ដំណាំអន្ទាក់ គឺជាដំណាំដែលកសិករគួរដាំព័ទ្ធជុំវិញដំណាំណាមួយដើម្បីការពារការចម្លងជងឺ វីរុស និងសត្វល្អិតជាដើម។ ដំណាំអន្ទាក់អាចជាដំណាំដែលស្ថិតក្នុងគ្រួសារដូចគ្នាឬខុសគ្នា។ ឧទាហរណ៍បើចង់ដាំត្រសក់ជាដំណាំគោល យើងអាចដាំដំណាំអន្ទាក់ជាដំណាំពោតព័ទ្ធជុំវិញត្រសក់ ឬក៏អាចដាំត្រសក់ដូចគ្នាព័ទ្ធជុំវិញក៏បាន។
តើដាំដំណាំអន្ទាក់ដើម្បីអ្វី?
ដំណាំអន្ទាក់មានតួនាទី ធ្វើជារុក្ខជាតិរបងជួយការពារដំណាំគោលពីខ្យល់ ធូលីដី និងជាជម្រករបស់សត្វមានប្រយោជន៍ដូចជាពពួកអណ្ដើកមាស និងសត្វកណ្ដូបបុកស្រូវជាដើម។ ដំណាំទាំងនេះក៏អាចទុកប្រមូលបានដែរ បើយើងដាំដូចជា ពពួកជី ស្លឹកគ្រៃ ដើមម្រុំ ឬផ្សេដំណាំងៗទៀតដែលបានដាំ។

ដំណាំអន្ទាក់មានអត្ថប្រយោជន៍អ្វីខ្លះ?
- ជួយរក្សាប្រព័ន្ធអេកូឡូស៊ីបរិស្ថាន មិនមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព
- កាត់បន្ថយការចំណាយការប្រើប្រាស់ថ្នាំពុលបានមួយផ្នែក
- ការពារ និងជាជម្រករបស់សត្រូវធម្មជាតិ(សត្វដែលមានប្រយោជន៍)
- ធ្វើឲ្យប្រសើរឡើងនូវគុណភាពដំណាំ
- ការពារកត្ដាចង្រៃមិនឲ្យមានលទ្ធភាពចូលទៅដល់ចម្ការរបស់ដំណាំគោល
ដំណាំប្រភេទណាដែលកសិករគួរដាំ?
កសិករយើងអាចជ្រើសរើសដំណាំអន្ទាក់ទៅតាមចំណង់ចំណូលចិត្ដ ឬទៅតាមតំបន់ដែល ប៉ុន្ដែដំណាំអន្ទាក់ដែលជួយការពារដំណាំ ហើយមានប្រយោជន៍ដែលគេនិយមដាំមាន ពពួកស្មៅចំណីសត្វ ស្កួយ អំពៅ ពោត ដោយសារដំណាំទាំងនេះមានកំពស់ខ្ពស់ និងងាយស្រួលដាំ។ ដើម្បីការពារក្រុមដំណាំអំបូរត្រសក់ និងដំណាំផ្សេងទៀតដូចជាត្រប់ ម្ទេស ឬប៉េងប៉ោះ កុំឲ្យឆ្លងជំងឺ ឬវីរុសកសិករត្រូវដាំដំណំាអន្ទាក់ដូចជា ពោត ស្គួយ អំពៅ ស្មៅ ដែលខ្ពស់ ដើម្បីការពារ។
ពេលណាគួរដាំដំណាំអន្ទាក់?
ការដាំដុះដំណាំអន្ទាក់ត្រូវដាំដុះមុនដាំដំណាំយកផល។ ជាទូទៅគេដាំពី ៣ទៅ ៤ សប្ដាហ៍មុនដំណាំយកផល ដើម្បីឲ្យវាដុះបានខ្ពស់ជាងដំណាំប្រមូលផល ហើយអាចការពារដំណាំយើងបាន។
បងប្អូនណាខ្លះធ្លាប់ដាំដំណាំអន្ទាក់ ចែករំលែកជាមួយកសិ/Kakse ផង!
ចែករំលែកដោយ៖ ម៉ៅ ហេង
ប្រភព៖ GARDENIA
