ដំណាំពោត៖ ដាក់ជីត្រូវពេលវេលាកើនទិន្នផលយ៉ាងតិច២០ភាគរយ

កសិករដាំពោត​ជាច្រើនបានទិញជីល្អ ពូជល្អ និងរៀបចំដីបានល្អ ប៉ុន្តែទិន្នផលនៅតែទាប។ ហេតុអ្វី? បញ្ហាជាធម្មតាមិនមែនស្ថិតនៅលើជីនោះទេ ប៉ុន្តែគឺស្ថិតនៅលើ​ពេលវេលានៃការដាក់ជី។ ដំណាំពោតជាដំណាំដែលលូតលាស់លឿន ហើយដំណាក់កាលលូតលាស់នីមួយៗ តម្រូវការជីវជាតិជាក់លាក់។ បើដាក់ជីឆាប់ពេក ឬយឺតពេក ជីទាំងនោះនឹងត្រូវបាត់បង់ ហូរច្រោះចោល ឬត្រូវស្មៅស៊ីអស់ភាគច្រើនមិន​ខាន​។

ការដាក់ជីត្រូវពេលវេលាអាចបង្កើនទិន្នផលពោត​ពី​២០% ទៅ ៥០% ដោយមិនចាំបាច់បន្ថែមបរិមាណជីឡើយ។

ហេតុអ្វីពេលវេលាដាក់ជីសំខាន់?

ដំណាំពោតលូតលាស់តាមដំណាក់កាលច្បាស់លាស់។ ដំណាក់កាលនីមួយៗទាមទារជីវជាតិផ្សេងៗគ្នា៖

  1. ដំណុះ និងការលូតលាស់ដំបូង  ត្រូវការ ផូស្វ័រ (Phosphorus)។
  2. ការលូតលាស់ស្លឹក និងដើម ត្រូវការ អាសូត (Nitrogen)។
  3. ការកកើតផ្លែ ត្រូវការទាំង អាសូត និងប៉ូតាស្យូម (Potassium)។

បើជីវជាតិទាំងនោះមិនមាននៅពេលត្រឹមត្រូវទេ ដំណាំនឹងតឿ ក្រិម លឿងស្លឹក និងបង្កើតផ្លែតូចៗ​។

ដំណាក់កាលគន្លឹះនៃការដាក់ជី

ដំណាក់កាលទី ១៖ ដាំដុះ (០-២ សប្តាហ៍)

  • គោលបំណង៖ ត្រូវការផូស្វ័រសម្រាប់ការលូតលាស់ឫសរឹងមាំ។
  • របៀបដាក់: ដាក់ ជីបំប៉នគល់ ដូចជាជី NPK ឬ ជីសមាសនៅពេលដាំ។
  • មូលហេតុ: ផូស្វ័រមិនសូវធ្វើចលនាក្នុងដីទេ ដូច្នេះត្រូវដាក់វាឲ្យនៅកៀកនឹងឫស។

ដំណាក់កាលទី ២៖ លូតលាស់ដើម/ស្លឹក (៣-៦ សប្តាហ៍)

  • គោលបំណង: នេះគឺជាដំណាក់កាលសំខាន់បំផុតសម្រាប់ អាសូត។
  • របៀបដាក់: ដាក់ជីបំប៉នលើកទី ១ នៅពេលពោតមានកម្ពស់ត្រឹមជង្គង់។
  • ផលប៉ះពាល់នៃការយឺតយ៉ាវ: បើពន្យារពេលដាក់ជី ដំណាំពោតនឹងបាត់បង់ទិន្នផលសក្តានុពល ៣០% ទៅ ៤០%។

ដំណាក់កាលទី ៣៖ មុនចេញផ្កាឈ្មោល (៦-៨ សប្តាហ៍)

  • គោលបំណង: ពោតកំពុងបង្កើតផ្លែនៅខាងក្នុងដើម។
  • របៀបដាក់: ជំរុញដោយដាក់ ជីអាសូតបំប៉នស្រាលៗលើកទី ២។
  • លទ្ធផល: ជួយផលិតផ្លែវែង គ្រាប់ច្រើន និងពេញគ្រាប់ល្អ។ ដំណាក់កាលនេះសម្រេចទំហំផ្លែចុងក្រោយ។

ដំណាក់កាលទី ៤៖ បំពេញគ្រាប់ (៨ សប្តាហ៍ឡើងទៅ)

  • គោលបំណង: ពោតត្រូវការ ប៉ូតាស្យូម និងជីវជាតិដែលផ្ទុកទុក។
  • ចំណាំ: ការដាក់ជីអាសូត យឺតពេក នៅដំណាក់កាលនេះ គឺជារឿងឥតប្រយោជន៍ ព្រោះរុក្ខជាតិលែងស្រូបយកអាសូតបានច្រើនទៀតហើយ។

កំហុសទូទៅក្នុងការដាក់ជី

  • ដាក់ជីទាំងអស់ក្នុងពេលតែមួយ។
  • ដាក់ជីបំប៉នលើកទី ១ ឆាប់ពេក ឬយឺតពេក។
  • ដាក់ជីនៅពេលដីស្ងួត។
  • ពន្យារពេលដកស្មៅ រហូតដល់ជីត្រូវស្មៅស៊ីអស់។
  • ប្រើជីបំប៉នគល់ក្រោយពេលដាំរួច។

កំហុសទាំងនេះធ្វើឲ្យប្រសិទ្ធភាពជីថយចុះ ហើយខ្ជះខ្ជាយថវិកា។

ជីមានប្រសិទ្ធភាពលុះត្រាតែបានដាក់នៅពេលវេលាត្រឹមត្រូវ។ ពេលវេលាត្រឹមត្រូវជួយបង្កើនការស្រូបយកជីវជាតិ សន្សំសំចៃជី និងបង្កើនទិន្នផលពោតដោយមិនចាំបាច់ចំណាយបន្ថែម។

នៅពេលយើង​ផ្តល់ចំណីដល់ពោតចំពេលដែលវាត្រូវការ ដំណាំនឹងផ្តល់ផល​មកយើង​វិញជាផ្លែធំ មាំមួន និងទិន្នផលខ្ពស់។

«ពេលវេលាត្រឹមត្រូវ គឺជាអាថ៌កំបាំងនៃទិន្នផលដ៏ត្រឹមត្រូវ។»

ដោយ៖ ទូច សុខា
ប្រភព៖ Pioneer