ធ្យូងអនាម័យ​គ្រឿងផ្សំសម្រាប់សុខភាពមាន់ និង​បំបាត់ក្លិនមិនល្អ​ក្នុងទ្រុង

ក្លិនស្អុយនៅក្នុងទ្រុងមាន់ ភាគច្រើនបណ្តាលមកពីលាមកមាន់មានប្រតិកម្មជាមួយកម្រាលទ្រុងដែលសើម បង្កើតបានជាឧស្ម័នអាម៉ូញាក់។ ឧស្ម័ននេះមិនត្រឹមតែមានក្លិនអាក្រក់ធ្វើឱ្យយើងមានអារម្មណ៍មិនល្អនោះទេ តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់សត្វ បន្ថយប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យមាន់ស្ត្រេសជាប្រចាំ។ មាន់ដែលស្ត្រេស នឹងមិនសូវធំធាត់ និងមិនសូវពងនោះទេ ដែលជាហេតុធ្វើឱ្យកសិករខាតបង់ប្រាក់ចំណេញដោយមិនដឹងខ្លួនជារៀងរាល់ថ្ងៃ។

ប៉ុន្តែកសិករភាគច្រើនមើលរំលងចំណុចមួយ គឺការដោះស្រាយបញ្ហានេះត្រូវចាប់ផ្តើមពីខាងក្នុងខ្លួនមាន់ មិនមែនតែការសម្អាតតែ​ខាងក្រៅនោះទេ។ ដំណោះស្រាយដ៏សាមញ្ញ ចំណាយតិច និងមានប្រសិទ្ធភាពបំផុតនោះគឺ ការប្រើប្រាស់ធ្យូងអនាម័យ។

ហេតុអ្វីបានជាធ្យូងអនាម័យមានប្រសិទ្ធភាព?

នៅពេលលាយជាមួយចំណី ធ្យូងដើរតួជាអ្នកស្រូបយកជាតិពុលពីខាងក្នុងយ៉ាងមានប្រសិទ្ធភាព ដោយវាទៅចាប់យកបាក់តេរីដែលបង្កើតអាម៉ូញាក់ពីក្នុងពោះវៀនមាន់ មុនពេលពួកវាបញ្ចេញមកក្រៅតាមរយៈលាមក។ ការកាត់បន្ថយអាម៉ូញាក់ពីខាងក្នុង ធ្វើឱ្យក្លិនស្អុយខាងក្រៅថយចុះបាន​ច្រើន ពោលគឺវាដោះស្រាយបញ្ហាក្លិនពីប្រភពដើមតែម្តង។ លើសពីនេះ ធ្យូង ក៏ជួយស្រូបយកជាតិពុលផ្សិតពីចំណី កាត់បន្ថយការរលាកពោះវៀន និងជួយឱ្យការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អក្នុងពេលតែមួយ។

របៀបប្រើប្រាស់ឱ្យមានប្រសិទ្ធភាព៖

  • កម្រិតប្រើប្រាស់៖ លាយធ្យូង ០,៥% នៃចំណីសរុប (ប្រហែល កន្លះស្លាបព្រាកាហ្វេ ក្នុងចំណី១គីឡូក្រាម)។
  • កាលវិភាគ៖ ផ្តល់ឱ្យមាន់ស៊ី ៣ដង ក្នុងមួយសប្តាហ៍ (រៀងរាល់ថ្ងៃ ចន្ទ ពុធ និងសុក្រ)។
  • ការផ្តល់ទឹក៖ ត្រូវធានាថាមានទឹកស្អាតឱ្យមាន់ផឹកគ្រប់គ្រាន់ជានិច្ច ព្រោះធ្យូងត្រូវការទឹកដើម្បីបញ្ចេញជាតិពុលទាំងនោះមកក្រៅបានឲ្យមានប្រសិទ្ធភាព។
  • ក្នុងករណីក្លិនស្អុយខ្លាំង (បន្ទាន់)៖ ក្នុងរយៈពេល ៧ថ្ងៃដំបូង គួរឱ្យស៊ីជារៀងរាល់ថ្ងៃ បន្ទាប់មកទើបបន្ថយមកត្រឹម ៣ដង ក្នុងមួយសប្តាហ៍វិញ។
  • ចំណុចគួរប្រុងប្រយ័ត្ន៖ ហាមប្រើលើសពីកម្រិត ១% ដាច់ខាត​ (ប្រហែល ១ស្លាបព្រាកាហ្វេ ក្នុងចំណី ១គីឡូក្រាម) ព្រោះវាអាចរារាំងការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ និងធ្វើឱ្យមាន់ទល់លាមក។ ត្រូវប្រើប្រាស់ធ្យូងអនាម័យ ហាមប្រើផេះឈើ ឬធ្យូងដែលមានដុតឡាយឡំជាមួយផ្លាស្ទិក។

ការថែទាំបន្ថែមពីខាងក្រៅ (ត្រូវធ្វើឡើងដំណាលគ្នា)៖ ដើម្បីទទួលបានលទ្ធផលលឿនបំផុត ទន្ទឹមនឹងការប្រើធ្យូង អ្នកគួរអនុវត្ត ៣ចំណុចខាងក្រៅនេះបន្ថែម៖

  • ផ្លាស់ប្តូរកម្រាលដែលសើមចេញភ្លាមៗ៖ កម្រាលទ្រុងដែលស្ងួត គឺជាខែលការពារកុំឱ្យមានក្លិនដ៏ល្អបំផុត។
  • បាចកំបោរកសិកម្ម៖ បាចកំបោរកសិកម្មលើកម្រាលទ្រុងជារៀងរាល់សប្តាហ៍ ដើម្បីជួយបន្សាបឧស្ម័នអាម៉ូញាក់។
  • ប្រព័ន្ធខ្យល់ចេញចូល៖ ការរៀបចំឱ្យមានខ្យល់ចេញចូលបានល្អ និងមានខ្យល់បក់ឆ្លងកាត់ ជួយការពារការកកកុញនៃឧស្ម័នអាម៉ូញាក់ក្នុងទ្រុង។

ប្រសិនបើបងប្អូន​អនុវត្តតាមវិធីនេះ អាច​នឹងសង្កេតឃើញការផ្លាស់ប្តូរ៖

  • ថ្ងៃទី ៣៖ ក្លិនមិនល្អចាប់ផ្តើមថយចុះគួរឱ្យកត់សម្គាល់។
  • ថ្ងៃទី ៧៖ បរិយាកាសក្នុងទ្រុងមានការផ្លាស់ប្តូរទាំងស្រុង។
  • ថ្ងៃទី ១៤៖ អ្នកអាចដើរចូលទ្រុងមាន់ដោយមិនចាំបាច់ខ្ទប់ច្រមុះទៀតទេ។ មាន់របស់បងប្អូន​នឹងមានសុខភាពល្អជាងមុន ស្ងប់ស្ងាត់ សកម្មជាងមុន ធំធាត់លឿន និងពងបានទៀងទាត់ ព្រោះបរិស្ថានពុលដែលធ្លាប់តែរំខានពួកវាជារៀងរាល់ថ្ងៃ ត្រូវបានកម្ចាត់ចោលទាំងស្រុង!

សាកល្បងអនុវត្តវិធីនេះក្នុងសប្តាហ៍នេះ ដើម្បីកែប្រែបរិស្ថានកសិដ្ឋានរបស់អ្នកឱ្យកាន់តែប្រសើរឡើង។ កុំ​ភ្លេច​ចែក​រំលែក​បទពិសសោធបងប្អូន​ជាមួយ​កសិ/Kakse៕​

ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips/ CAES File Report