គ្រោះរាំងស្ងួត គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងវិស័យកសិកម្ម ដែលវាធ្វើឱ្យដំណាំអន់ថយការលូតលាស់ ធ្លាក់ចុះទិន្នផល និងខូចគុណភាពកសិផល។ ប៉ុន្តែជាសំណាងល្អ ធម្មជាតិបានបង្កើតនូវដំណោះស្រាយដ៏មានឥទ្ធិពលមួយ នោះគឺមីក្រូសារពាង្គកាយល្អៗក្នុងដី។ មេរោគល្អៗដែលមើលមិនឃើញទាំងនេះ ជួយបង្កើនសុខភាពដំណាំឱ្យមាំទាំ តាមរយៈការជំរុញប្រព័ន្ធឫស ជួយស្រូបយកជីជាតិ និងបង្កើនសមត្ថភាពទប់ទល់នឹងការខ្វះខាតទឹក។

១. យន្តការការងាររបស់មីក្រូសារពាង្គកាយល្អៗ
- ជំរុញការលូតលាស់របស់ឫស៖ ពួកវាជួយបណ្តុះនិងបែកខ្នែងឫសដំណាំឱ្យកាន់តែច្រើន ព្រមទាំងបង្កើនផ្ទៃឫសដើម្បីបឺតស្រូបទឹក និងជីជាតិបានកាន់តែប្រសើរ ដែលជួយឱ្យដំណាំអាចស្រូបយកសំណើមពីស្រទាប់ដីខាងក្រោមបានយ៉ាងងាយស្រួល។
- ពង្រឹងប្រព័ន្ធការពារខ្លួនធម្មជាតិ៖ ជួយជំរុញអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម និងជួយកាត់បន្ថយសារធាតុពុលដែលកើតឡើងនៅក្នុងដើមរុក្ខជាតិអំឡុងពេលជួបគ្រោះរាំងស្ងួត ដែលជាការការពារកោសិការុក្ខជាតិមិនឱ្យរងការខូចខាត។
- បង្កើនការរក្សាជាតិទឹក៖ ជួយឱ្យកោសិការុក្ខជាតិរក្សាទុកជាតិទឹកបានល្អ កាត់បន្ថយការបាត់បង់ទឹកតាមរយៈការភាយរំហួត និងកែលម្អប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកដែលធ្វើឱ្យដំណាំអាចលូតលាស់បានទោះបីជាមានទឹកតិចតួចក៏ដោយ។
- បង្កើនភាពរលាយនៃសារធាតុចិញ្ចឹម៖ ជួយបំប្លែង និងជំរុញការស្រូបយកជីជាតិចាំបាច់ (ដូចជា អាសូត ផូស្វ័រ ប៉ូតាស្យូម និងអតិសុខុមប្រាណដទៃទៀត) ដើម្បីគាំទ្រដល់ដំណើរការមេតាបូលីសរបស់រុក្ខជាតិឱ្យនៅតែដំណើរការល្អ ទោះបីជាដីខ្វះសំណើមក៏ដោយ។
- ជំរុញអ័រម៉ូនរុក្ខជាតិ៖ ជួយជំរុញការផលិតអ័រម៉ូនល្អៗ និងសារធាតុសញ្ញាផ្សេងៗដែលជួយពន្លឿនការលូតលាស់ និងពង្រឹងភាពស៊ាំរបស់ដំណាំទៅនឹងសម្ពាធអាកាសធាតុប្រែប្រួល។
- គាំទ្រដល់សុខភាពដីជារួម៖ ជួយបង្កើនជីវចម្រុះរបស់អតិសុខុមប្រាណក្នុងដី ជំរុញការរំលាយសារធាតុសរីរាង្គ កែលម្អរចនាសម្ព័ន្ធដី ព្រមទាំងបង្កើនសមត្ថភាពដីក្នុងការរក្សាទឹក និងខ្យល់សម្រាប់ជាតិដីរយៈពេលវែង។

២. ផលប្រយោជន៍ជាក់ស្តែងនៅពេលជួបគ្រោះរាំងស្ងួត
នៅពេលដែលដីចម្ការរបស់បងប្អូនសម្បូរទៅដោយមេរោគល្អៗ ដំណាំនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
- សមត្ថភាពបឺតស្រូប និងរក្សាជាតិទឹកបានល្អជាងមុន
- ប្រព័ន្ធឫសដុះលូតលាស់កាន់តែវែង ជ្រៅ និងរឹងមាំ
- កម្រិតក្លរ៉ូភីលខ្ពស់ ដែលជួយឱ្យការធ្វើសំយោគពន្លឺ (ការផលិតអាហាររបស់ស្លឹក) ប្រកបដោយប្រសិទ្ធភាព
- កាត់បន្ថយការខូចខាតកោសិកាដែលបណ្តាលមកពីភាពរាំងស្ងួត
- ជំរុញការលូតលាស់ ធានាបាននូវទិន្នផល និងគុណភាពកសិផលល្អ
- ដីមានសុខភាពល្អ និងមានជីជាតិសម្រាប់កសិកម្មប្រកបដោយនិរន្តរភាព
បងប្អូនកសិករឆ្លាតវៃត្រូវចងចាំថាដីមានសុខភាពល្អ គឺជាគ្រឹះនៃដំណាំមានសុខភាពល្អ។ តាមរយៈការថែរក្សា និងជំរុញមីក្រូសារពាង្គកាយល្អៗក្នុងដី ដូចជាការបន្ថែមជីសរីរាង្គ និងកាត់បន្ថយការប្រើប្រាស់ជីគីមី បងប្អូនអាចដំឡើងប្រព័ន្ធការពារគ្រោះរាំងស្ងួតដល់ដំណាំដោយធម្មជាតិ។ នេះជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកសាងចម្ការ និងកសិដ្ឋានដ៏រឹងមាំ ដែលមានសមត្ថភាពស៊ាំ និងធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគត៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ FAO
