ការយល់ច្រឡំថាមាន់ត្រូវតែប្រើថ្នាំផ្សះ (Antibiotics) ទៅតាមអាយុ ឬប្រើដើម្បីបង្ការជំងឺ គឺជាកំហុសបច្ចេកទេសដ៏ធំមួយដែលកំពុងបំផ្លាញទាំងសុខភាពសត្វ និងសេដ្ឋកិច្ចរបស់កសិករ។ តាមពិតទៅ ថ្នាំផ្សះមិនមែនជា «អាហារបំប៉ន» ឬ «ថ្នាំបង្ការ» ឡើយ។
នេះគឺជាសាររំឭកខ្លះៗអំពីការប្រើប្រាស់ថ្នាំផ្សះឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព មាន់ និងចៀសវាងការខាតបង់។

១. ឈប់ប្រើថ្នាំផ្សះតាមការស្មាន ឬតាមអាយុ
កសិករជាច្រើនយល់ថា កូនមាន់ ឬមាន់ធំត្រូវតែមានកាលវិភាគចាក់ ឬឱ្យថ្នាំផ្សះតាមអាយុជាក់លាក់ណាមួយ ប៉ុន្តែការយល់ឃើញនេះមិនត្រឹមត្រូវឡើយ។
- គ្មានតម្រូវការតាមអាយុ៖ មាន់មិនត្រូវការថ្នាំផ្សះគ្រាន់តែដោយសារវាដល់អាយុប៉ុណ្ណោះទេ។
- មិនមែនសម្រាប់បង្ការ៖ ថ្នាំផ្សះមិនមែនសម្រាប់ប្រើជាប្រចាំ ឬប្រើដើម្បីការពារជំងឺទុកជាមុនឡើយ។
- គោលការណ៍គ្រឹះ៖ «បើគ្មានរោគសញ្ញា គឺមិនត្រូវប្រើថ្នាំផ្សះឡើយ» ហើយត្រូវមានការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តប្រើ។
២. ពេលណាដែលចាំបាច់ត្រូវប្រើថ្នាំផ្សះ?
ថ្នាំផ្សះគួរត្រូវបានប្រើប្រាស់តែក្នុងករណីមានការឆ្លងមេរោគបាក់តេរីដែលត្រូវបានបញ្ជាក់ ឬសង្ស័យខ្លាំងប៉ុណ្ណោះ៖
- មាន់រាគខ្លាំង
- មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ
- មានបញ្ហាហើមសន្លាក់
- មានការងាប់ក្នុងទ្រុងភ្លាមៗក្នុងចំនួនច្រើនដោយរកមូលហេតុមិនឃើញ។
៣. ផលវិបាកនៃការប្រើថ្នាំផ្សះខុសបច្ចេកទេស
ការផ្តល់ថ្នាំផ្សះលឿនពេក ឬប្រើប្រាស់ដោយមិនចាំបាច់ នឹងបង្កផលប៉ះពាល់អវិជ្ជមានច្រើនជាងផលល្អ៖
- បង្កើតភាពស៊ាំនឹងថ្នាំ៖ មេរោគនឹងស៊ាំជាមួយថ្នាំ ធ្វើឱ្យការព្យាបាលនៅពេលក្រោយលែងមានប្រសិទ្ធភាព។
- បន្សល់សារធាតុពុលក្នុងសាច់ និងស៊ុត៖ ថ្នាំផ្សះបន្សល់សំណល់ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
- ធ្វើឱ្យសុខភាពមាន់ចុះខ្សោយ៖ ការប្រើថ្នាំច្រើនលើសកម្រិតធ្វើឱ្យប្រព័ន្ធការពាររាងកាយធម្មជាតិរបស់មាន់ចុះខ្សោយក្នុងរយៈពេលវែង។
- បិទបាំងបញ្ហាពិតប្រាកដ៖ ជាញឹកញាប់ បញ្ហាមិនមែនមកពីជំងឺទេ តែមកពីការគ្រប់គ្រងអនាម័យមិនល្អ ឬភាពតានតឹងដែលកើតមានលើមាន់។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) លើកឡើកសិករត្រូវឈប់ផ្តល់ថ្នាំផ្សះក្នុងរយៈពេលកំណត់មួយ (អាស្រ័យលើប្រភេទថ្នាំ) មុននឹងលក់មាន់យកទៅសាច់ ដើម្បីកុំឱ្យមានសំណល់ថ្នាំប៉ះពាល់ដល់មនុស្ស។
អង្គការ FAO និង WHO បានព្រមានថាការប្រើថ្នាំផ្សះធ្វើជាសារធាតុជំរុញការលូតលាស់ ក្នុងចំណីសត្វ គឺជាមូលហេតុចម្បងដែលធ្វើឱ្យមានវិបត្តិស៊ាំនឹងថ្នាំផ្សះជាសកល។
ចំណែកសាកលវិទ្យាល័យភូមិន្ទកសិកម្មជំរុញឱ្យកសិករប្រើប្រាស់វិធីសាស្រ្តជីវសុវត្ថិភាពជំនួសឱ្យការប្រើថ្នាំ ដើម្បីធានាបាននូវនិរន្តរភាពនៃកសិដ្ឋាន។

៤. ការគ្រប់គ្រងល្អ ប្រសើរជាងថ្នាំសង្កូវ
ដើម្បីកាត់បន្ថយការប្រើថ្នាំផ្សះ កសិករគួរអនុវត្តវិធីសាស្រ្តឆ្លាតវៃទាំងនេះ៖
- រក្សាជម្រកឱ្យស្អាត និងស្ងួតជានិច្ច។
- ផ្ដល់ទឹកស្អាត និងចំណីដែលមានគុណភាព។
- រក្សាសីតុណ្ហភាពឱ្យបានត្រឹមត្រូវសម្រាប់កូនមាន់។
- ចៀសវាងការដាក់មាន់ណែនទ្រុងពេក និងកាត់បន្ថយភាពតានតឹង។
- ប្រើប្រាស់វ៉ាក់សាំងឱ្យបានទៀងទាត់ទៅតាមការណែនាំ។
- សង្កេតមើលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តផ្ដល់ថ្នាំ។
ការគ្រប់គ្រងសុខភាពមាន់ដោយភាពវៃឆ្លាត គឺប្រសើរជាងការប្រើថ្នាំដោយមិនចាំបាច់។ ចូរចងចាំថា ថ្នាំផ្សះគឺជាអាវុធមុខពីរ បើប្រើត្រូវគឺជួយសង្គ្រោះ តែបើប្រើខុសគឺបំផ្លាញទាំងមាន់ បំផ្លាញទាំងអ្នកបរិភោគ និងខាតបង់ថវិកាបងប្អូន៕
ដោយ៖ ចាន់ តារា
ប្រភព៖ National Chicken Council / FAO
