ជំងឺក្រាភ្លើង​លើដំណាំធ្វើឲ្យខូចស្លឹក ផ្លែ ឬដើម

ជំងឺក្រាភ្លើង​គឺជាឈ្មោះទូទៅមួយដែលគេប្រើដើម្បីពិពណ៌នាអំពីរោគសញ្ញានៃជំងឺលើដំណាំ ជាជាងជាឈ្មោះនៃភ្នាក់ងារបង្កជំងឺជាក់លាក់ណាមួយ។

ជំងឺក្រាភ្លើងសំដៅទៅលើការក្រៀមស្វិត ឡើងពណ៌លឿង ឬ​ត្នោតឆាប់រហ័ស ហើយទីបំផុតគឺការងាប់នៃផ្នែកធំៗនៃរុក្ខជាតិ ​ស្លឹក មែក កួរ ឬផ្លែ និង​ដើម​ទាំងមូល​​ សម្រាប់កសរណី​ធ្ងន់ធ្ងរ​។​

មូលហេតុចម្បងនៃជំងឺក្រាភ្លើង

ជំងឺក្រាភ្លើងភាគច្រើនបង្កឡើងដោយ​ពួក​មេរោគ​ផ្សិត និង​បាក់តេរី ហើយ​កត្តាបរិស្ថាន​ក៏​រួម​ចំណែក​បង្ក​ជំងឺ​នេះ​ដែរ​​។​

  • ផ្សិត៖ ជាមូលហេតុទូទៅបំផុត ដូចជាជំងឺប្លាស់លើស្រូវ ឬជំងឺអុចស្លឹក​លើប៉េងប៉ោះឬ​ដំឡូង​។
  • បាក់តេរី៖ ដូចជាជំងឺក្រាភ្លើងបង្កដោយ​បាក់តេរីលើដំណាំ​ស្រូ ។
  • លក្ខខណ្ឌបរិស្ថានអំណោយផល៖ ជំងឺនេះរាលដាលលឿនបំផុតនៅពេលដែលមានសីតុណ្ហភាព​ក្តៅល្មម និងសំណើមខ្ពស់ ដូចជាមានភ្លៀង ឬទឹកសន្សើមខ្លាំង។

វិធានការការពារ និងព្យាបាលជំងឺក្រាភ្លើង

ការគ្រប់គ្រងជំងឺក្រាភ្លើងទាមទារនូវវិធីសាស្រ្តចម្រុះ​ដែល​កសិករ​គួរ​ដឹង​។​

ក. វិធានការបង្ការ

ការបង្ការគឺជាវិធីល្អបំផុតដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរ៖

  1. ប្រើពូជធន់៖ ដាំដុះពូជដំណាំដែលត្រូវបានគេដឹងថាមានភាពស៊ាំ ឬធន់នឹងប្រភេទជំងឺក្រាភ្លើងក្នុងតំបន់។ សាកសួរ​ព័ត៌មាន​លម្អិត​ជាមួយ​មន្ត្រី​កសិកម្មឃុំ​​។​
  2. អនាម័យស្រែចម្ការ៖
    1. ដកឬបំផ្លាញចោលនូវសំណល់រុក្ខជាតិចាស់ៗ ឬដើមដែលកើតជំងឺក្រោយពេលប្រមូលផល ព្រោះមេរោគអាចរស់នៅក្នុងសំណល់ទាំងនោះ។
    1. កុំដាំដំណាំដដែលៗ៖ កសិករ​គួរ​អនុវត្តដាំដំណាំឆ្លាស់​នៅលើដីដដែល​យ៉ាងហោចណាស់ ៣ ទៅ ៤ឆ្នាំ ដើម្បីកាត់ផ្តាច់វដ្តជីវិតរបស់មេរោគ។
  3. ការគ្រប់គ្រងបរិស្ថាន៖
    1. កុំស្រោចទឹកពីលើ៖ ជៀសវាងការស្រោចទឹកដោយបាញ់ពីលើស្លឹក​ ព្រោះវាធ្វើឱ្យស្លឹកសើមយូរ និងបង្កើនសំណើម ដែលអំណោយផលដល់ការរាលដាលរបស់ផ្សិត។ គួរប្រើវិធីស្រោចទឹកដល់គល់ ឬប្រព័ន្ធ​ដំណក់ទឹក​ ។
    1. គម្លាតដំណាំ៖ ដាំដំណាំឱ្យមានគម្លាតសមរម្យ ដើម្បីឱ្យមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ ដែលជួយឱ្យស្លឹកឆាប់ស្ងួត។
  4. ការប្រើជីមានតុល្យភាព៖ ជៀសវាងការប្រើជីអាសូតច្រើនហួសហេតុពេក ព្រោះវាជំរុញការលូតលាស់ស្លឹកខ្ចីៗ ដែលងាយនឹងកើតជំងឺ។

ខ. វិធានការព្យាបាល

នៅពេលជំងឺចាប់ផ្តើមរាតត្បាត កសិករ​ត្រូវធ្វើសកម្មភាពភ្លាមៗ៖

  1. កម្ចាត់ផ្នែកកើតជំងឺ៖ កាត់ផ្តាច់ ឬដកយកស្លឹក មែក ឬដើម ដែលមានរោគសញ្ញាកើតជំងឺក្រាភ្លើង ហើយយកទៅដុតចោល ឬចោលឱ្យឆ្ងាយពីចម្ការ​ ដើម្បីកុំឱ្យមេរោគរាលដាលដល់រុក្ខជាតិមាន​សុខភាព​ល្អ។
  2. ប្រើថ្នាំសម្លាប់មេរោគ
    – សម្រាប់ផ្សិត គួរ​ប្រើថ្នាំសម្លាប់ផ្សិត
    – សម្រាប់បាក់តេរី ការប្រើថ្នាំគឺពិបាកជាងពួក​ផ្សិត​ ប៉ុន្តែអាចប្រើថ្នាំផ្សះជាក់លាក់ អាស្រ័យលើការណែ​នាំ​របស់អ្នកជំនាញ។

ចំណាំ៖ ត្រូវពិភាក្សាជាមួយអ្នកបច្ចេកទេសកសិកម្ម ដើម្បីកំណត់ប្រភេទជំងឺ និងជ្រើសរើសថ្នាំដែលត្រឹមត្រូវ និងប្រើប្រាស់តាមការណែនាំលើស្លាកសញ្ញាថ្នាំឱ្យបានម៉ត់ចត់បំផុត។

ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ Britannica