ការផ្តល់ជីឱ្យដំណាំមិនមែនគ្រាន់តែជាការដាក់ប្រភេទជី ឬបរិមាណនោះទេ ប៉ុន្តែវាជាការដាក់ ឲ្យត្រូវពេលណា។ ការដាក់ជីនៅដំណាក់កាលលូតលាស់ត្រឹមត្រូវ គឺជាកត្តាគន្លឹះដើម្បីទទួលបានទិន្នផលខ្ពស់។ ទោះបីជាបងប្អូនប្រើជីដែលមានគុណភាពល្អក៏ដោយ ប៉ុន្តែប្រសិនបើដាក់យឺតពេល វានឹងកាត់បន្ថយប្រសិទ្ធភាពក្នុងការស្រូបយកសារធាតុចិញ្ចឹម ធ្វើឱ្យខាតបង់ថវិកា និងកាត់បន្ថយទិន្នផលយ៉ាងច្រើនផងដែរ។

តម្រូវការសារធាតុចិញ្ចឹមតាមដំណាក់កាលលូតលាស់
ដំណាំត្រូវការសារធាតុចិញ្ចឹមខុសៗគ្នានៅតាមដំណាក់កាល៖
- អាសូត (N)៖ ចាំបាច់បំផុតនៅដំណាក់កាលលូតលាស់ដើម និងស្លឹកដំបូង។ ការដាក់អាសូតយឺតពេក អាចធ្វើឱ្យដំណាំយឺតពេលក្នុងការបង្កើនការលូតលាស់ស្លឹកហួសកម្រិត កាត់បន្ថយគុណភាពគ្រាប់ ឬផ្លែ និងងាយរងការវាយប្រហារដោយជំងឺ។
- ផូស្វ័រ (P)៖ ចាំបាច់ចាប់ពីពេលដុះពន្លក រហូតដល់ដើមដៃ។ ប៉ុន្តែបើយើងដាក់ផូស្វ័រនៅពេលដែលឫសដំណាំលូតលាស់ពេញលេញ នោះការស្រូបយកផូស្វ័រនឹងថយចុះយ៉ាងខ្លាំង ដូច្នេះការដាក់យឺតពេលផ្តល់ផលតិចតួចបំផុត។
- ប៉ូតាស្យូម (K)៖ តម្រូវការកើនឡើងខ្លាំងនៅពេលចេញផ្កា និងបង្កើតផ្លែ ឬគ្រាប់ ដើម្បីបង្កើនទំហំ ភាពផ្អែម និងភាពធន់នឹងគ្រោះរាំងស្ងួត។
ហេតុអ្វីបានជាការដាក់ជីយឺតពេលធ្វើឱ្យបាត់បង់ប្រសិទ្ធភាព?
យោងតាមការសិក្សានៃការគ្រប់គ្រងសារធាតុចិញ្ចឹម ដំណើរការនៃការស្រូបយកជីរបស់ដំណាំមានកម្រិតកំណត់៖
- សកម្មភាពឫសធ្លាក់ចុះ៖ នៅពេលដំណាំចាស់ទុំ សកម្មភាពឫសក្នុងការស្រូបយកសារធាតុចិញ្ចឹមនឹងថយចុះយ៉ាងគំហុក។
- ការខាតបង់ជី៖ នៅពេលដំណាំមិនអាចស្រូបយកបាន ជីនឹងនៅសេសសល់ក្នុងដី ហើយងាយនឹងហូរច្រោះ ឬហួតបាត់ទៅវិញ ដែលធ្វើឱ្យការវិនិយោគលើជីទទួលបានផលចំណេញតិចតួច។
- ការស្រូបយកមានកម្រិត៖ ដំណាំមិនអាចស្រូបយកសារធាតុចិញ្ចឹមបានប្រកបដោយប្រសិទ្ធភាពទេ ប្រសិនបើវាហួសពីដំណាក់កាលដែលដំណាំត្រូវការបំផុតទៅហើយ។
អ្នកជំនាញកសិកម្មបានសង្កត់ធ្ងន់ថាប្រើជីត្រូវហើយ ប៉ុន្តែដាក់ខុសពេល គឺមានប្រសិទ្ធភាពស្ទើរតែស្មើនឹងការប្រើជីខុសប្រភេទអញ្ចឹងដែរ។ ការផ្គូផ្គងការដាក់ជីឱ្យត្រូវនឹងដំណាក់កាលលូតលាស់ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យដំណាំមានសុខភាពល្អ កើនទិន្នផល និងបង្កើនប្រាក់ចំណេញសម្រាប់បងប្អូនកសិករផងដែរ។

ការអនុវត្តល្អបំផុតសម្រាប់បងប្អូនកសិករ៖
- ពិនិត្យដីជាមុន៖ ធ្វើតេស្តដីជាទៀងទាត់មុននឹងដាក់ជី។
- ដាក់ជីតាមដំណាក់កាល៖ គោរពតាមដំណាក់កាលលូតលាស់របស់ដំណាំនីមួយៗ។
- បែងចែកការដាក់ជី៖ ជាពិសេសជីអាសូត គួរតែបែងចែកការដាក់ជាច្រើនដង ជាជាងដាក់តែម្តងច្រើនៗ។
- រក្សាសំណើមដី៖ ត្រូវមានសំណើមដីគ្រប់គ្រាន់ ដើម្បីឱ្យដំណាំអាចស្រូបយកជីបានងាយស្រួល។
សូមចាំថា ការដាក់ជីឱ្យត្រូវពេល គឺជាយុទ្ធសាស្ត្រកសិកម្មដែលឆ្លាតវៃបំផុត។ តើបងប្អូនកំពុងដាំដំណាំអ្វី ហើយតើបងប្អូនធ្លាប់មានបញ្ហាទាក់ទងនឹងពេលវេលាដាក់ជីដែរឬទេ?
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo /University of California
