តើ​ពន្លឺមាន​ឥទ្ធិពលបែបណា​ខ្លះ​លើ​ដំណាំ ឬរុក្ខជាតិ​?​

ពន្លឺមិនមែនគ្រាន់តែជាកត្តាជួយឱ្យដំណាំមានពណ៌បៃតងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាដ៏មានឥទ្ធិពលមួយដែលកំណត់ពីរបៀបដែលរុក្ខជាតិលូតលាស់ និងអភិវឌ្ឍខ្លួនចាប់តាំងពីដំណាក់កាលគ្រាប់ពូជ រហូតដល់ចេញផ្កា។ ដំណើរការនេះត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា «Photomorphogenesis»។​

ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗនៃពន្លឺលើការលូត​លាស់របស់ដំណាំដែលបងប្អូនកសិករគួរដឹង​។​

១. តួនាទីរបស់ពន្លឺក្នុងដំណាក់កាលផ្សេងៗនៃដំណាំ

ពន្លឺមានគុណភាពខុសៗគ្នា (ពណ៌ខុសៗគ្នា) ដែលជះឥទ្ធិពលទៅលើដំណាំតាមរយៈប្រព័ន្ធទទួលសញ្ញាផ្សេងៗគ្នា៖

  • ការដុះពន្លក (Seed Germination)៖ ពន្លឺអាចជួយជំរុញ ឬរារាំងការដុះពន្លករបស់គ្រាប់ពូជ អាស្រ័យទៅតាមប្រភេទដំណាំ និងគុណភាពនៃពន្លឺ។
  • ការលូតលាស់ដើម៖ ពន្លឺជួយបញ្ឈប់ការលូតលាស់ដើមដែលវែងខុសធម្មតា និងជួយជំរុញការផលិតក្លូរ៉ូភីលឱ្យស្លឹកមានពណ៌បៃតង។
  • ការងាករកពន្លឺ ឬទំនាញ​ពន្លឺ (Phototropism)៖ ពន្លឺពណ៌ខៀវ ធ្វើឱ្យដើមដំណាំងាករកប្រភពពន្លឺ ដើម្បីទទួលបានការលូតលាស់ល្អបំផុត។
  • ការប្រកួតប្រជែងដណ្ដើមពន្លឺ៖ ដំណាំអាចដឹងថាមានដំណាំដទៃនៅក្បែរតាមរយៈសមាមាត្រនៃពន្លឺពណ៌ក្រហម និងក្រហមចាស់ ដែលជំរុញឱ្យវាលូតលាស់ដើមឱ្យខ្ពស់ជាងគេ ដើម្បីដណ្ដើមពន្លឺ។
  • ការចេញផ្កា៖ រយៈពេលនៃពន្លឺ និងគុណភាពពន្លឺ គឺជាកត្តាកំណត់ពេលវេលាចេញផ្កាសម្រាប់ដំណាំដែលត្រូវការថ្ងៃខ្លី ឬថ្ងៃវែង។
  • ការការពារខ្លួន៖ ពន្លឺពណ៌ខៀវ និង UV-B ជួយឱ្យដំណាំបញ្ចេញសារធាតុការពារខ្លួនពីភាពតានតឹង និងសត្វល្អិត

២. ឥទ្ធិពលនៃពណ៌ពន្លឺ

រុក្ខជាតិមានប្រព័ន្ធទទួលសញ្ញាផ្សេងៗគ្នាដើម្បីយល់ពីពន្លឺ៖

  • ពន្លឺពណ៌ខៀវ៖ គ្រប់គ្រងចង្វាក់ជីវសាស្ត្រ ការបើកមាត់ស្លឹក និងការងាករកពន្លឺ។
  • ពន្លឺពណ៌ក្រហម និងក្រហមចាស់៖ គ្រប់គ្រងការដុះពន្លក និងការចេញផ្កា។
  • ពន្លឺ UV-B៖ ជួយដល់ការឆ្លើយតបនឹងភាពតានតឹង និងការផលិតសារធាតុការពាររុក្ខជាតិ។

៣. ហេតុអ្វីបានជាការយល់ដឹងនេះសំខាន់សម្រាប់កសិករ?

ការយល់ដឹងពីបច្ចេកទេស Photomorphogenesis គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កសិកម្មសម័យទំនើប៖

  • បង្កើនផលិតភាព៖ ជួយឱ្យកសិករអាចកំណត់ពីការប្រើប្រាស់ពន្លឺសិប្បនិម្មិតក្នុងផ្ទះសំណាញ់បានត្រឹមត្រូវ។
  • កសិកម្មឆ្លាតវៃ៖ ជួយគាំទ្រដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងការសម្របខ្លួនទៅនឹងអាកាសធាតុ។
  • ការច្នៃប្រឌិត៖ ជួយជំរុញឱ្យមានការរកឃើញថ្មីៗក្នុងវិស័យជីវបច្ចេកវិទ្យាកសិកម្ម។

តាមរយៈការយល់ដឹងពីសញ្ញានៃពន្លឺ បងប្អូនកសិករអាចគ្រប់គ្រងបរិស្ថានដាំដុះបានកាន់តែប្រសើរ ដែលនាំឱ្យដំណាំលូតលាស់បានតាមតម្រូវការ និងទទួលបានទិន្នផលខ្ពស់៕

ដោយ៖ ចាន់ តារា
ប្រភព៖ Seed IQ / FAO