More

    របៀបធ្វើពោតផ្អាប់ ឬផ្អកពោតសម្រាប់គោ ក្របី

    - Advertisement -
    Advertisement

    ក្នុងការចិញ្ចឹមគោក្របីនិងពពែក្រៅពីពពួកស្មៅលេហ្គីម និងស្មៅធញ្ញជាតិ ពោតគឺជាដំណាំបៃតងមួយប្រភេទដែលផ្ដល់ទាំង​ដើមនិង​ផ្លែអាចធ្វើជាចំណីសត្វ​បានយ៉ាងល្អប្រសើរ​ និង​ជួយ​ដល់ការលូតលាស់របស់សត្វទំពាអៀង ដូច​ជា​គោ ជា​ដើម​។​។ នៅក្នុងកសិដ្ឋានធំៗពិសេសកសិដ្ឋានចិញ្ចឹមគោទឹកដោះគេនិយមជ្រើសរើសដាំដំណាំពោតធ្វើជាចំណីសត្វណាស់ដោយសារវាសារជាតិចិញ្ចឹម​ច្រើន និងគុណភាពខ្ពស់ព្រមទាំងងាយផ្អាប់ទុកជាចំណីបានពេញមួយឆ្នាំ។

    តាមពិតទៅពោតគឺជាប្រភេទដំណាំដែលមានប្រូតេអ៊ីនពី៨-៩% និងជាប្រភេទចំណីផ្ដល់ថាមពលខ្ពស់ដ៏មាន​សារៈសំខាន់ក្នុងការចិញ្ចឹមសត្វ ហើយភាគច្រើនត្រូវបានគេផ្ដល់ឲ្យសត្វស៊ីក្នុងទម្រង់ផ្អាប់ដោយគេត្រូវប្រមូលផលវាទាំងដើម ហើយកមកកែច្នៃផ្អាប់ទុកជាចំណីសត្វនៅពេលត្រូវការ។

    តើផ្អកដំណាំពោតគឺជាអ្វី?

    ផ្អកដំណាំពោត ឬនិយាយភាសាងាយផ្អកពោតគឺជាការប្រមូលផលដំណាំពោតមកកាត់ជាកំណាត់ល្អិតៗហើយរក្សាទុកកន្លែងគ្មានខ្យល់ដូចជាក្នុងធុង ឬថង់ផ្លាស្ទិកបិទជិត។ ការកែច្នៃរក្សាទុកដើមពោតចិញ្ច្រាំក្នុងកន្លែងគ្មានខ្យល់បែបនេះ គឺដើម្បីឲ្យបាត់តេរីអាចបំបែកសមាសធាតុគីមីក្នុងចំណីបានធ្វើល្បើង ឬក៏កាច់និងក្លាយជាចំណីផ្អាប់ដ៏មានគុណភាព។

    ការធ្វើផ្អកពោតផ្ដល់នូវអត្ថប្រយោជន៍ដូចជាបង្កើនរសជាតិ និងសារធាតុចិញ្ចឹមជួយឲ្យគោ ក្របី ពពែ លូតលាស់បានលឿន និង​ក៏​អាចរក្សាទុកបានយូរខែឆ្នាំ សម្រាប់ជាចំណីស្តុកនៅកំឡុងពេលខ្សត់ចំណីក្នុងរដូវប្រាំង។ កសិករ​អាចកំណត់ពេលប្រមូលផលបាននូវដំណាក់កាលដែលដំណាំពោតមានគុណភាពល្អបំផុតសម្រាប់ធ្វើផ្អក និងអាចកាត់បន្ថយការធ្លាក់ចុះគុណភាពដោយសារការទុកដំណាំចាស់ដើម​ពេក។

    របៀបធ្វើរបៀបធ្វើផ្អកដំណាំពោតជាលក្ខណៈគ្រួសារគឺប្រហាក់ប្រហែល ឬស្ទើរតែដូចគ្នាទៅនឹងការធ្វើផ្អកស្មៅដែរ​ដោយគេអាចធ្វើបានយ៉ាងងាយតាមរបៀបសាមញ្ញ​​មួយ​។

