៌សសុទ្ធ និងខ្មៅលាយសផងដែរ។ ទាញីចាប់ផលិតស៊ុតនៅអាយុ ៥-៦ខែ ដែលមានពង ១៥-២០គ្រាប់ សម្រាប់ការពងមួយវគ្គៗ។ ទាកាប៉ាមានការនិយម ចូលចិត្តណាស់នៅប្រទេសកម្ពុជាដោយសារវាធន់នឹងជំងឺ និងចំណីមានគុណភាពទាប។
ទាប្រភេទនេះមាន ការបន្តពូជបានល្អ ដែលអាត្រាស៊ុតវាអាចមានរហូតដល់ ៨០-៩០%។ ទាកាប៉ាឈ្មោលអាចមានទំងន់ដល់ទៅ ៤-៥គ.ក្រ ហើយញីវិញ ១-១,៥គក្រ។ ទាកាប៉ាញីជាមេទាល្អអាចថែរក្សាកូនវាបានគង់វង្សច្រើន។ ពូជទានេះសមស្របណាស់សម្រាប់កសិករដោយសារវាពូកែរកចំណី និងភ្ញាស់ខ្លួនវាបាន។ ពងទាកាប៉ាត្រូវការ ៥អាទិត្យដើម្បីញ៉ាស់ផ្ទុយពីទាធម្មតា ដែលត្រូវការតែរយៈពេល ៤អាទិត្យ។ ទាកាប៉ាឈ្មោលអាចបង្កាត់ពូជជាមួយទាញីផ្សេងទៀតហើយកូនកាត់របស់ពូជទាំងពីរ ជាទូទៅធំលឿន និងផលិតសាច់បានល្អសម្រាប់ទីផ្សារ៕
ប្រភព៖ ឯកសារក្រសួងកសិកម្ម
