គ្រាន់តែស្កេន QR Code លោកអ្នកអាចផ្ទៀងផ្ទាត់ប្រភពដើម និងសុវត្ថិភាពនៃផ្លែឈើក្នុងស្រុកដែលដាក់លក់នៅតាមទីផ្សារបានភ្លាមៗ។ ថ្មីៗនេះ GIZ Cambodia សហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដោយជោគជ័យ ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦ ។

នៅក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកក្កដា ឆ្នាំ២០២៦) អតិថិជន និង អ្នកប្រើប្រាស់ទទួលបាននូវចំណេះដឹងជាក់ស្តែងអំពីរបៀប៖
- សម្គាល់សញ្ញា CamGAP នៅលើកសិផលស្រស់ដើម្បីជ្រើសរើសផលិតផលដែលផលិតតាមស្តង់ដារសុវត្ថិភាពជាតិ។
- ស្កេន QR Code CamGAP ដើម្បីទទួលបានទិន្នន័យ និងផ្ទៀងផ្ទាត់ប្រភពកសិផល។
- យល់ដឹងពីទិដ្ឋភាពទូទៅ៖ ស្វែងយល់ពីរបៀបដែលសុវត្ថិភាពម្ហូបអាហារ និងការធានាគុណភាព រួមចំណែកក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ និងបង្កើតឱកាសទីផ្សារកាន់តែប្រសើរសម្រាប់កសិករនៅប្រទេសកម្ពុជា។

តាមរយៈការជំរុញការទទួលស្គាល់ស្តង់ដារ CamGAP យុទ្ធនាការនេះបានរួមចំណែកគាំទ្រដល់ការជ្រើសរើស អាហារដែលមានសុវត្ថិភាពជាងមុន កសាងទំនុកចិត្តលើផ្លែឈើក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃ វិស័យកសិកម្មកម្ពុជា់នៅលើទីផ្សារក្នុងស្រុក និងតំបន់។
យុទ្ធនាការនេះទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយនិរន្តភាពក្នុងតំបន់អាស៊ាន (AgriTrade II) ដែលផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) និងអនុវត្តដោយ GIZ Cambodia សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ដោយ៖ ចាន់ តារា
ប្រភព៖ GIZ Cambodia
