More

    រុយសៗ​នៅ​លើ​ដំណាំ អាច​បំផ្លាញទិន្នផលបែបណា?

    - Advertisement -
    Advertisement

    រុយសជាសត្វល្អិតតូចៗដែលបំផ្លាញដល់​ដំណាំជាច្រើនប្រភេទ។ រុយ​ស​​ច្រើនកើត​មាន​នៅកន្លែងដាំដុះបន្លែ និងរុក្ខជាតិលំអ ពិសេសនៅក្នុងអំឡុងពេលអាកាសធាតុក្ដៅ។ រុយស​បញ្ចេញនូវសារធាតុម៉្យាងដែលស្អិតហើយធ្វើឲ្យស្លឹកដំណាំលឿងឬ ងាប់។ ការគ្រប់គ្រង រុយប្រភេទនេះមានការពិបាកខ្លាំង​នៅ​ពេលដែលវាមានការកកើតច្រើន។

    ១.លក្ខណៈសម្គាល់រុយស

    រុយសមានស្លាបមួយគូរពណ៌ស ហើយមានខ្លួនពណ៌លឿងនិង​មានជើងប្រាំមួយ​។ វាពងនៅផ្នែកខាងក្រោមនៃផ្ទៃស្លឹករុក្ខជាតិ។ ពងរុយ​សមាន​រាង​ជា​ពងក្រពើ​ពណ៌​លឿង​ និង​មាន​ប្រវែង០,២​មម​។​ ពេល​សត្វ​រុយ​ស ពេញវ័យ​ខ្លួន​គ្របដណ្ដប់​ដោយ​ម្សៅ​ពណ៌​ស​រ​លោង មាន​ប្រវែង​ប្រហែល១​ម​ម ហើយ​រុយ​ឈ្មោល​មាន​ប្រវែង​ខ្លី​ជាង​រុយ​ញី​បន្តិច​។

    សត្វ​រុយ​ញី​ពង​នៅ​ផ្នែក​ក្រោម​នៃ​ស្លឹក​។ ពងរុយ​នឹង​ញាស់​​ពី​៧-១៤​ថ្ងៃ​ក្រោយ​រុយញ៉ីទម្លាក់​ពង​​។ រុញ​​ពេញវ័យ​ញី មាន​អាយុប្រមាណ​២​សប្ដាហ៍ ដែល​ក្នុង​មួយ​វដ្ដ​ជីវិត​របស់​វាអា​ចពង​បាន​​ពី​ចំនួន​៦៦-៣០០​ពង​។ សត្វ​រុយស​​ពេញវ័យ មាន​សកម្ម​ក្នុងការ​បឺត​ជញ្ជក់​យក​រុក្ខ​រសនៅ​ពេលព្រឹក និងបង្ក​កំណើត​​នៅពេល​រសៀល​។

    ២.​ លក្ខណៈសំគាល់នៃការបំផ្លាញ

    ការបំផ្លាញរបស់រុយសមានលក្ខណៈខុសៗទៅតាមប្រភេទ​ដំណាំ។ ឧទាហរណ៍ ដំណាំម្ទេស ប៉េងប៉ោះ ត្រប់ ការ​បំផ្លាញ​គឺ​ធ្វើស្លឹករួញលឿង រុក្ខជាតិក្រិនលែងលូតលាស់។ រុយស​ចម្លង​ជំងឺ​ វីរុសដែលធ្វើឲ្យទិន្នផលធ្លាក់ចុះឬបាត់បង់។

    ៣. ការគ្រប់គ្រងនិងកម្ចាត់​

    កសិករ​ត្រូវ​សម្អាត​ស្មៅក្បែរចំការដើម្បីបំផ្លាញជំរករុយស។ កុំដាំដំណាំដដែលៗ ត្រូវផ្លាស់ប្ដូរមុខដំណាំ និង​​ប្រើប្រាស់អន្ទាក់ស្អិតពណ៌លឿង​ដើម្បីចាប់រុយសនិងអាចដឹងពីចំនួនវត្ដមានរបស់ពួក​វា។

    មួយ​វិញទៀត​កសិករអាចប្រើប្រាស់ថ្នាំធម្មជាតិ ដោយ​ប្រើ​ប្រេងស្ដៅ សាប៊ូលាងចាន លាយទឹកបាញ់លើដំណាំដើម្បីបណ្ដេញរុយស។ ក្រៅ​ពីនេះការដាំដុះផ្កាស្បៃរឿង​ក្បែរ​ដំណាំ​គោល​ក៏​រួម​ចំណែក​ជួយ​បណ្ដេញរុយសផង​ដែរ​។

    ការដាំដុះ​ដំណាំ​វិញ កសិករ​ត្រូវរក្សាគម្លាតចន្លោះគុម្ពឲ្យ​បាន​ត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ជីអាសូត។ ប្រើប្រាស់ថ្នាំដែលមានចុះបញ្ជីអនុញ្ញាតពីក្រសួងកសិកម្ម​ក៏​អាច​ជួយ​កម្ចាត់​រុយស​នេះដែរ។ ពេលប្រើប្រាស់ថ្នាំកសិកម្ម ត្រូវតែស្លៀកសំលៀកបំពាក់ការពារ និងអនុវត្តន៍តាមការណែនាំនៅលើស្លាកសញ្ញានៃផលិតផល ដូចជាកម្រិតប្រើប្រាស់ ពេលវេលានៃការបាញ់ថ្នាំ និងរយៈពេលដែលអនុញ្ញាតឲ្យធ្វើការប្រមូលផល។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំកសិកម្ម​បាន​ត្រឹម​ត្រូវ​។​

    ចែលរំលែកដោយ៖ ម៉ៅ ហេង
    ប្រភព៖ University of Florida

    - Advertisement -
    Advertisement