គន្លឹះពិនិត្យសុខភាព​ឫស​ដឹងថាដំណាំមានសុខភាពល្អឬអត់

ឫសរុក្ខជាតិប្រៀបដូចជាបេះដូង​និង​មាត់​របស់ដំណាំដូច្នោះដែរ។ ប្រសិនបើឫសមានបញ្ហា ទោះបីជាបងប្អូនដាក់ជីថ្លៃ ឬស្រោចទឹកច្រើនយ៉ាងណាក៏ដោយ ក៏ដំណាំមិនអាចលូតលាស់បានឡើយ។ ថ្ងៃនេះយើងនឹងមកសិក្សាពីវិធីសាស្ត្រពិនិត្យសុខភាពឫសដំណាំតាមបែបបច្ចេកទេស និងវិធីកែខៃឱ្យមានប្រសិទ្ធភាព។​

របៀបពិនិត្យ​សុខភាព​ឫស​ដំណាំ​

ដើម្បីដឹងថាឫសដំណាំមានសុខភាពល្អឬអត់ បងប្អូនត្រូវកាយដីជុំវិញគល់តិចៗ ឬដកដើមគំរូណាមួយមកពិនិត្យផ្ទាល់៖

 ឫសដែលមានសុខភាពល្អ

  • ពណ៌៖ មានពណ៌សស្អាត ឬសរលោង​
  • សណ្ឋាន៖ ឫសរឹងមាំ មិនងាយដាច់ និងមាន​រោមឫស​តូចៗច្រើនសម្រាប់បឺតស្រូបអាហារ។
  • ក្លិន៖ មានក្លិនដីធម្មតា មិនធំក្លិនស្អុយ ឬក្លិនផ្អូមឡើយ។

ឫសដែលគ្មានសុខភាពល្អ

  • ពណ៌៖ ប្រែជាពណ៌ត្នោតចាស់ ពណ៌ខ្មៅ ឬពណ៌ក្រហមច្រេះ (ករណីពុលជាតិដែក)។
  • សណ្ឋាន៖ ឫសទន់ជ្រាយ រលួយ សំបកឫសងាយរបកចេញពីស្នូល និងគ្មានរោមឫសថ្មីៗឡើយ​។
  • ក្លិន៖ មានក្លិនស្អុយដូចស៊ុតស្អុយ ឬក្លិនផ្អូម (សញ្ញានៃការខ្វះអុកស៊ីសែន និងដុះផ្សិតរលួយ)។

អំណះអំណាងបច្ចេកទេសពីស្ថាប័នជំនាញ

យោងតាម សាកលវិទ្យាល័យ Cornell (ផ្នែកវិទ្យាសាស្ត្រកសិកម្ម) និង អង្គការ FAO សុខភាពឫសអាស្រ័យលើកត្តា ៣ យ៉ាងធំៗ៖

  • អុកស៊ីសែន៖ ឫសត្រូវការដកដង្ហើម។ ប្រសិនបើដីហាប់ពេក ឬដក់ទឹកយូរពេក ឫសនឹងថប់ដង្ហើម រួចបញ្ចេញជាតិពុលមកវិញ ដែលធ្វើឱ្យកោសិកាឫសងាប់។
  • តុល្យភាពមេរោគក្នុងដី៖ នៅក្នុងដីតែងតែមានផ្សិតល្អ និងផ្សិតចង្រៃ។ ប្រសិនបើដីខ្វះអតិសុខុមប្រាណល្អ ផ្សិតចង្រៃដូចជា PhytophthoraPythium នឹងចូលមកវាយប្រហារឫសភ្លាមៗ​។
  • កម្រិត pH និងជាតិពុល៖ ដូចដែលយើងបានដឹងស្រាប់ ដីជូរខ្លាំងធ្វើឱ្យជាតិដែក និងអាលុយមីញ៉ូម​រលាយជាជាតិពុលទៅបំផ្លាញចុងឫសមិនឱ្យលូតចេញទៅមុខបាន។

មូលហេតុ និងវិធីដោះស្រាយតាមបច្ចេកទេស

មូលហេតុបង្កផលប៉ះពាល់វិធីដោះស្រាយ
ដីដក់ទឹកយូរឫសថប់ដង្ហើម និងរលួយលើករងឱ្យខ្ពស់ និងធ្វើប្រព័ន្ធបង្ហូរទឹកចេញឱ្យបានលឿន។
ដីហាប់ខ្លាំងឫសមិនអាចចាក់ទម្លុះរកអាហារបានប្រើជីសរីរាង្គ (កំប៉ុស្ត៍) ដើម្បីឱ្យដីធូរ និងមានរន្ធខ្យល់ច្រើន។
ការរាតត្បាតពីផ្សិតចង្រៃបង្កជំងឺរលួយគល់ រលួយឫសប្រើផ្សិត ទ្រីកូដឺម៉ា (Trichoderma) លាយជាមួយជីកំប៉ុស្ត៍ ឬស្រោចនៅគល់ដើម្បីកម្ចាត់ផ្សិតអាក្រក់។
ការដាក់ជីគីមីកៀកគល់ពេកធ្វើឱ្យឫសឆេះ ដោយ​សារ​កំហាប់ជីខ្លាំងត្រូវដាក់ជីនៅរង្វង់ជុំវិញចុងស្លឹក​និងស្រោចទឹកតាមក្រោយ។

យុទ្ធសាស្ត្រ ឫសខ្លាំង ដំណាំរឹងមាំ

មុននឹងសម្រេចចិត្តថាដំណាំខ្វះជី បងប្អូនត្រូវប្រាកដថាឫស​របស់វាអាចស៊ីអាហារបានសិន។ ការប្រើ​ជីអតិសុខុមប្រាណ និងការរក្សា​សំណើមដីឱ្យល្មម (មិនស្ងួតពេក មិនជោកពេក) គឺជាគន្លឹះមាសក្នុងការថែរក្សាឫស។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Crop protection Network