ដោះស្រាយ​បញ្ហា​សុខភាព​មាន់​​ដោយ​ឱសថធម្មជាតិ​បី​មុខ​

បញ្ហាមាន់ក្រិន គឺជារឿងដែលកសិករចិញ្ចឹមមាន់ជាច្រើនជួបប្រទះជាញឹកញាប់។ កសិករអាច​គិតថា បញ្ហានេះកើតឡើងដោយសារអាហារមិនគ្រប់គ្រាន់ ឬគុណភាពចំណីមិនល្អ។ ប៉ុន្តែការពិតទៅ បញ្ហាសំខាន់មិនមែនស្ថិតនៅលើអ្វីដែលអ្នកផ្តល់ឱ្យមាន់ទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពពោះវៀនរបស់មាន់ក្នុងការស្រូបយកសារធាតុចិញ្ចឹម។

ពេលពោះវៀនមាន់ខូច ឬធ្វើការយឺត សារធាតុចិញ្ចឹមពីចំណីនឹងមិនត្រូវបានស្រូបយកបានល្អ នាំឱ្យមាន់មិនលូតលាស់ ទោះបីអ្នកបន្ថែមវីតាមីន ឬចំណីថ្លៃក៏ដោយ។ ដូច្នេះ ដំណោះស្រាយសំខាន់គឺការព្យាបាល និងពង្រឹងប្រព័ន្ធរំលាយអាហារ។

ខាងក្រោមនេះជាវិធីធម្មជាតិដោយប្រើរុក្ខជាតិ ៣ ប្រភេទ ដែលអាចជួយដោះស្រាយបញ្ហាសុខ​ភាព​​ពោះ​វៀន​របស់​មាន់​ ដែល​អ្នក​ជំនាញ​របស់​ស្ថាប័ន​ Poultry Tips បាន​ចែក​រំលែក​។

ជំហានទី១៖ ខ្ញី

មាន់ដែលលូតលាស់យឺត ជាញឹកញាប់មានពោះវៀនខ្សោយ​ និងរំលាយអាហារមិនល្អ។ ខ្ញីមានសារធាតុ gingerol ដែលជួយជួសជុលស្រទាប់ពោះវៀន បង្កើនអង់ស៊ីមរំលាយអាហារ និងជំរុញមេតាប៉ូលីស។

វិធីប្រើប្រាស់៖

  • កិនខ្ញីស្រស់ប្រវែង​១ម្រាមដៃ ដាក់ក្នុងទឹក ៥លីត្រ
  • រំងាស់ឲ្យពោះ​ប្រហែល ១០ នាទី
  • ទុកឲ្យត្រជាក់ ហើយផ្តល់ជាទឹកផឹកតែមួយគត់

ថ្ងៃប្រើ៖ ចន្ទ ពុធ សុក្រ (សប្តាហ៍ទី១ និងទី២)

ជំហានទី២៖ ស្លឹកល្ហុង

ស្លឹកល្ហុងមានអង់ស៊ីម papain ដែលជួយបំបែកប្រូតេអ៊ីនក្នុងចំណីឲ្យក្លាយជាសារធាតុដែលមាន់អាចស្រូបយកបានងាយ។ វាជួយឲ្យមាន់ឡើង​សាច់ និងមាន​ទម្ងន់​ល្អជាងមុន។

វិធីប្រើប្រាស់៖

  • យកស្លឹកល្ហុងស្រស់ ៥ សន្លឹក
  • បុក ឬលាយជាមួយទឹក ៥លីត្រ
  • ច្រោះ ហើយផ្តល់ជាទឹកផឹក

ថ្ងៃប្រើ៖ អង្គារ និងព្រហស្បតិ៍ (សប្តាហ៍ទី១ និងទី២)

ជំហានទី៣៖ ម្រុំ

បន្ទាប់ពីពោះវៀនត្រូវបានជួសជុល និងការលូតលាស់ចាប់ផ្តើមឡើងវិញ ម្រុំជួយបន្ថែមសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន ដែក កាល់ស្យូម និងវីតាមីន។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងរក្សាការលូតលាស់ឲ្យមានស្ថេរភាព។

វិធីប្រើប្រាស់៖

  • យកស្លឹកម្រុំស្ងួត បុកជាម្សៅ
  • លាយ ២ក្តាប់ ក្នុងចំណី ១គីឡូក្រាម

ថ្ងៃប្រើ៖ រៀងរាល់ថ្ងៃ​ចាប់ពីសប្តាហ៍ទី២ តទៅ

ផែនការរយៈពេល ១៤ ថ្ងៃ

  • ចន្ទ / ពុធ / សុក្រ៖ ទឹកខ្ញី
  • អង្គារ / ព្រហស្បតិ៍៖ ទឹកស្លឹកល្ហុង
  • ចាប់ពីសប្តាហ៍ទី២៖ បន្ថែមម្សៅម្រុំក្នុងចំណីរៀងរាល់ថ្ងៃ
  • សៅរ៍ អាទិត្យ៖ ទឹកស្អាតធម្មតា (ឲ្យប្រព័ន្ធរាងកាយសម្រាក)

ចំណាំ កុំផ្តល់រុក្ខជាតិទាំង ៣ នៅថ្ងៃតែមួយ ត្រូវបំបែកថ្ងៃឲ្យច្បាស់ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

លទ្ធផលដែលអាចមើលឃើញ

  • ថ្ងៃទី៧៖ ចំណង់អាហារកើនឡើង
  • ថ្ងៃទី១០៖ មានថាមពល និងសកម្មភាពកាន់តែប្រសើរ
  • ថ្ងៃទី១៤៖ ទំងន់ និងការលូតលាស់កើនឡើងយ៉ាងច្បាស់

ការដោះស្រាយបញ្ហាមាន់​លូត​លាស់​យឺត មិនមែនជារឿងវេទមន្តទេ ប៉ុន្តែជាការយល់ដឹងពីមូលហេតុពិត និងជួសជុលប្រព័ន្ធរំលាយអាហារឲ្យត្រឹមត្រូវ។ ប្រសិនបើបងប្អូន​អនុវត្តតាមវិធីនេះយ៉ាងត្រឹមត្រូវ នោះ​នឹងឃើញការផ្លាស់ប្តូរយ៉ាងច្បាស់ក្នុងរយៈពេលខ្លី។ ចែក​រំលែក​បទពិសោធបងប្អូន​ជាមួយ​កសិ/kakse៕

ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips / JOE TECH POULTRY FARM