បងប្អូនកសិករខ្លះធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាកូនដំណាំដែលយើងខំថែក្នុងថ្នាលយ៉ាងល្អ បៃតងខ្ចី និងមាំមួន តែដល់ពេលយកទៅដាំក្នុងស្រែ ឬក្នុងចម្ការភ្លាម វាក៏ស្រាប់តែស្រពោន ក្រិន ឬងាប់ទៅវិញ? បាតុភូតនេះមិនមែនជារឿងអាថ៌កំបាំងទេ វាគឺជាប្រតិកម្មក្រោយការដាំដុះ។

១. មូលហេតុពិតដែលធ្វើឱ្យកូនដំណាំមានប្រតិកម្ម
នៅក្នុងថ្នាលបណ្ដុះ ជីវិតកូនដំណាំគឺងាយស្រួលលូតលាស់ជាងនៅខាងក្រៅព្រោះ មានទឹកទៀងទាត់ ដីទន់ ហើយគ្មានខ្យល់បោកបក់ខ្លាំង។ ប៉ុន្តែនៅពេលប្ដូរទៅដាំក្នុងចម្ការ គ្រប់យ៉ាងប្រែប្រួលភ្លាមៗ ដោយត្រូវប៉ះកម្ដៅថ្ងៃ ខ្យល់ និងដីថ្មី។
អ្វីដែលកើតឡើងចំពោះឫស៖ នៅពេលយើងដកកូនដំណាំឫសរោមជញ្ជក់ (ឫសតូចៗបំផុតដែលធ្វើនាទីបឺតទឹក) ងាយនឹងទទួលរងការប៉ះទង្គិច ឬដាច់។ នៅពេលឫសស្រូបទឹកបានតិច តែស្លឹកនៅតែបន្តភាយទឹកចេញក្រោមពន្លឺថ្ងៃ និងខ្យល់ វាក៏បង្កើតឲ្យមានតុល្យភាពមិនស្មើគ្នាដែលធ្វើឱ្យកូនដំណាំស្រពោន។
ចំណាំសម្រាប់អ្នកដាំម្ទេស៖ ប្រសិនបើបងប្អូនបណ្ដោយឱ្យកូនម្ទេសបង្អង់ការលូតលាស់នៅដំណាក់កាលដំបូងនេះ វានឹងមិនអាចស្ដារមកវិញបានពេញលេញឡើយ។ ម្ទេសអាចនឹងរស់ ប៉ុន្តែវានឹងមិនអាចផ្ដល់ផលបានល្អបំផុតដូចអ្វីដែលវាគួរធ្វើបាននោះទេ។

២. ដំណោះស្រាយ ៦ ជំហាន ដើម្បីកាត់បន្ថយប្រតិកម្ម
ដើម្បីឱ្យការប្ដូរកន្លែងដាំដុះទទួលបានជោគជ័យ បងប្អូនគួរអនុវត្តតាមបច្ចេកទេសដូចខាងក្រោម៖
- ជ្រើសរើសកូនដំណាំដែលមាំមួន៖ កូនដំណាំមិនគួរចាស់ពេកទេ។ អាយុដែលល្អបំផុតគឺចន្លោះពី ៤ ទៅ ៦ សប្ដាហ៍ និងត្រូវជ្រើសកូនដែលមានដើមថ្លោស ខ្លី និងបៃតង។ ចៀសវាងកូនដែលខ្ពស់លៃ។
- ត្រៀមដីឱ្យរួចរាល់៖ កុំរង់ចាំដល់ដាំរួចទើបបញ្ចូលទឹក។ ដីត្រូវតែមានសំណើមគ្រប់គ្រាន់រួចជាស្រេច ដើម្បីឱ្យឫសរកឃើញទឹកភ្លាមៗនៅពេលវាចុះទៅក្នុងដី។
- ពេលវេលាគឺជាចំណុចស្លាប់រស់៖ ត្រូវដាំនៅពេលព្រលឹមស្រាងៗ ឬ ពេលល្ងាចត្រជាក់។ ការដាំក្រោមពន្លឺថ្ងៃក្ដៅ គឺដូចជាការបន្ថែមសម្ពាធលើសពីលើសម្ពាធដែលមានស្រាប់លើកូនដំណាំ។
- ថែរក្សាឫសឱ្យបានល្អបំផុត៖ រក្សាដីដែលនៅជាប់ឫសឱ្យនៅដដែល កុំរលាស់ចេញ។ ចៀសវាងទុកឱ្យឫសប៉ះនឹងខ្យល់ ឬថ្ងៃ ទោះបីតែប៉ុន្មាននាទីក៏ដោយ ព្រោះវាអាចធ្វើឱ្យឫសរោមងាប់បាន។
- ស្រោចទឹកភ្លាមៗក្រោយដាំ៖ ក្នុងរយៈពេលពីរបីម៉ោងដំបូង ត្រូវស្រោចទឹកឱ្យជោកដើម្បីឱ្យដីតឹងណែនជុំវិញឫស។ រក្សាសំណើមឱ្យជាប់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃដំបូង។
- កុំទាន់ប្រញាប់ដាក់ជី៖ ទុកពេលឱ្យកូនដំណាំស៊ាំនឹងកន្លែងថ្មីប្រហែល ៥ ទៅ ៧ ថ្ងៃ សិន។ ចៀសវាងការប្រើជីគីមីខ្លាំងៗដែលបង្ខំឱ្យវាលូតលាស់ភ្លាមៗ។ ប្រសិនបើចង់ជួយ អាចប្រើជីសរីរាង្គកម្រិតស្រាលបំផុតបាន។
យោងតាមអ្នកជំនាញកសិកម្ម និងអង្គការ FAO ដំណាក់កាលមួយដែលកសិករច្រើនរំលងគឺការបន្សាំកូនដំណាំ។ មុននឹងយកកូនដំណាំទៅដាំក្នុងចម្ការ គួរដាក់វាឱ្យស៊ាំនឹងពន្លឺថ្ងៃ និងខ្យល់ខាងក្រៅបន្តិចម្ដងៗក្នុងរយៈពេល ១ សប្ដាហ៍។ ការធ្វើបែបនេះនឹងជួយឱ្យស្រទាប់ការពារលើស្លឹកឡើងក្រាស់ និងរឹងមាំ ងាយស្រួលតស៊ូនឹងមជ្ឈដ្ឋានខាងក្រៅ។ប្រសិនបើអាកាសធាតុក្ដៅខ្លាំង បងប្អូនអាចធ្វើដំបូលបណ្ដោះអាសន្នដោយប្រើកម្ទេចស្លឹកឈើ ឬស្បៃមុងដើម្បីបិទបាំងកម្ដៅថ្ងៃខ្លះក្នុងរយៈពេល ២-៣ ថ្ងៃដំបូង។
ការដាំដុះមិនមែនគ្រាន់តែជាការយកកូនឈើទៅដាក់ក្នុងដីនោះទេ ប៉ុន្តែវាគឺជាការជួយជីវិតរុក្ខជាតិឱ្យផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅដោយរលូនបំផុត។ ប្រសិនបើការផ្លាស់ប្ដូរនេះធ្វើឡើងដោយយកចិត្តទុកដាក់ ដំណាំរបស់បងប្អូននឹងមិនបង្អង់ការលូតលាស់ឡើយ។ បើបងប្អូនមានមតិយោបល់អ្វីបន្ថែមសូមចែករំលែកជាមួយកសិ/Kakse៕
ដោយ៖ ចាន់ តារា
ប្រភព៖ FAO / ឯកសារក្រសួងកសិកម្ម
