នៅក្នុងយុគសម័យកសិកម្មទំនើប ថ្នាំកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារដំណាំពីការបំផ្លិចបំផ្លាញនៃសត្វល្អិតចង្រៃ ជំងឺ និងស្មៅ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងទិន្នផលខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សារធាតុគីមីទាំងនេះប្រៀបដូចជាកាំបិតមុខពីរ ។ ប្រសិនបើប្រើប្រាស់ដោយគ្មានការយល់ដឹង និងខ្វះការប្រុងប្រយ័ត្ន វាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពកសិករផ្ទាល់ សុខភាពអ្នកបរិភោគ និងបរិស្ថានជុំវិញខ្លួន។
យោងតាមគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសុខភាព Better Health Channel ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្មតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់តាមបច្ចេកទេស។ អត្ថបទនេះនឹងជួយពន្យល់ឱ្យបានស៊ីជម្រៅអំពីថ្នាំកសិកម្ម និងវិធីសាស្ត្រប្រើប្រាស់ប្រកបដោយសុវត្ថិភាពបំផុត។

១. តើថ្នាំកសិកម្មជាអ្វី?
ថ្នាំកសិកម្ម ឬសារធាតុគីមីកសិកម្ម គឺជាពាក្យទូទៅដែលគេប្រើសំដៅលើរាល់សារធាតុគីមី ឬសារធាតុធម្មជាតិទាំងអស់ដែលត្រូវបានផលិតឡើងដើម្បី៖
- កំចាត់សត្វល្អិត៖ ការពារ និងកំចាត់សត្វល្អិតដែលស៊ីបំផ្លាញស្លឹក ផ្លែ ឬឫសដំណាំ។
- កំចាត់ជំងឺរុក្ខជាតិ៖ ការពារ និងព្យាបាលជំងឺដែលបង្កឡើងដោយផ្សិត ឬបាក់តេរី។
- កំចាត់ស្មៅ៖ សម្លាប់ស្មៅចង្រៃដែលដណ្តើមសារធាតុចិញ្ចឹម និងពន្លឺថ្ងៃពីដំណាំ។
- គ្រប់គ្រងការលូតលាស់រុក្ខជាតិ៖ ជួយជំរុញ ឬគ្រប់គ្រងការលូតលាស់ ស្លឹក ផ្កា និងផ្លែ។
សារធាតុគីមីទាំងនេះមានទម្រង់ខុសៗគ្នាដូចជា ជាម្សៅ ជាទឹក ឬជាគ្រាប់តូចៗ ដែលសុទ្ធសឹងតែទាមទារការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់។
២. ហានិភ័យសុខភាពពីការប្រើប្រាស់មិនត្រឹមត្រូវ
សារធាតុគីមីកសិកម្មអាចចូលទៅក្នុងរាងកាយរបស់មនុស្សយើងតាមរយៈផ្លូវធំៗចំនួន ៣ គឺ ការដកដង្ហើមចូល (ដកដង្ហើមចំផ្សែងថ្នាំ) ការលេបចូល (តាមរយៈដៃកខ្វក់ ឬចំណីអាហារដែលមានសំណល់ថ្នាំ) និងការស្រូបតាមស្បែក (ការកំពប់ស្រក់ចំស្បែក ឬភ្នែក)។
រោគសញ្ញានៃការពុលកម្រិតស្រាល និងស្រួចស្រាវ៖
- ឈឺក្បាល វិលមុខ និងអស់កម្លាំងខ្លាំង
- រមាស់ស្បែក ចេញកន្ទួលក្រហម ឬរលាកភ្នែក
- ចង្អោរ ក្អួត រាក និងថប់ដង្ហើម
ផលប៉ះពាល់រយៈពេលវែង៖
ការប៉ះពាល់នឹងសារធាតុគីមីតិចៗក្នុងរយៈពេលយូរអង្វែង (ជាច្រើនឆ្នាំ) ដោយសារការខ្វះការពារ អាចបណ្តាលឱ្យកើតជំងឺកាចសាហាវនានា ដូចជាជំងឺមហារីក ជំងឺខូចប្រព័ន្ធប្រសាទ ប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ និងការខូចខាតសរីរាង្គខាងក្នុងដូចជា ថ្លើម និងតម្រងនោម។
៣. វិធានការសុវត្ថិភាពសម្រាប់កសិករ (អ្នកបាញ់ថ្នាំ)
