តើបងប្អូនធ្លាប់ចាប់អារម្មណ៍ទេថាក្រោយពេលភ្លៀងធ្លាក់ខ្លាំង ទឹកដែលហូរចេញពីចម្ការរបស់បងប្អូនមានសភាពល្អក់? សភាពល្អក់កករទាំងនោះមិនមែនគ្រាន់តែជាភក់ធម្មតាទេ វាគឺជាជីជាតិក្នុងដីរបស់បងប្អូនដែលកំពុងត្រូវហូរចោល។ ការហូរច្រោះដី ឬសំណឹកដី គឺជាហានិភ័យដ៏ស្ងាត់ស្ងៀមមួយដែលលួចយកស្រទាប់ដីលើដ៏មានតម្លៃរបស់បងប្អូនទៅបាត់រៀងរាល់ឆ្នាំ។

១. ហានិភ័យនៅពេលដីអស់ស្រទាប់លើ
ស្រទាប់ដីលើ (Topsoil) ដែលមានកម្រិតត្រឹមតែ១៥ ទៅ ២០សង់ទីម៉ែត្រ គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយមមោក ជីជាតិ សមាសធាតុ NPK និងបាក់តេរីល្អៗរស់នៅ។
- ការបាត់បង់ជីជាតិ៖ នៅពេលស្រទាប់លើត្រូវទឹកនាំទៅបាត់ ដំណាំនឹងក្រិន ទោះបីជាបងប្អូនដាក់ជីគីមីបន្ថែមច្រើនប៉ុនណាក៏វាមិនសូវហុចផលដែរ ព្រោះគ្មានកន្លែងសម្រាប់រក្សាជីជាតិទាំងនោះ។
- ដីរឹង និងហាប់៖ នៅសល់តែស្រទាប់ដីក្រោមដែលគ្មានជីវិត ធ្វើឱ្យឫសដំណាំពិបាកដុះ និងពិបាកស្រូបទឹក។
២. ការព្រមានអាសន្នពីស្ថាប័នជំនាញ
យោងតាមរបាយការណ៍បច្ចុប្បន្នភាពឆ្នាំ២០២៦ របស់អង្គការស្បៀង បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបង្កឱ្យមានភ្លៀងធ្លាក់ខុសប្រក្រតី និងខ្លាំងៗក្នុងរយៈពេលខ្លី ដែលបង្កើនល្បឿនសំណឹកដីក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើងដល់ ២០-៣០ ដង លើសពីកម្រិតធម្មជាតិ។ ប្រសិនបើយើងមិនមានវិធានការការពារស្រទាប់ដីលើទេ ទិន្នផលកសិកម្មអាចនឹងធ្លាក់ចុះរហូតដល់ ៥០% ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

៣. វិធានការការពារបន្ទាន់
ដើម្បីទប់ទល់នឹងសំណឹកដី បងប្អូនអាចអនុវត្តវិធីសាស្ត្ររនាំងការពារដីដូចខាងក្រោម៖
ក. កុំទុកឱ្យដីឲ្យនៅទំនេរ
ដីដែលនៅទំនេរគ្មានអ្វីគ្របដណ្តប់ ងាយនឹងត្រូវទឹកភ្លៀងបោកបក់បំផុត។
ដំណាំគ្របដី (ដូចជា សណ្តែកដី សណ្តែកបាយ) ឬរក្សាស្មៅខ្លះៗនៅចន្លោះជួរដំណាំ ដើម្បីជួយទប់ដី និងរក្សាសំណើម។ សម្រាប់បងប្អូនដែលមានដីចម្ការនៅលើទួល ឬដីចំណោត ហាមភ្ជួររាស់បញ្ឈរតាមចំណោតឱ្យសោះ។ បងប្អូនត្រូវភ្ជួរ និងដាំដំណាំកាត់ទទឹង ដើម្បីឱ្យជួរដំណាំនីមួយៗដើរតួជាទំនប់ទប់ទឹក និងទប់ដីមិនឱ្យហូរទៅក្រោមលឿនពេក។
ខ. ការប្រើវិធីគ្របគល់ដំណាំ
ប្រើចំបើង ស្លឹកឈើគ្របដី ឬកាកសំណល់កសិកម្មដែលនៅសល់ មកគ្របដណ្ដប់លើផ្ទៃដី។ វាជួយកាត់បន្ថយកម្លាំងបោកបក់នៃគ្រាប់ភ្លៀងមកលើដីដោយផ្ទាល់។ សំណឹកមិនមែនកើតឡើងតែដោយសារទឹកទេ ខ្យល់បក់ខ្លាំងក៏បក់នាំដីល្អៗទៅបាត់ដែរ។ យើងអាចដាំដើមឈើដែលមានកម្ពស់មធ្យមនៅតាមព្រំចម្ការ ដើម្បីទប់កម្លាំងខ្យល់។
បងប្អូនខ្លះយល់ថា ការទុកស្មៅ ឬដាំដំណាំចម្រុះនាំឱ្យរញ៉េរញ៉ៃ ឬដណ្តើមជីដំណាំចម្បង។ ប៉ុន្តែការពិតទៅ ការធ្វើឱ្យចម្ការស្អាតដូចទីធ្លាផ្ទះ(គឺដីវាលរលីង) គឺជាការបើកទ្វារឱ្យបញ្ហាសំណឹកដីចូលមកយាយីគុណភាពដីរបស់បងប្អូន។ ដីដែលមានសុខភាពល្អ គឺជាដីដែលមានដំណាំ ឬរុក្ខជាតិគ្របដណ្តប់ជានិច្ច៕
ដោយ៖ ចាន់ តារា
ប្រភព៖ Grow Organic /FAO
