មាន់អាចអាក់ពង បើ​សិន​ជាមាន​សំឡេង​រំខាន​ខ្លាំង

ការចិញ្ចឹមមាន់យកពង ទាមទារឱ្យមាន់មានអារម្មណ៍ស្ងប់សុខ និងមានសុវត្ថិភាព។ កសិករជាច្រើនប្រហែលជាធ្លាប់ជួបបញ្ហាមាន់អាក់ពងភ្លាមៗក្រោយពេលមានពិធីការផ្សេងៗ ឬ ការដ្ឋាន​សំណង់នៅក្បែរទ្រុង។ នេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាគឺជាប្រតិកម្មជីវសាស្ត្ររបស់សត្វស្លាបទៅនឹងភាពតានតឹងបង្ក​ដោយ​សំឡេង។

១. មូលហេតុជីវសាស្ត្រ៖ ហេតុអ្វីបានជាសំឡេងធ្វើឱ្យមាន់​អាក់ពង?

នៅពេលមាន់ឮសំឡេងខ្លាំងៗ ឬសំឡេងដែលវាមិនធ្លាប់ឮ វានឹងបង្កឱ្យមានប្រតិកម្មខ្សែសង្វាក់​ក្នុងរាងកាយ។​

  • ការបញ្ចេញអ័រម៉ូនស្រ្តេស៖ សំឡេងរំខានធ្វើឱ្យមាន់ភ័យស្លន់ស្លោ និងបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា Adrenaline និង Corticosterone។ អ័រម៉ូនទាំងនេះមានតួនាទីត្រៀមខ្លួនសម្រាប់ ការតស៊ូ ឬការរត់​។
  • ការទប់ស្កាត់អ័រម៉ូនពង៖ នៅពេលកម្រិតអ័រម៉ូនស្រ្តេសឡើងខ្ពស់ វានឹងទៅទប់ស្កាត់ការបញ្ចេញអ័រម៉ូនសំខាន់ៗដែលជួយឱ្យមាន់បញ្ចេញពង។ ជាលទ្ធផល ដំណើរការផលិតពងក្នុងស្បូនត្រូវផ្អាកភ្លាមៗ។
  • ការបញ្ចេញពងមិនទាន់គ្រប់លក្ខណៈ៖ ជួនកាលភាពភ័យខ្លាំង ធ្វើឱ្យមាន់បញ្ចេញពងមកក្រៅទាំងមិនទាន់រឹងសម្បក ឬពងមានរាងខុសប្រក្រតី។

២. ប្រភេទសំឡេងដែលជួបប្រទះញឹកញាប់ និងប៉ះពាល់ដល់មាន់

កសិករគួរប្រុងប្រយ័ត្នចំពោះប្រភពសំឡេងទាំងនេះ៖

  • សំឡេងពីការដ្ឋានសំណង់ និងគ្រឿងចក្រ៖ សំឡេងម៉ាស៊ីនបុកគ្រឹះ ម៉ាស៊ីនកាត់ដែក ឬគ្រឿងចក្រធុនធ្ងន់ ដែលមានកម្រិតសំឡេងខ្ពស់និងអូសបន្លាយពេលយូរ។
  • សំឡេងផ្គរលាន់ និងភ្លៀងធ្លាក់ខ្លាំងលើដំបូល៖ សំឡេងភ្លៀងធ្លាក់លើដំបូលស័ង្កសីដែលគ្មានការការពារ បង្កើតជាសំឡេងរំខានខ្លាំងដែលធ្វើឱ្យមាន់ផ្អើល។
  • សំឡេងកាំជ្រួច និងធុងបាស៖ ក្នុងរដូវបុណ្យទាន ឬអាពាហ៍ពិពាហ៍ សំឡេងធុងបាសបុកខ្លាំង​ៗ​ អាចធ្វើឱ្យមាន់អាក់ពងបានច្រើនថ្ងៃ។
  • សំឡេងយានយន្ត និងស៊ីផ្លេ៖ ប្រសិនបើទ្រុងមាន់នៅកៀកនឹងផ្លូវថ្នល់ដែលមានឡានធំៗបើកកាត់ និងស៊ីផ្លេខ្លាំងៗជាប្រចាំ ក៏​ធ្វើ​ឲ្យ​មាន់​អាក់ពង​ដែរ​។
  • សំឡេងសត្វយាយី៖ សំឡេងឆ្កែព្រុសខ្លាំងៗ ឬសំឡេងសត្វព្រៃដែលមកយាយីនៅពេលយប់​ក៏​អាច​ធ្វើ​ឲ្យ​មាន់​អាក់ពង​ដូច​គ្នា​។

