ហេតុ​អ្វី​ក្រោយ​ដកពី​ថ្នាល​បណ្ដុះ​យកទៅ​ដាំ កូន​ដំណាំខ្លះរស់​ខ្លះងាប់?

បងប្អូនកសិករខ្លះធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាកូនដំណាំដែលយើងខំថែក្នុងថ្នាលយ៉ាងល្អ បៃតងខ្ចី និងមាំមួន តែដល់ពេលយកទៅដាំក្នុងស្រែ ឬក្នុងចម្ការភ្លាម វាក៏ស្រាប់តែស្រពោន ក្រិន ឬងាប់ទៅវិញ? បាតុភូតនេះមិនមែនជារឿងអាថ៌កំបាំងទេ វាគឺជា​​ប្រតិកម្ម​ក្រោយការដាំដុះ​។

១. មូលហេតុពិតដែលធ្វើឱ្យកូនដំណាំ​មាន​ប្រតិកម្ម​

នៅក្នុងថ្នាលបណ្ដុះ ជីវិតកូនដំណាំគឺងាយស្រួល​លូត​លាស់​ជាង​នៅ​ខាង​ក្រៅ​ព្រោះ​ មានទឹកទៀងទាត់ ដីទន់ ហើយគ្មានខ្យល់បោកបក់ខ្លាំង។ ប៉ុន្តែនៅពេលប្ដូរទៅដាំក្នុងចម្ការ គ្រប់យ៉ាងប្រែប្រួលភ្លាមៗ ដោយ​ត្រូវ​ប៉ះ​កម្ដៅថ្ងៃ ខ្យល់ និងដីថ្មី។

អ្វីដែលកើតឡើងចំពោះឫស៖ នៅពេលយើងដកកូនដំណាំឫស​រោមជញ្ជក់​ (ឫសតូចៗបំផុតដែលធ្វើ​នាទី​បឺតទឹក) ងាយនឹងទទួលរងការប៉ះទង្គិច ឬដាច់។ នៅពេលឫសស្រូបទឹកបានតិច តែស្លឹកនៅតែបន្តភាយទឹកចេញក្រោមពន្លឺថ្ងៃ និងខ្យល់ វាក៏បង្កើតឲ្យ​មាន​តុល្យភាពមិនស្មើគ្នាដែលធ្វើឱ្យកូនដំណាំស្រពោន។

ចំណាំសម្រាប់អ្នកដាំម្ទេស៖ ប្រសិនបើបងប្អូនបណ្ដោយឱ្យកូនម្ទេសបង្អង់ការលូតលាស់នៅដំណាក់កាលដំបូងនេះ វានឹងមិនអាចស្ដារមកវិញបានពេញលេញឡើយ។ ម្ទេសអាចនឹងរស់ ប៉ុន្តែវានឹងមិនអាចផ្ដល់ផលបានល្អបំផុតដូចអ្វីដែលវាគួរធ្វើបាននោះទេ។

២. ដំណោះស្រាយ ៦ ជំហាន ដើម្បីកាត់បន្ថយប្រតិកម្ម

ដើម្បីឱ្យការប្ដូរកន្លែងដាំដុះទទួលបានជោគជ័យ បងប្អូនគួរអនុវត្តតាមបច្ចេកទេសដូចខាងក្រោម៖

