អាថ៌កំបាំង​ក្រោម​ផ្ទៃ​ដី​៖​យល់​ពី​ប្រព័ន្ធ​ឫស​ដើម្បី​ទិន្នផល​ដំណាំ​កាន់​តែ​ខ្ពស់​

សុខភាព និងផលិតភាពរបស់ដំណាំ មិនមែនកើតឡើងតែពីអ្វីដែលយើងមើលឃើញនៅលើដើម ឬស្លឹកនោះទេ ប៉ុន្តែវាពិតជាអាស្រ័យយ៉ាងខ្លាំងទៅលើអ្វីដែលកំពុងកើតឡើងនៅក្រោមផ្ទៃដី ត្រង់តំបន់ឫស។ ឫសគឺជាខ្សែជីវិតរបស់រុក្ខជាតិ ដែលធ្វើការយ៉ាងមមាញឹកឥតឈប់ឈរជាមួយទឹក ជីជាតិ និងអតិសុខុមប្រាណ ដើម្បីទ្រទ្រង់ការលូតលាស់ ការចេញផ្កា និងការបង្កើតផ្លែ។

ប្រព័ន្ធឫសដែលមានសុខភាពល្អ មិនត្រឹមតែជួយឱ្យដំណាំចាក់ឫសបានរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យដំណាំមានសមត្ថភាពស្រូបយកជីវជាតិបានប្រសើរ ធន់នឹងគ្រោះរាំងស្ងួត និងផ្ដល់ទិន្នផលខ្ពស់ជាមួយនឹងគុណភាពផ្លែល្អ។

ដើម្បីឱ្យដំណើរការនេះមានប្រសិទ្ធភាព ទឹកដើរតួជាអ្នកដឹកជញ្ជូន​ជីជាតិដ៏សំខាន់ពីក្នុងដី ចូលទៅក្នុងឫស និងចែកចាយបន្តទៅកាន់គ្រប់ផ្នែកនៃរុក្ខជាតិ។ ការគ្រប់គ្រងទឹកបានត្រឹមត្រូវ នឹងជួយពង្រឹងការស្រូបយកជីជាតិ ជំរុញការលូតលាស់នៃឫស និងបង្កើនប្រសិទ្ធភាពនៃការធ្វើរស្មីសំយោគ ដែលជាកត្តាធ្វើឱ្យដំណាំមិនសូវជួបភាពតានតឹង។ ក្នុងពេលដំណាលគ្នានោះ សារធាតុចិញ្ចឹមសំខាន់ៗចំនួនបី គឺអាសូត (N) ផូស្វ័រ (P) និងប៉ូតាស្យូម (K) ដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់ឫស និងទូទាំងដើមដំណាំ៖

  • អាសូត (N) គឺជាកម្លាំងចលករសម្រាប់ការលូតលាស់ដើម និងស្លឹក ជួយផលិតសារធាតុពណ៌បៃតង ដើម្បីឱ្យដំណាំមានពណ៌បៃតងខ្ចី និងលូតលាស់បានមាំមួន។ ប្រសិនបើកង្វះអាសូត ស្លឹកចាស់នឹងប្រែជាលឿង ហើយការលូតលាស់នឹងនៅទ្រឹង។
  • ផូស្វ័រ (P) មានតួនាទីស្នូលក្នុងការអភិវឌ្ឍឫស ការចាប់ផ្តើមចេញផ្កា និងការបង្កើតផ្លែ ព្រមទាំងជួយដល់ការផ្ទេរថាមពលក្នុងរុក្ខជាតិ។ រោគសញ្ញានៃការខ្វះផូស្វ័ររួមមាន ឫសលូតលាស់មិនល្អ ការចេញផ្កាយឺតយ៉ាវ និងស្លឹកមានពណ៌ស្វាយ។
  • ប៉ូតាស្យូម (K) គឺជាអ្នកបង្កើនគុណភាពផ្លែ ទំហំ និងពណ៌ ព្រមទាំងជួយឱ្យដំណាំបង្កើនភាពធន់នឹងជំងឺ និងគ្រោះរាំងស្ងួត។ ការខ្វះប៉ូតាស្យូមអាចបណ្តាលឱ្យគែមស្លឹកក្រៀមស្វិត ផ្លែមានគុណភាពមិនល្អ និងដើមទន់ខ្សោយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺវត្តមានរបស់ជំនួយការលាក់មុខ​ដែលជាអតិសុខុមប្រាណមានប្រយោជន៍នៅក្នុងដី។ អតិសុខុមប្រាណទាំងនេះជួយកែច្នៃជីវជាតិឱ្យទៅជាទម្រង់ដែលដំណាំអាចស្រូបយកបានយ៉ាងងាយស្រួល ជាពិសេសការជួយបង្កើនកម្រិតផូស្វ័រ និងជំរុញឱ្យឫសលូតលាស់កាន់តែប្រសើរ។ នៅពេលដែលស្លឹកផលិតស្ករតាមរយៈការធ្វើរស្មីសំយោគ ស្ករទាំងនេះត្រូវបានដឹកជញ្ជូនទៅចិញ្ចឹមឫស និងផ្លែ ដែលដំណើរការនេះនឹងដំណើរការទៅដោយរលូន លុះត្រាតែការផ្គត់ផ្គង់ទឹក និងជីវជាតិមានតុល្យភាព។

ការផ្តល់ជីជាតិប្រកបដោយតុល្យភាពគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ។ កសិករគួរអនុវត្តការពិនិត្យដីជាប្រចាំ ការរក្សាសំណើមដីឱ្យបានសមស្រប ការបន្ថែមសារធាតុសរីរាង្គ និងការប្រើប្រាស់អតិសុខុមប្រាណមានប្រយោជន៍ ដើម្បីបង្កើតបរិស្ថានដីដ៏ល្អ។ សម្រាប់បងប្អូនកសិករ គួរចងចាំថា ឫសរឹងមាំ​+ជីជាតិមានតុល្យភាព + ដីមានជីវិត = ទិន្នផលខ្ពស់ គឺជាគោលការណ៍គ្រឹះក្នុងការធ្វើកសិកម្មឱ្យទទួលបានផ្លែផ្កា និងមាននិរន្តរភាពសម្រាប់រដូវកាលជាច្រើនទៅមុខទៀត៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/FAO