More

    គន្លឹះសំខាន់ៗក្នុងការអនុវត្ត​វិធានការជីវសុវត្ថិភាព

    ជីវសុវត្ថិភាពមិនមែនមានន័យត្រឹមតែការបោសសម្អាតទ្រុងនោះទេ ប៉ុន្តែវាគឺជាប្រព័ន្ធការពារសន្តិសុខ​ដើម្បីទប់ស្កាត់មេរោគមិនឱ្យចូលមកក្នុងរោង ឬកសិដ្ឋានចិញ្ចឹម​មាន់​របស់​បងប្អូន​។ ប្រសិនបើកសិដ្ឋានមានជីវសុវត្ថិភាពខ្ពស់ បងប្អូននឹងកាត់បន្ថយការប្រើថ្នាំផ្សះ និងការងាប់មាន់​បានក្នុង​កម្រិត​ខ្ពស់​។

    យោងតាមបទដ្ឋានបច្ចេកទេសរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និង អង្គការ FAO ខាង​ក្រោមនេះគឺជាការអនុវត្តវិធានការ​ជីវសុវត្ថិភាពកម្រិតខ្ពស់ដែលកសិករគួរយល់ដឹង។

    សសរស្តម្ភទាំង ៣ នៃជីវសុវត្ថិភាពកម្រិតខ្ពស់

    ១. ការបែងចែកតំបន់ និងការដាក់ដាច់ដោយឡែក

    នេះគឺជាជំហានសំខាន់បំផុត។ បងប្អូនត្រូវបង្កើតខ្សែបន្ទាត់មរណៈ​សម្រាប់មេរោគ៖

    • តំបន់ស៖ គឺជាបរិវេណក្នុងទ្រុងដែលមានតែអ្នកចិញ្ចឹមប៉ុណ្ណោះដែលអាចចូលបាន។
    • តំបន់ក្រហម៖ គឺជាតំបន់ខាងក្រៅទ្រុង ដែលមនុស្សប្លែកមុខ ឬសត្វដទៃអាចដើរកាត់​បាន​។
    • គំនូសខណ្ឌចែកនៅ​មាត់ទ្វារទ្រុង៖ នៅមាត់ទ្វារទ្រុងត្រូវមានកន្លែងសម្រាប់ប្ដូរស្បែកជើង និងលាងដៃ។ ស្បែកជើងដែលដើរខាងក្រៅ ដាច់ខាតមិនត្រូវពាក់​ដើរចូលក្នុងទ្រុងឡើយ។

    ២. ការសម្អាត

    មេរោគមិនអាចរស់នៅម្នាក់ឯងបានទេ វាលាក់ខ្លួនក្នុងដី លាមក និងធូលី។

    • ត្រូវបោសសម្អាតលាមកមាន់ និងកម្រាលទ្រុងឱ្យបានទៀងទាត់។
    • សម្ភារៈប្រើប្រាស់ (ស្នូកទឹក ស្នូកចំណី) ត្រូវលាងសម្អាតជាមួយសាប៊ូឱ្យបានស្អាតមុននឹងដាក់ឱ្យមាន់ប្រើ។

    ៣. ការសម្លាប់មេរោគ

    បន្ទាប់ពីសម្អាតរួច ត្រូវប្រើថ្នាំសម្លាប់មេរោគដើម្បីកម្ចាត់មេរោគដែលនៅសេសសល់៖

    • ចានថ្នាំលាងជើង៖ ដាក់ថ្នាំសម្លាប់មេរោគនៅមាត់ទ្វារទ្រុង ដើម្បីឱ្យអ្នកចូលទៅក្នុងទ្រុងត្រូវជាន់សម្លាប់មេរោគជាមុន។
    • ការបាញ់ថ្នាំក្នុងទ្រុង៖ បាញ់ថ្នាំសម្លាប់មេរោគជុំវិញទ្រុងយ៉ាងហោចណាស់ ១-២ ដងក្នុងមួយសប្ដាហ៍។

    ការហាមឃាត់សម្រាប់ជីវសុវត្ថិភាពកម្រិតខ្ពស់

    • ហាមមនុស្សប្លែកមុខចូលទ្រុង៖ អ្នកទិញមាន់ ឬអ្នកជិតខាង គឺជាភ្នាក់ងារចម្លងមេរោគពីកសិដ្ឋាន​មួយទៅកសិដ្ឋានមួយទៀតតាមរយៈសម្លៀកបំពាក់​ និងស្បែកជើង។
    • ចត្តាឡីស័ក ២១ ថ្ងៃ៖ រាល់ពេលទិញមាន់ថ្មីចូល បងប្អូនត្រូវដាក់វាឱ្យនៅដាច់ដោយឡែកពីហ្វូងចាស់ក្នុងចម្ងាយយ៉ាងតិច ១០-២០ ម៉ែត្រ រយៈពេល ២១ថ្ងៃ ដើម្បីតាមដានជំងឺ។
    • គ្រប់គ្រងសត្វចម្លង៖ ត្រូវប្រើសំណាញ់បិទបាំងកុំឱ្យចាប ឬសត្វស្លាបព្រៃចូលស៊ីចំណីមាន់ និងប្រើអន្ទាក់កណ្ដុរជុំវិញទ្រុង។

    អគ្គនាយកដ្ឋានសុខភាពសត្វ ចាត់ទុក​ថា​ជីវសុវត្ថិភាពគឺជាលក្ខខណ្ឌអាទិភាពលេខ១​ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពកសិដ្ឋាន។​

    អង្គការ FAO បញ្ជាក់ថាជីវសុវត្ថិភាព គឺជារបាំងការពារដែលមានតម្លៃថោកបំផុត និងមានប្រសិទ្ធភាពបំផុត។ ការវិនិយោគលើចានថ្នាំលាងជើង និងស្បែកជើងកវែងមួយគូ ចំណេញជាងការទិញថ្នាំព្យាបាលមាន់រាប់សិបដង។

    ចំណែក​អង្គការសុខភាពសត្វពិភពលោក (WOAH) ផ្ដល់អំណះអំណាងថា ជំងឺផ្ដាសាយបក្សី ច្រើនតែឆ្លងចូលកសិដ្ឋានតាមរយៈមនុស្សនិងសម្ភារៈកខ្វក់ ច្រើនជាងការឆ្លងពីសត្វទៅសត្វដោយផ្ទាល់។

    បងប្អូន​កសិករ​ត្រូវចាត់ទុកទ្រុងមាន់របស់ខ្លួន​ដូចជាបន្ទប់ផ្ទាល់ខ្លួន​ មិនមែនគ្រប់គ្នាសុទ្ធតែអាចចូលបាន ហើយរាល់ការចូលត្រូវតែស្អាតជានិច្ច។ ចុះបងប្អូន​បាន​អនុវត្ត​វិធានការ​នេះ​ដែរទេ?​

    ដោយ៖ ចាន់ តារា
    ប្រភព៖ FAO / Veterinaria digital