  • ជ្រើសរើសកូនដំណាំដែលមាំមួន៖ កូនដំណាំមិនគួរចាស់ពេកទេ។ អាយុដែលល្អបំផុតគឺចន្លោះពី ៤ ទៅ ៦ សប្ដាហ៍ និង​ត្រូវជ្រើសកូនដែលមានដើមថ្លោស ខ្លី និងបៃតង។ ចៀសវាងកូនដែលខ្ពស់លៃ។
  • ត្រៀមដីឱ្យរួចរាល់៖ កុំរង់ចាំដល់ដាំរួចទើបបញ្ចូលទឹក។ ដីត្រូវតែមានសំណើមគ្រប់​គ្រាន់​រួចជាស្រេច ដើម្បីឱ្យឫសរកឃើញទឹកភ្លាមៗនៅពេលវាចុះទៅក្នុងដី។
  • ពេលវេលាគឺជាចំណុចស្លាប់រស់៖ ត្រូវដាំនៅ​ពេលព្រលឹមស្រាងៗ ឬ ពេលល្ងាចត្រជាក់។ ការដាំក្រោមពន្លឺថ្ងៃក្ដៅ គឺដូចជាការបន្ថែមសម្ពាធលើសពីលើសម្ពាធដែលមានស្រាប់លើកូនដំណាំ។
  • ថែរក្សាឫសឱ្យបានល្អបំផុត៖ រក្សាដីដែលនៅជាប់ឫសឱ្យនៅដដែល កុំរលាស់ចេញ។ ចៀសវាងទុកឱ្យឫសប៉ះនឹងខ្យល់ ឬថ្ងៃ ទោះបីតែប៉ុន្មាននាទីក៏ដោយ ព្រោះវាអាចធ្វើឱ្យឫសរោមងាប់បាន។
  • ស្រោចទឹកភ្លាមៗក្រោយដាំ៖ ក្នុងរយៈពេលពីរបីម៉ោងដំបូង ត្រូវស្រោចទឹកឱ្យជោកដើម្បីឱ្យដីតឹងណែនជុំវិញឫស។ រក្សាសំណើមឱ្យជាប់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃដំបូង។
  • កុំទាន់ប្រញាប់ដាក់ជី៖ ទុកពេលឱ្យកូនដំណាំស៊ាំនឹងកន្លែងថ្មីប្រហែល ៥ ទៅ ៧ ថ្ងៃ សិន។ ចៀសវាងការប្រើជីគីមីខ្លាំងៗដែលបង្ខំឱ្យវាលូតលាស់ភ្លាមៗ។ ប្រសិនបើចង់ជួយ អាចប្រើជីសរីរាង្គកម្រិតស្រាលបំផុតបាន។

យោងតាមអ្នកជំនាញកសិកម្ម និងអង្គការ FAO ដំណាក់កាលមួយដែលកសិករច្រើនរំលងគឺការបន្សាំកូនដំណាំ។ មុននឹងយកកូនដំណាំទៅដាំក្នុងចម្ការ គួរដាក់វាឱ្យស៊ាំនឹងពន្លឺថ្ងៃ និងខ្យល់ខាងក្រៅបន្តិចម្ដងៗក្នុងរយៈពេល ១ សប្ដាហ៍។ ការធ្វើបែបនេះនឹងជួយឱ្យស្រទាប់ការពារលើស្លឹកឡើងក្រាស់ និងរឹងមាំ ងាយស្រួលតស៊ូនឹងមជ្ឈដ្ឋានខាងក្រៅ។ប្រសិនបើអាកាសធាតុក្ដៅខ្លាំង បងប្អូនអាចធ្វើដំបូល​បណ្ដោះអាសន្នដោយប្រើកម្ទេចស្លឹកឈើ ឬស្បៃមុងដើម្បីបិទបាំងកម្ដៅថ្ងៃខ្លះក្នុងរយៈពេល ២-៣ ថ្ងៃដំបូង។

ការដាំដុះមិនមែនគ្រាន់តែជាការយកកូនឈើទៅដាក់ក្នុងដីនោះទេ ប៉ុន្តែវាគឺជាការជួយជីវិតរុក្ខជាតិឱ្យផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅដោយរលូនបំផុត។ ប្រសិនបើការផ្លាស់ប្ដូរនេះធ្វើឡើងដោយយកចិត្តទុកដាក់ ដំណាំរបស់បងប្អូននឹងមិនបង្អង់ការលូតលាស់ឡើយ។ បើ​បងប្អូន​មាន​មតិយោបល់អ្វី​បន្ថែម​សូម​ចែក​រំលែក​ជាមួយ​កសិ/Kakse៕​

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / ឯកសារក្រសួងកសិកម្ម