ការ​នាំ​អង្ករ​ចេញ​របស់​វៀតណាម​នៅ​តែ​កើន​ឡើង​ទោះមានការ​ប្រកួតប្រជែង​

ការនាំចេញអង្កររបស់ប្រទេសវៀតណាមនៅតែបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ។ បើទោះបីជាចំណូលពីការនាំចេញមានការធ្លាក់ចុះបន្តិចបន្តួចដោយសារតែការថយចុះនៃតម្លៃនៅលើទីផ្សារអន្តរជាតិក៏ដោយ ប៉ុន្តែបរិមាណនៃការនាំចេញបានកើនឡើងជិត ១០% ដែលបង្ហាញពីតម្រូវការខ្ពស់នៅលើទីផ្សារសកល។

យោងតាមទិន្នន័យក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ វៀតណាមបាននាំចេញអង្ករសរុបប្រមាណ ៥,២លានតោន ដែលគិតជាទឹកប្រាក់ស្មើនឹង ២,៣៨ពាន់លានដុល្លារអាមេរិក។ តួលេខនេះបង្ហាញថា បរិមាណនាំចេញបានកើនឡើង ៩,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ តែទំហំទឹកប្រាក់បានធ្លាក់ចុះ ២,៥%។ មូលហេតុចម្បងនៃការធ្លាក់ចុះ​ចំនួន​​ទឹកប្រាក់នេះ គឺដោយសារតម្លៃមធ្យមនៃការនាំចេញបានធ្លាក់ចុះ ១១,៣% មកនៅត្រឹមប្រមាណ ៤៥៩,៦ដុល្លារ ក្នុងមួយតោន។

អ្នកនាំចេញវៀតណាមកំពុងប្រឹងប្រែងធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនជាបណ្តើរៗ បើទោះជាការពឹងផ្អែកលើអ្នកទិញប្រពៃណីនៅតែមានទំហំធំធេងក៏ដោយ៖

  • ប្រទេសហ្វីលីពីន៖ នៅតែរក្សាតំណែងជាទីផ្សារនាំចូលអង្ករវៀតណាមធំជាងគេបំផុត ដោយគ្របដណ្តប់ ៤៥% នៃទំហំនាំចេញសរុប (ទោះបីជាការនាំចេញទៅទីផ្សារនេះបានធ្លាក់ចុះ ៣,៨% ក្តី)។
  • ប្រទេសចិន៖ ឈរនៅលេខរៀងទី២ ដែលមានចំណែកទីផ្សារ ១៩,៤%។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ តម្លៃនៃការនាំចេញអង្ករទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងគំហុកដល់ទៅ ៨៧% ក្នុងរយៈពេល ៥ខែកន្លងមកនេះ។
  • ប្រទេសហ្គាណា៖ ជាទីផ្សារធំទី៣ ដែលមានចំណែក ៨,៥% (តែមានការធ្លាក់ចុះការនាំចូល ២៤,៧%)។

នៅក្នុងខែមិថុនា តម្លៃអង្ករវៀតណាមបានកើនឡើងបន្តិចបន្តួចវិញ ដោយសារក្តីបារម្ភចំពោះបាតុភូត អ៊ែលនីញ៉ូ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការផ្គត់ផ្គង់នាពេលខាងមុខនៅតំបន់អាស៊ី​។ អង្ករបាក់ ៥% របស់វៀតណាមត្រូវបានចរចាក្នុងតម្លៃចន្លោះពី ៤១០ ទៅ ៤១៥ ដុល្លារក្នុងមួយតោន។ ចំណែកឯអង្ករថៃមានតម្លៃខ្ពស់ចន្លោះពី ៤៨០ ទៅ ៥០០ ដុល្លារ។ ការកើនឡើងតម្លៃនេះ បានជំរុញឱ្យអ្នកទិញមួយចំនួន ជាពិសេសនៅតំបន់អាហ្វ្រិក ងាកទៅរកការទិញអង្ករឥណ្ឌាដែលមានតម្លៃទាបជាង គឺប្រហែល ៣៤០ ទៅ ៣៤៦ ដុល្លារក្នុងមួយតោន។

ដើម្បីឆ្លើយតបទៅនឹងស្តង់ដារទីផ្សារអន្តរជាតិដែលកាន់តែតឹងរ៉ឹង និងដើម្បីរក្សាភាពប្រកួតប្រជែង វិស័យស្រូវអង្ករវៀតណាមកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការផលិតដែលមានការបញ្ចេញឧស្ម័នទាប និងការបង្កើតផលិតផលមានតម្លៃខ្ពស់។

ជាមួយនឹងផ្ទៃដីដាំដុះជាង ៧លានហិកតាក្នុងមួយឆ្នាំ ការអនុវត្តដំណោះស្រាយកាត់បន្ថយការបញ្ចេញឧស្ម័ន ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើម បង្កើនគុណភាពគ្រាប់អង្ករ និងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។ លើសពីនេះ ការពង្រឹងនិងពង្រីក សហករណ៍កសិកម្ម ត្រូវបានចាត់ទុកជាគន្លឹះដ៏សំខាន់ ដោយផ្តោតលើការប្រមូលផ្តុំកសិករកាន់តែច្រើន ឱ្យចូលរួមក្នុងតំបន់ផលិតកម្មខ្នាតធំ ដើម្បីពន្លឿនការប្រើប្រាស់គ្រឿងចក្រ និងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពសម្រាប់ថ្ងៃអនាគត៕