៣. ផលវិបាកដែលកសិករត្រូវប្រឈម

ក្រៅពីការអាក់ពង សំឡេងខ្លាំងៗអាចបង្កជាបញ្ហាផ្សេងៗដូចជា៖

  • មាន់ផ្អើលជាន់គ្នា៖ នៅពេលភ័យ មាន់នឹងរត់ទៅប្រជ្រៀតគ្នានៅជ្រុងទ្រុង ដែលបណ្ដាលឱ្យមាន់ងាប់ដោយសារថប់ដង្ហើម ឬបាក់ជើង។
  • ការធ្លាក់ចុះប្រព័ន្ធការពារ៖ ភាពតានតឹងរ៉ាំរ៉ៃធ្វើឱ្យមាន់ងាយឆ្លងជំងឺផ្សេងៗ។
  • ការស៊ីចំណីខុសធម្មតា៖ មាន់ដែលភ័យខ្លាំងនឹងឈប់ស៊ីចំណី ឬស៊ីតិចជាងមុន ដែលនាំឱ្យ​ផលិត​ភាព​ពងធ្លាក់ចុះកាន់តែយូរ។

អង្គការ FAO បញ្ជាក់ថា កម្រិតសំឡេងដែលសមស្របសម្រាប់កសិដ្ឋានចិញ្ចឹមមាន់ពង មិនគួរលើសពី ៥០-៦០ ឌេស៊ីបែល (dB) ឡើយ។ សំឡេងដែលលើសពី ៨៥ dB នឹងចាប់ផ្ដើមប៉ះពាល់​ដល់ឥរិយាបថ និងផលិតភាពសត្វស្លាប។

អគ្គនាយកដ្ឋានសុខភាពសត្វ (GDAHP) ណែនាំឱ្យកសិករសាងសង់ទ្រុងនៅកន្លែងដែលស្ងប់ស្ងាត់ ឆ្ងាយពីប្រភពសំឡេងរំខាន និងគួរមានរបង ឬដើមឈើជុំវិញដើម្បីជួយកាត់បន្ថយរលកសំឡេង។

វិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់៖

  • ការបង្វែរអារម្មណ៍ដោយតន្ត្រី៖ កសិករអាជីពខ្លះប្រើវិធីបើកវិទ្យុ ឬតន្ត្រីស្រាលៗឱ្យមាន់ស្ដាប់ជាប្រចាំក្នុងទ្រុង។ វិធីនេះជួយឱ្យមាន់ស៊ាំនឹងសំឡេង និងមិនសូវផ្អើលនៅពេលមានសំឡេងប្លែកៗមកពីខាងក្រៅ។
  • ការរៀបចំដំបូល៖ ការប្រើស្មៅ ឬការដំឡើងពិដានក្រោមដំបូលស័ង្កសី អាចជួយកាត់បន្ថយសំឡេងភ្លៀងបានយ៉ាងច្រើន។
  • ការផ្ដល់វីតាមីនជំនួយ៖ នៅពេលដឹងថានឹងមានសំឡេងរំខាន (ដូចជាការសាងសង់សំណង់ក្បែរខាង) បងប្អូនគួរផ្ដល់វីតាមីនប្រឆាំងនឹងភាពតានតឹងក្នុងទឹកឱ្យមាន់ផឹកមុន ២-៣ ថ្ងៃ។

ដោយ៖ ចាន់ តារា
ប្រភព៖ PubMed Central / The Poultry Site