បញ្ហាមេគោស្គមស្កាំងក្រោយកើតកូន គឺជាកង្វល់ធំមួយសម្រាប់បងប្អូនកសិករ ព្រោះវាប៉ះពាល់ដល់ការផលិតទឹកដោះសម្រាប់កូនគោ និងធ្វើឲ្យមេគោមិនងាយរកឈ្មោលជាថ្មី។
ហេតុអ្វីបានជាមេគោស្គមក្រោយកើតកូន?
ក្រោយកើតកូន មេគោត្រូវប្រើថាមពលយ៉ាងច្រើនដើម្បីផលិតទឹកដោះ។ ប្រសិនបើចំណីដែលបងប្អូនដាក់ឱ្យស៊ីមានជីវជាតិទាប វានឹងដកយកជាតិសាច់ និងខ្លាញ់ពីក្នុងខ្លួនវាមកប្រើជំនួសវិញ ដែលនាំឱ្យស្រកសាច់យ៉ាងលឿន។
ក្រោយកើតកូនភ្លាម ក្រពះមេគោមិនទាន់អាចស៊ីចំណីបានច្រើនពេញលេញវិញបាននៅឡើយទេ ប៉ុន្តែតម្រូវការទឹកដោះមានកម្រិតខ្ពស់។ ជាហេតុធ្វើឱ្យមេគោប្រឈមបញ្ហាស្គមស្គាំងដែរ។ មួយវិញទៀត កង្វះការត្រៀមលក្ខណៈមុនកើតក៏ដូចគ្នាដែរ។ បើមេគោស្គមតាំងពីមុនកើត វានឹងកាន់តែស្គមខ្លាំងក្រោយកើត។
បញ្ហាសុខភាពក៏រួមចំណែកដែរ។ ការឆ្លងមេរោគក្នុងស្បូន ជំងឺគ្រុនទឹកដោះ (Milk Fever) ឬវត្តមានសត្វល្អិតចង្រៃ (ព្រូន និងដង្កែ) ដែលដណ្ដើមជីវជាតិពីមេគោ ធ្វើឲ្យគោមានបញ្ហាខ្វះសារជាតិចិញ្ចឹម។

វិធីសាស្ត្រដោះស្រាយ និងគ្រប់គ្រង
ដើម្បីឱ្យមេគោឆាប់ឡើងសាច់ និងមានទឹកដោះគ្រប់គ្រាន់ បងប្អូនត្រូវអនុវត្តកិច្ចការដូចខាងក្រោម៖
ក. ការគ្រប់គ្រងរបបអាហារ
- បង្កើនថាមពល និងប្រូតេអ៊ីន៖ បន្ថែមចំណីសម្រេច (ចំណីការ៉ុង) ឬការលាយចំណីដោយខ្លួនឯង (កន្ទក់ ពោត ម្សៅត្រី ឬកាកសណ្ដែក) ចំនួន ២ ទៅ ៣ គីឡូក្រាម ក្នុងមួយថ្ងៃ បន្ថែមលើការស៊ីស្មៅ។ សម្រាប់កន្ទក់ បើតាមបទពិសោធផ្ទាល់ពីកសិករ គួរប្រើក្រោយគោកើតកូនបាន២ទៅ៣សប្ដាហ៍ ព្រោះថាកន្ទក់ពីស្រូវដំណើប អាចធ្វើឲ្យមានបញ្ហាអាក់ទឹកដោះ។
- ស្មៅស្រស់គុណភាពខ្ពស់៖ ផ្ដល់ស្មៅដែលមានជាតិទឹក និងប្រូតេអ៊ីនខ្ពស់។ ជៀសវាងការឱ្យស៊ីតែចំបើងស្ងួតតែមួយមុខ។
- ជាតិរ៉ែ និងវីតាមីន៖ ត្រូវដាក់ ដុំអំបិលរ៉ែ (Mineral Block) ឱ្យវាលិទ្ធជាប្រចាំ និងប្រើវីតាមីនចាក់(ប្រឹក្សាជាមួយពេទ្យសត្វ) ដើម្បីជួយឱ្យស្បូនឆាប់រឹងមាំ និងបង្កើនចំណង់អាហារ។
ខ. ការថែទាំសុខភាព
- ទម្លាក់ព្រូន៖ ប្រសិនបើបងប្អូនមិនបានទម្លាក់ព្រូនមុនពេលគោដោះកូនទេ ត្រូវប្រញាប់ទម្លាក់ព្រូនក្រោយកើត (ជ្រើសរើសថ្នាំដែលមិនប៉ះពាល់ដល់ទឹកដោះ)។
- ពិនិត្យស្បូន៖ បើឃើញមេគោហូរទឹកសំបោរមានក្លិនស្អុយចេញពីយោនី (ខ្មាស) ត្រូវហៅពេទ្យសត្វមកលាងស្បូន ឬប្រើថ្នាំផ្សះ ព្រោះការរលាកស្បូនធ្វើឱ្យគោមិនស៊ីចំណី និងស្គមខ្លាំង។
គ. ការគ្រប់គ្រងបរិស្ថាន
- ទឹកស្អាត៖ មេគោបំបៅកូនត្រូវការទឹកច្រើន និងត្រូវមានទឹកស្អាតឱ្យវាផឹកតាមចិត្តចង់។
- បំបែកកូន (Creep Feeding)៖ នៅពេលកូនគោអាយុបាន ២ ខែ បងប្អូនគួរចាប់ផ្ដើមបង្រៀនកូនគោឱ្យស៊ីចំណី និងស្មៅដោយខ្លួនឯង ដើម្បីកាត់បន្ថយការបៅដោះមេខ្លាំងពេក។

យោងតាម សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) កសិករគួរវាយតម្លៃមេគោតាមពិន្ទុពី ១ ដល់ ៥៖
- ពិន្ទុ ១-២: ស្គមខ្លាំង (ឃើញឆ្អឹងជំនី និងឆ្អឹងត្រគាកច្បាស់) ដែលនាំឲ្យត្រូវស្រោចស្រង់បន្ទាន់។
- ពិន្ទុ ៣:៖ កម្រិតល្អបំផុត សមល្មម មិនធាត់មិនស្គម។
- ពិន្ទុ ៤-៥៖ ធាត់ខ្លាំងនាំពិបាកបង្កាត់យកកូនបន្ត។
មេគោដែលស្គមក្រោយកើតកូន នឹងយឺតយ៉ាវក្នុងការរកឈ្មោលជាថ្មីរហូតដល់ ៦ ខែ ឬ ១ ឆ្នាំ ដែលធ្វើឱ្យកសិករខាតបង់ពេលវេលា។ ការផ្ដល់ចំណីដែលមានថាមពលខ្ពស់ (Energy-dense diet) ក្នុងរយៈពេល ៣០ ថ្ងៃក្រោយកើត គឺជាគន្លឹះដោះស្រាយបញ្ហានេះ។ ការព្យាបាលមេគោស្គម មិនមែនប្រើតែថ្នាំចាក់នោះទេ ប៉ុន្តែគឺការឱ្យស៊ីចំណីបំប៉នទើបមានប្រសិទ្ធភាពយូរអង្វែង។
ដោយ៖ ចាន់ តារា
ប្រភព៖ NDDB / FAO / MSD Veterinary Manual