ដើម្បីការពារខ្លួនអ្នក និងក្រុមគ្រួសារពីគ្រោះថ្នាក់នៃសារធាតុគីមី កសិករគ្រប់រូបត្រូវតែអនុវត្តតាមគោលការណ៍ណែនាំស្តីពីសុវត្ថិភាពកសិកម្មដូចខាងក្រោម៖
- អានស្លាកសញ្ញា ជានិច្ចមុនពេលប្រើប្រាស់
- ប្រើប្រាស់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ
- ការរក្សាទុក និងការបោះចោលប្រកបដោយសុវត្ថិភាព
របៀបបាញ់ដោយសុវត្ថិភាព ត្រៀមខ្លួនមុនពេលបាញ់ថ្នាំ ការលាយ និងពិនិត្យឧបករណ៍។ ពិនិត្យមើលកំប៉ុងបាញ់ថ្នាំថាតើមានធ្លាយ ឬស្ទះក្បាលបាញ់ដែរឬទេ។ លាយថ្នាំនៅកន្លែងដែលមានខ្យល់ចេញចូលល្អ (ក្រៅផ្ទះ) និងប្រើឈើសម្រាប់កូរ មិនត្រូវប្រើដៃឡើយ។ ចំពោះដំណើរការបាញ់ថ្នាំអនុវត្តតា បច្ចេកទេស និងតាមទិសដៅខ្យល់។ បាញ់ថ្នាំដោយ ដើរស្របតាមទិសដៅខ្យល់ជានិច្ច (ឱ្យខ្យល់បក់ពីក្រោយខ្នង)។ ដាច់ខាតកុំបាញ់បញ្ច្រាសទិសដៅខ្យល់ ព្រោះផ្សែងថ្នាំនឹងបក់មកចំខ្លួនអ្នក។ ចៀសវាងការបាញ់ថ្នាំនៅថ្ងៃដែលមានខ្យល់បក់ខ្លាំង ឬមេឃក្តៅខ្លាំង។
ការសម្អាតខ្លួនក្រោយពេលបាញ់ថ្នាំ អនាម័យជាចម្បង។ បន្ទាប់ពីបាញ់ថ្នាំរួច ត្រូវដោះឈុតការពារចេញ រួចងូតទឹកជម្រះកាយជាមួយសាប៊ូ និងកក់សក់ឱ្យបានស្អាតភ្លាមៗ។ ខោអាវដែលប្រើប្រាស់សម្រាប់បាញ់ថ្នាំ ត្រូវបោកគក់ដាច់ដោយឡែកពីខោអាវប្រចាំថ្ងៃរបស់សមាជិកគ្រួសារ។

៤. សុវត្ថិភាពសម្រាប់អ្នកបរិភោគ
មិនត្រឹមតែកសិករនោះទេ អ្នកបរិភោគក៏ត្រូវមានការយល់ដឹងដើម្បីការពារខ្លួនពីសំណល់ថ្នាំកសិកម្ម ដែលអាចមាននៅលើបន្លែ ផ្លែឈើ ផងដែរ៖
- លាងសម្អាតឱ្យបានហ្មត់ចត់៖ មុននឹងបរិភោគ ឬយកទៅចម្អិន ត្រូវលាងបន្លែផ្លែឈើជាមួយទឹកស្អាតចេញពីក្បាលរូប៊ីណេ ឬត្រាំជាមួយទឹកអំបិល ឬទឹកលាយម្សៅ baking soda ប្រមាណ ១០-១៥ នាទី ដើម្បីជួយកាត់បន្ថយសារធាតុគីមីនៅលើផ្ទៃខាងក្រៅ។
- ចិតសំបកចេញ៖ សម្រាប់ផ្លែឈើ ឬបន្លែដែលអាចចិតសំបកបាន (ដូចជា ប៉ោម ការ៉ុត ដំឡូង) ការចិតសំបកចេញអាចជួយកាត់បន្ថយសំណល់ថ្នាំគីមីបានយ៉ាងច្រើន។
- គាំទ្រកសិផលដែលមានប្រភពច្បាស់លាស់៖ បើអាចធ្វើបាន គួរជ្រើសរើសទិញបន្លែផ្លែឈើណាដែលមានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាព (GAP) ឬបន្លែសរីរាង្គ (Organic) ដែលមិនប្រើប្រាស់ថ្នាំគីមីសំយោគ។
ថ្នាំកសិកម្ម គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការជួយជំរុញវិស័យកសិកម្ម ប៉ុន្តែវាមិនមែនជាល្បែងលេងសើចនោះឡើយ។ សុវត្ថិភាពក្នុងចម្ការ និងសុវត្ថិភាពលើតុអាហារ គឺចាប់ផ្តើមចេញពីការយល់ដឹង និងការទទួលខុសត្រូវរបស់កសិករ។ ការអនុវត្តតាមការណែនាំបច្ចេកទេស ការពាក់ឧបករណ៍ការពារខ្លួនត្រឹមត្រូវ និងការគោរពតាមរយៈពេលកំណត់មុនប្រមូលផល មិនត្រឹមតែការពារអាយុជីវិតរបស់កសិករខ្លួនឯង និងក្រុមគ្រួសារនោះទេ ប៉ុន្តែថែមទាំងជាការផ្តល់នូវអាហារដ៏មានសុវត្ថិភាព និងភាពកក់ក្តៅដល់អ្នកបរិភោគទូទាំងសង្គមផងដែរ៕
ដោយ៖ សែន តុលា
ប្រភព៖ Better health / PES
