ជំងឺ​បូស​ខ្យល់​ អាចចាក់វ៉ាក់សាំងការពារជាជាងទុកឲ្យគោឈឺ​

ជំងឺបូសខ្យល់គឺជាជំងឺឆ្លងម្យ៉ាងទៅលើសត្វគោ បង្កឡើងដោយបាក់តេរីឈ្មោះ ក្លូស្រ្តីដ្យូម សូវី។ ជំងឺនេះច្រើនកើតឡើងលើគោដែលមានអាយុពី ៦-២៤ខែ ។

ជំងឺបូសខ្យល់អាចឱ្យសត្វងាប់​ក្នុង​រយៈពេលពី ១២-២៤ម៉ោង ដោយមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ។

ជាទូទៅគេឃើញគោងាប់ដោយពុំមានឃើញអាការៈឈឺឡើយ ហើយក៏មិនចម្លងពីសត្វមួយទៅសត្វមួយទៀតដែរ លុះត្រាតែសត្វដែលពុំមានជំងឺទៅស៊ីស្មៅខ្ចីកៀកនឹងដីដែលមានមេរោគ​ទើបអាចឈឺបាន ។

អការៈនៃសត្វគោកើតបូសខ្យល់​គឺ ករណីមិនស្រួចស្រាល់​ សត្វមិនចង់ដើរ ដោយសារឈឺជើង ។ នៅសាច់ដុំត្រគៀក ស្មា ឬ ក មានហើម និង ឮសូរសំឡេង​ខ្យល់ ។ ពេលចាប់ផ្តើម​ឆ្លង​ជំងឺ​ដំបូង កន្លែងហើម មានទំហំតូច ក្តៅ និងឈឺចាប់ខ្លាំង ។ ដោយសារជំងឺបូខ្យល់​វិវត្តលឿន ធ្វើឱ្យកន្លែងហើមរីកធំឡើង ហើយពេលស្ទាបឮសូរសំឡេង​ប្រិបៗ ។

ការព្យាបាលជំងឺបូសខ្យល់

សម្រាប់ការព្យាបាលពេលដែលដឹងថាសត្វឈឺត្រូវចាក់ប៉េនីស៊ីលីន ឬអាម៉ុកស៊ីលីន ដោយចាក់សាច់ដុំ និងចាក់នៅជុំវិញ កន្លែងដែលហើមក្នុងសាច់ដុំ។ ការព្យាបាល​ត្រូវ​ធ្វើ​ឡើង​ដោយ​ពេទ្យ​សត្វ​ជំនាញ​។​

ការចាក់វ៉ាក់សាំងបង្ការជំងឺបូសខ្យល់

សម្រាប់ការការពារគឺការចាក់វ៉ាក់សាំង ដែលចាក់ទៅមានប្រសិទ្ធភាព គឺវ៉ាក់ សាំង ៧មុខ ដែលអាចប្រឆាំងបានគ្រប់ក្លូស្រីដ្យូម ។

ពេលវេលាការចាក់វ៉ាក់សាំងជំងឺបូសខ្យល់

  • លើកទី ១ ពេលដែលកូនគោអាយុ ២ខែ
  • លើកទី ២ ធ្វើឡើង ១ខែ ក្រោយលើកទី ១
  • លើកទី ៣ ធ្វើឡើង ១ឆ្នាំ ក្រោយលើកទី ២
  • ចាក់រំឭករៀងរាល់៥ឆ្នាំម្ដង។

គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតទៅលើសត្វគោនេះមិនមែនមានតែជំងឺបូសខ្យល់តែមួយនោះ​គឺ​សរុបមាន​ជំងឺបួន​ប្រភេទសំខាន់ៗគឺជំងឺឈាមខ្មៅ ជំងឺបូសខ្យល់ ជំងឺសារទឹក និងជំងឺអ៊ុតក្ដាម៕

ប្រភព៖ ឯកសារក្រសួងកសិកម្ម