    ១. សម្ភារៈ

    – ដើមពោតបន្ទាប់ពីប្រមូលផលហើយ ឬក៏ដើមពោតដែលបងប្អូនដាំសម្រាប់ធ្វើជាចំណីសត្វ

    – មេផ្អកដែលបានធ្វើទុក ឬអ៊ីអឹមដែលបងប្អូនអាចរកទិញបានពីផ្សារ

    – ថង់ប្លាសិ្ទកក្រាស់

    – សំបកបាវ

    – ខ្សែសម្រាប់​ចងមាត់ថង់

    – កំបិតសំរាប់កាត់ដើមពោត ឬស្លឹកជាកង់ៗ ឬម៉ាស៊ីនចិញ្ច្រាំ

    – តង់សំរាប់ក្រាលដាក់ដើមពោត ដែលបានកាត់ឬចិញ្ច្រាំរួច

    ២.  របៀបធ្វើ

    – យកដើមពោតដែលបានកាត់ ឬចិញ្ច្រាំរួចហើយដាក់ចូលទៅក្នុងថង់ប្លាសិ្ទក ញាត់វាអោយបានណែនល្អ

    – ជាទូទៅថង់ប្លាសិ្ទកមួយអាចដាក់ផ្អកដើមពោតបានចន្លោះពី ២៥ទៅ៣០ គីឡូក្រាម

    – ចាក់មេផ្អក ឬអ៊ីអឹមចំនួន៣គម្របដបចូលទៅក្នុងបាវ ដែលបានច្រករួច

    – ចងមាត់ថង់ឲ្យបានតឹង ដោយធ្វើយ៉ាងណាមិនត្រូវឲ្យមានខ្យល់នៅក្នុងបាវ

    – លើកបាវដែលបានធ្វើរួចហើយយកទៅដាក់ក្នុងម្លប់

    – រក្សាទុកដោយបិទជិតមិនមានខ្យល់ចេញចូល

    – រក្សាផ្អកដើមពោតស្រស់ក្នុងថង់នោះរហូតដល១០ថ្ងៃឡើង ទើបអាចឲ្យគោក្របីស៊ីបាន

    – ត្រូវរក្សាទុកនៅក្នុងម្លប់និងជៀសវាងកុំឲ្យមានការបែកធ្លាយថង់។​

    ការធ្វើលក្ខណៈទ្រង់ទ្រាយតូច​

    គេអាចប្រើស្មៅ ១០០ គីឡូក្រាម ទឹក ៥ លីត្រលាយជាមួយស្កររងូ ៥ គីឡូក្រាម ហើយយកមកស្រោចស្រពលើស្មៅ ឬពោតដែលបានហាន់រួចនិងហាលស្រពាប់​បន្តិច។ រួច​ដាក់ចូលក្នុងថង់ប្លាស្ទិកឬវត្ថុដែលបិទជិតមិនឲ្យខ្យល់ចូលរយៈពេល ៣ ទៅ ៤ សប្តាហ៍ទើបយកឲ្យសត្វស៊ីបាន ហើយបន្ទាប់ពីបើកធុង ឬថង់ដែលដាក់ផ្អកពោតឲ្យគោស៊ីរួច ពោតដែលនៅសល់គួរតែដាក់ឲ្យគោស៊ីឲ្យឆាប់អស់មិនគួរទុកយូរពេកទេ។

    ផ្អកដែលធ្វើហើយអាចទុករយះពេលយូរបានរហូតដល់៣ឆ្នាំ

    -គោក្របីមួយក្បាលត្រូវការចំណីពី ២៥ ទៅ ៥០ គីឡូក្រាមក្នុងមួយថ្ងៃ

    -បងប្អូនអាចឲ្យស៊ីផ្អកសុទ្ឋ ឬលាយជាមួយចំបើង ឬក៏អ្វីផ្សេងដែលបងប្អូនធ្លាប់អោយគោស៊ីក៏បាន៕

    បងប្អូនណា​ខ្លះ​ធ្លាប់​ធ្វើផ្អកដើមពោត​សម្រាប់គោ ក្របី? ចង់ចែក​រំលែក​បទពិសោធ​ កុំភ្លេច​ទាក់ទង​មក​កសិ/Kakse។​

    ចែករំលែកដោយ៖ ឡឹក គឹមសួរ
    ប្រភព៖ ARDB, ឯកសារក្រសួងកសិកម្ម

    អត្ថបទគួរអាន៖
    ១. វិធី​ថែទាំគោនៅ​រដូវប្រាំ និង​រដូវវស្សា
    ២. ​ធ្លាប់​គិត​ពី​គុណភាពទឹក​ទេ​ពេល​ឲ្យ​គោ​ផឹក​ម្ដងៗ?​

    - Advertisement -
    Advertisement