បាតុភូតដែលមេគោស៊ីសុកខ្លួនឯងក្រោយកើតកូនរួច ភាសាបច្ចេកទេសហៅថា Placentophagia ឬ Placentophagy ។ នេះគឺជាទង្វើធម្មជាតិដែលកើតឡើងចំពោះសត្វចិញ្ចឹមថនិកសត្វស្ទើរតែគ្រប់ប្រភេទ រួមទាំងសត្វគោផងដែរ។ ប៉ុន្តែកសិករខ្មែរយើងមិនមានទម្លាប់ឲ្យមេគោស៊ីសុករបស់វានោះទេ។
យោងតាមអត្ថបទពី African Farming និងការបកស្រាយតាមបែបវិទ្យាសាស្ត្រកសិកម្ម នេះគឺជាអ្វីដែលបងប្អូនកសិករគួរយល់ដឹងអំពីរឿងគោស៊ីសុក។

ហេតុអ្វីបានជាមេគោស៊ីសុកខ្លួនឯង?
មានមូលហេតុសំខាន់ៗចំនួន ៣ ដែលជំរុញឱ្យមេគោធ្វើបែបនេះ៖
- សភាវគតិការពារសត្រូវ៖ ក្នុងការវិវត្តតាមធម្មជាតិ សុកដែលនៅសេសសល់មានក្លិនឆ្អាបខ្លាំង ដែលអាចទាក់ទាញសត្វសាហាវ (ដូចជាខ្លា ឬឆ្កែព្រៃ) ឱ្យមកយាយីកូនគោដែលទើបនឹងកើត។ ការស៊ីសុកគឺជាវិធីសាស្ត្រលុបដានដើម្បីការពារសុវត្ថិភាពកូន។
- ការបំប៉នជីវជាតិឡើងវិញ៖ សុកសំបូរទៅដោយជាតិប្រូតេអ៊ីន ជាតិដែក និងសារធាតុរ៉ែផ្សេងៗ។ ការស៊ីសុកជួយឱ្យមេគោទទួលបានថាមពលដែលបានបាត់បង់ក្នុងពេលសម្រាលកូនមកវិញភ្លាមៗ។
- ជំនួយដល់ការផលិតទឹកដោះ និងស្បូន៖ នៅក្នុងសុកមានអរម៉ូន Oxytocin និង Prostaglandins ដែលជួយឱ្យមេគោមានទឹកដោះឆាប់រឹងមាំ បង្កើនភាពស្និទ្ធស្នាលរវាងមេ និងកូន និងជួយឱ្យស្បូនឆាប់រួញមកវិញ។

តើមេគោស៊ីសុកខ្លួនឯង បង្កបញ្ហាសុខភាពដែរឬទេ?
ជាទូទៅ គ្មានបញ្ហាអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែកសិករគួរតាមដានលើចំណុចប្រុងប្រយ័ត្នមួយចំនួន៖
- ការស្លាក់៖ បញ្ហាចម្បងបំផុតគឺការស្លាក់។ សុកមានលក្ខណៈស្វិត និងរអិល ប្រសិនបើមេគោលេបទាំងដុំធំ វាអាចនឹងស្លាក់កក្បែរបំពង់ខ្យល់ ដែលអាចបណ្ដាលឱ្យថប់ដង្ហើមងាប់បាន។
- ការរំលាយអាហារ៖ ដោយសារមេគោជាសត្វស៊ីស្មៅ ក្រពះរបស់វាមិនមែនសម្រាប់រំលាយសាច់នោះទេ។ ការស៊ីសុកច្រើនពេកអាចធ្វើឱ្យមេគោមានបញ្ហាហើមពោះ ឬរាកក្នុងរយៈពេលខ្លីណាមួយ។
ប្រសិនបើបងប្អូនឃើញមេគោស៊ីសុកដោយខ្លួនឯង មិនបាច់បង្ខំដណ្ដើមវាចេញទេ តែត្រូវនៅក្បែរដើម្បីមើលថាតើវាមានអការៈស្លាក់ដែរឬអត់។ ប៉ុន្តែ ប្រសិនបើបងប្អូនចង់បង្ការហានិភ័យ បងប្អូនអាចយកសុកនោះទៅកប់ចោលឱ្យជ្រៅក្រោយពេលវាធ្លាក់មកអស់។
ដូចគ្នាដែរ កសិករកយើងក៏មានជំនឿដែរថា បើមេគោស៊ីសុកខ្លួនឯង វាអាចនឹងធ្វើឱ្យមេគោនោះកាច ឬមិនសូវស្រឡាញ់កូន ទោះបីជាតាមវិទ្យាសាស្ត្រវផ្ទុយពីនេះក៏ដោយ។
ចំណុចគួរប្រុងប្រយ័ត្ន៖ អ្វីដែលគ្រោះថ្នាក់ពិតប្រាកដមិនមែនជាការដែលមេគោស៊ីសុកនោះទេ ប៉ុន្តែគឺការដែលសុកមិនព្រមធ្លាក់ចេញមកក្រៅ ក្រោយកើតកូនរួចលើសពី១២ម៉ោង។ ករណីនេះនឹងបង្កឱ្យមានការរលាកស្បូនធ្ងន់ធ្ងរ និងអាចធ្វ់ឲ្យមេគោងាប់បាន។ ស្វែងរកជំនួយពីពេទ្យសត្វ បើសិនជាបងប្អូនជួបបញ្ហាមេគោក្រធ្លាក់សុក។
ដោយ៖ ចាន់ តារា
ប្រភព៖ African Farming / Ag Update
