ការចិញ្ចឹមអង្ក្រងក្នុងចម្ការស្វាយចន្ទីជាដំណោះស្រាយបែបធម្មជាតិមួយ ជួយការពារទិន្នផលស្វាយចន្ទីពីការបំផ្លាញរបស់សត្វល្អិតចង្រៃ ជួយបង្កើនគុណភាពគ្រាប់ស្វាយចន្ទី និងជួយកាត់បន្ថយការចំណាយលើថ្លៃទិញថ្នាំកសិកម្ម។ បន្ថែមពីនេះ បច្ចេកទេសប្រើអង្ក្រងនេះ ក៏ជួយដល់បរិស្ថាន និងសុខភាពកសិករ ផងដែរ។
ដើម្បីឲ្យមានអង្ក្រងនៅក្នុងចម្ការរបស់ខ្លួន កសិករត្រូវអនុវត្តបីចំណុចសំខាន់នេះ។
១. ពិនិត្យវត្តមាន និងគ្រួសារអង្ក្រង
អ្នកបច្ចេកទេសរបស់អង្គការហេក្សកម្ពុជា បានឲ្យដឹងថាការពិនិត្យវត្តមានអង្ក្រងគួរពិនិត្យនៅអំឡុងខែវិច្ឆិកា ជាពេលដែលស្វាយចន្ទីចេញត្រួយ ចេញផ្កា សម្បូរចំណីដល់សត្វអង្ក្រង។ ដើម្បីចង់ដឹងថាដើមស្វាយចន្ទីណាមានអង្ក្រងឬអត់កសិករយើងអាចគោះដើម ឬមែកស្វាយចន្ទី ហើយពិនិត្យមើលថាមានអង្ក្រងចេញមកឬអត់។
បន្ទាប់មកទៀត ត្រូវកំណត់គ្រួសារអង្ក្រង។ អង្ក្រងរស់នៅជាគ្រួសារ បើខុសគ្រួសារវានឹងខាំគ្នាងាប់មិនខាន។ កសិករយើងអាចយកអង្ក្រងពីដើមស្វាយចន្ទីមួយ ទៅដាក់នៅដើមស្វាយចន្ទីមួយផ្សេងទៀតដែលមានអង្ក្រង។ បើសិនជាអង្ក្រងមិនខាំគ្នាទេ នោះមានន័យថាពួកវាជាគ្រួសារតែមួយ។ បើសិនជាវាស្ថិតក្នុងគ្រួសារផ្សេងគ្នា យើងត្រូវកាប់បែកស្វាយចន្ទីកុំឲ្យជាប់គ្នា ដើម្បីការពារកុំឲ្យអង្ក្រងគ្រួសារមួយឆ្លងទៅជួបគ្រួសារមួយទៀត ដែលអាចនាំឲ្យវាខាំគ្នាងាប់ ធ្វើឲ្យប្រជាករអង្ក្រងក្នុងចម្ការថយចុះ។
២. បង្កើត និងពង្រីកប្រជាករអង្ក្រង
ក្រោយពីដឹងថាក្នុងចម្ការមានវត្តមានអង្ក្រងហើយ កសិករយើងត្រូវចាប់ផ្ដើមពង្រីកប្រជាករអង្ក្រងវិញម្ដង។ ការពង្រីងប្រជាករអង្ក្រង យើងអាចចងខ្សែពីដើមមានអង្ក្រងទៅដើមអត់អង្ក្រង។ ប៉ុន្តែកសិករយើងត្រូវពិនិត្យដែរថា ហេតុអ្វីដើមមួយទៀតមិនមានសត្វអង្ក្រងរស់នៅ។ ទីមួយអាចមកពីដើមនោះមានមែកតិច ឬស្លឹកមិនគ្រប់គ្រាន់ ឬមួយទៀតអាចមកពីមានវត្តមានវត្តរបស់ស្រមោចខ្មៅ។ បើមានស្រមោចខ្មៅ គឺអង្ក្រងមិនអាចនៅបាននោះទេ ហេតុនេះកសិករយើងត្រូវកម្ចាត់ស្រមោចខ្មៅជាមុនសិន ដោយបំផ្លាញសំបុកដែលមាននៅលើដើមស្វាយចន្ទី រួចដាក់ចំណីបញ្ឆោតដូចជាស្បែកជ្រូក ឬពោះវៀនមាន់ឲ្យស្រមោចសេសសល់ទាំងនោះស៊ី រួចប្រមូលដាក់ក្នុងធុងទឹកដើម្បីបំផ្លាញចោល។
