បញ្ហា​ដី​ប្រៃ​ជា​ឃាតករ​ស្ងៀម​ស្ងាត់​លើ​ដំណាំ​​

ក្នុងចំណោមបញ្ហាដីទាំងអស់ដីប្រៃ​ត្រូវបានគេប្រសិទ្ធនាមថាជាឃាតករស្ងៀមស្ងាត់ ព្រោះវាអាចសម្លាប់ដំណាំរបស់បងប្អូនបន្តិចម្តងៗ ដោយបងប្អូនមិនដឹងខ្លួន។ នៅពេលដែលកម្រិតអំបិលក្នុងដីកើនឡើងខ្ពស់ ដំណាំនឹងជួបវិបត្តិ​បឺតស្រូប​ជាតិ​ទឹក​ទោះបីជាបងប្អូនស្រោចទឹកជោកដីក៏ដោយ។

១. ហេតុអ្វីបានជាដីប្រៃក្លាយជាឃាតករ?

ជាធម្មតា ឫសរុក្ខជាតិបឺតស្រូបទឹកតាមរយៈដំណើរការ អូស្មូស។ ប៉ុន្តែនៅពេលដីសម្បូរទៅដោយជាតិអំបិល (ដូចជា សូដ្យូមក្លរួ) ខ្លាំងពេក អំបិលទាំងនោះនឹងទៅដណ្តើម​បឺតទឹកចេញពីឫសរុក្ខជាតិមកវិញ។

ជាលលទ្ធផល​រុក្ខជាតិខ្សោះជាតិទឹកពីក្នុងខ្លួន ក្រិន លែងលូតលាស់ និងងាប់ក្នុងពេលដ៏ខ្លី។ វាដូចជាការដែលបងប្អូនស្រេកទឹកខ្លាំង ហើយទៅផឹកទឹកសមុទ្រ វានឹងធ្វើឱ្យបងប្អូនកាន់តែស្រេក និងមានគ្រោះថ្នាក់ជាងមុន។

២. សញ្ញាសម្គាល់ដីប្រៃក្នុងចម្ការ

បងប្អូនអាចដឹងថាដីរបស់ខ្លួនចាប់ផ្តើមមានជាតិប្រៃ តាមរយៈសញ្ញាអាសន្នទាំងនេះ៖

  • ស្រទាប់សៗលើដី៖ ឃើញមានជាតិម្សៅពណ៌ស ឬប្រផេះក្រាស់ៗដក់លើផ្ទៃដីនៅពេលដីស្ងួត (ស្រដៀងនឹងស្លែសៗ​)។
  • ស្លឹកដំណាំខ្លោច៖ ចុងស្លឹក និងគែមស្លឹកចាប់ផ្តើមឡើងពណ៌ត្នោតឆេះ ដូចឆេះដោយកម្តៅថ្ងៃ​ចាប់ពីស្លឹកចាស់ឡើងទៅ។
  • ដីដក់ទឹកយូរ៖ ជាតិប្រៃបំផ្លាញរចនាសម្ព័ន្ធដី ធ្វើឱ្យដីស្អិតខ្លាំង ទឹកមិនអាចជ្រាបចុះក្រោមបានល្អ​។
  • ដំណាំស្រពោនទោះដីសើម៖ ដំណាំមើលទៅដូចខ្វះទឹក ស្លឹកស្រពោន ទោះបីជាបងប្អូនទើបតែស្រោចទឹកហើយក៏ដោយ។

៣. តើជាតិប្រៃមកពីណា?

  • កត្តាធម្មជាតិ៖ ការជ្រាបចូលនៃទឹកសមុទ្រនៅតាមតំបន់ជាប់មាត់សមុទ្រ (កំពត កែប កោះកុង) ជាពិសេសនៅរដូវប្រាំងដែលទឹកទន្លេមានកម្រិតទាប។
  • ការប្រើប្រាស់ទឹកស្រោចស្រពមិនត្រឹមត្រូវ៖ ការប្រើទឹកក្នុងស្រះ ឬអណ្តូងដែលមានជាតិប្រៃមកស្រោចដំណាំយូរៗទៅ ជាតិអំបិលនឹងកកកុញក្នុងដី។
  • ការប្រើជីគីមីហួសកម្រិត៖ ជីគីមីភាគច្រើនគឺជាអំបិល​។ ការបាចជីច្រើនហួសប្រមាណ និងមិនមានការលាងដី នឹងធ្វើឱ្យដីកាន់តែប្រៃ។

៤. វិធីសាស្ត្រព្យាបាល​និងស្តារដីប្រៃ

យោងតាមការណែនាំពី ស្ថាប័ន​ជំនាញខាងកសិកម្ម​ កសិករអាចអនុវត្តវិធីទាំងនេះ៖

  • ការលាងដី៖ ប្រសិនបើមានប្រភពទឹកសាបគ្រប់គ្រាន់ បងប្អូនត្រូវបង្ហូរទឹកសាបចូលឱ្យជោក រួចបង្ហូរចេញវិញ ដើម្បីឱ្យទឹកនាំជាតិអំបិលចេញពីស្រទាប់ដីលើ។
  • បង្កើនជាតិសរីរាង្គ៖ ការដាក់ជីកំប៉ុស្ត ឬជីលាមកសត្វឱ្យបានច្រើន ជួយឱ្យរចនាសម្ព័ន្ធដីធូរ និងជួយចងជាតិអំបិលកុំឱ្យប៉ះពាល់ដល់ឫសដំណាំខ្លាំងពេក។
  • ប្រើកំបោរកសិកម្ម៖ យោងតាម CARDI ការប្រើប្រាស់ជីកាល់ស្យូមស៊ុលហ្វាត​ជួយដេញជាតិសូដ្យូម​ចេញពីដី និងជួយឱ្យដីមានរន្ធខ្យល់ឡើងវិញ។
  • ជ្រើសរើសពូជធន់នឹងជាតិប្រៃ៖​ បច្ចុប្បន្នមានពូជស្រូវ និងដំណាំមួយចំនួនដែលអ្នកវិទ្យាសាស្ត្រ​បានបង្កាត់ឱ្យធន់នឹងជាតិប្រៃកម្រិតមធ្យម។

បញ្ហាដីប្រៃគឺជាការគំរាមកំហែងដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារការប្រែប្រួលអាកាសធាតុ។ ការរកឃើញឱ្យបានទាន់ពេលវេលា និងការធ្វើតេស្តដី គឺជាសោរដ៏សំខាន់ដើម្បីការពារការធ្លាក់ចុះគុណភាពដីដែលមិនអាចស្រោចស្រង់បាន។ ជាតិប្រៃគឺជាសត្រូវដ៏គ្រោះថ្នាក់បំផុតសម្រាប់កសិករ។ កុំចាំទាល់តែឃើញដីឡើងពណ៌សទើបចាប់ផ្តើមដោះស្រាយ។ ការថែទាំដីឱ្យមានជាតិសរីរាង្គខ្ពស់ និងការត្រួតពិនិត្យប្រភពទឹកស្រោចស្រព គឺជាការការពារដ៏ល្អបំផុត។

ដោយ៖ ចាន់ តារា
ប្រភព៖ IRRR /ឯកសារក្រសួងកសិកម្ម