ក្រៅពីវិធីចងខ្សែពីដើមមួយទៅដើមមួយ កសិករក៏អាចកាច់សំបុកដែលអង្ក្រងទើបធ្វើថ្មីៗទៅដាក់នៅដើមមួយទៀតផងដែរ។ ការកាច់សំបុកនេះ អ្នកជំនាញអង្គការហេក្សណែនាំ ឲ្យកាច់បន្លោះពីម៉ោង១០ព្រឹកទៅម៉ោង៤រសៀល ដោយថាជាពេលដែលអង្ក្រងនៅក្នុងសំបុកច្រើន។ សំបុកអង្ក្រងទាំងនោះ អាចកាច់ដាក់ចូលក្នុងបាវ រួចហើយយកបាវនោះទៅចងចំហមាត់នៅដើមស្វាយចន្ទីថ្មីមួយទៀត ទុកឲ្យអង្ក្រងវារចេញពាំពងនិងកូនទៅកាច់សំបុកថ្មី។

៣. ការពារ និងថែរក្សាអង្ក្រង
អ្នកជំនាញអង្គការហេក្ស លើកឡើងថាដើម្បីថែរក្សាអង្ក្រងឲ្យមានក្នុងចម្ការជាអចិន្ត្រៃយ៍ កសិករគួរចៀសវាងបាញ់ថ្នាំសម្លាប់សត្វល្អិត ឬថ្នាំសម្លាប់ស្មៅ ព្រោះថាក្លិនថ្នាំទាំងនេះនឹងធ្វើឲ្យអង្ក្រងរត់ចេញពីចម្ការ។
មួយទៀតកសិករគួររក្សាទុកដើមឈើដែលមានផ្លែជូរៗដូចជាដើមស្វាយ ដើមក្រូច ឬដើមព្រីង នៅក្នុងចម្ការ ឬជុំវិញចម្ការ ដើម្បីអាចធ្វើជាជម្រកបណ្ដោះអាសន្នសម្រាប់អង្ក្រង។ ក្រោយប្រមូលផល នៅរដូវវស្សាស្លឹកស្វាយចន្ទីមានលក្ខណៈរឹង ធ្វើឲ្យអង្ក្រងពិបាកកាច់សំបុក និងមិនសូវសម្បូរចំណី។ ហេតុនេះ ដើម្បីឈើទាំងនោះនឹងក្លាយជាទីជម្រកបណ្ដោះអាសន្នរបស់អង្ក្រង។ អង្ក្រងទាំងនោះនឹងវិលមកដើមស្វាយចន្ទីវិញនៅពេលចន្ទីចាប់ផ្ដើមចេញត្រួយ ចេញផ្កា ជាពេលដែលសម្បូរចំណី។
ដូចគ្នាដែរ ក្នុងរដូវវស្សាដែលអង្ក្រងខ្សត់ចំណី កសិករយើងអាចដាក់ចំណីឲ្យអង្ក្រងដូចជាស្បែកជ្រូក ឬពោះវៀនមាន់បន្តិចបន្តួច ដើម្បីឲ្យពួកវារស់បាន ទម្រាំដល់រដូវសម្បូរចំណីវិញ។ ចំណីរបស់អង្ក្រងគឺសត្វល្អិតចង្រៃនានាដែលបំផ្លាញស្វាយចន្ទីនោះឯង។
ចំណុចសំខាន់មួយទៀត គឺកសិករត្រូវការពារកុំឲ្យមានអ្នកផ្សេងមករុកយកពងអង្ក្រងក្នុងចម្ការ ដែលនាំឲ្យបាត់បង់ចំនួនប្រជាករអង្ក្រងក្នុងចម្ការ។
បងប្អូនយើងណាខ្លះអនុវត្តវិធីចិញ្ចឹមអង្ក្រងក្នុងចម្ការស្វាយចន្ទី? ចង់ចែករំលែកបទពិសោធ កុំភ្លេចទាក់ទងមកកសិ/Kakse។
ប្រភព៖ HEKS – EPER Cambodia
